នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសករណីជាសះស្បើយចំនួន១នាក់ទៀតហើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសករណីជាសះស្បើយ ចំនួន១នាក់ និងមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០នេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំរស់នៅភូមិរកាពប្រាំ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំជាសិស្សដែលបានធ្វើត្រឡប់មកពីប្រទេសថៃឆ្លងកាត់ ច្រកព្រំដែនអូរបីជាន់ចូលមកក្នុងខេត្តបន្ទាយមានជ័យដែលត្រូវបានជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង ។
បច្ចុប្បន្នបុរសរូបនេះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបូរី នៃខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៤នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និង បុរសជនជាតិខ្មែរ-បារាំងម្នាក់ទៀត ដែលបានវិលត្រឡប់មកពីប្រទេសបារាំង៕
ដោយ៖ នូ វិរៈ