អត្ថប្រយោជន៍ធំៗ ៤ នៃការបណ្ដុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក
ក្នុងដំណើរការអាជីវកម្មមួយ ការជ្រើសរើសបុគ្គលិកមកជួយបំពេញការងារឲ្យអង្គភាពជារឿងសំខាន់ព្រោះអ្នកមិនអាចដំណើរការអ្វីៗដោយខ្លួនឯងបានសព្វគ្រប់ទាំងអស់ឡើយ។ ជាមួយគ្នានេះដែរ បើអ្នកចង់សម្រេចបានលទ្ធផលការងារអាជីវកម្មរបស់អ្នកល្អ នោះអ្នកត្រូវបង្កើនការពង្រឹងសមត្ថភាពបុគ្គលិកអ្នកឲ្យបានកាន់តែខ្លាំងដែរ។
ការបណ្ដុះបណ្តាលបុគ្គលិកជារឿងមួយចាំបាច់ដែលអង្គភាពអាជីវកម្ម ឬស្ថាប័នមួយត្រូវធ្វើដើម្បីមានលទ្ធភាបគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារ ហើយខាងក្រោមនេះជាហេតុផលសំខាន់ដែលអ្នកត្រូវធ្វើការបណ្ដុះបណ្តាលបុគ្គលិកអ្នក៖
១) ជាឱកាសដែលអង្គភាពឬស្ថាប័នបង្កើនផលិតភាពការងារ
ចាប់ផ្តើមការងារនៅក្រុមហ៊ុនថ្មីមួយ អ្វីដែលអ្នកត្រូវធ្វើគឺចំណាយពេលដើម្បីសិក្សាពីការងារនៅកន្លែងថ្មីទោះបីអ្នកធ្លាប់មានបទពិសោធន៍ការងារនោះពីមុនក៏ដោយ ព្រោះកន្លែងថ្មីអ្វីៗមិនអាចដូចកន្លែងចាស់បានទេ។ ស្របពេលជាមួយគ្នានោះផងដែរសហគ្រិនដែលជួលបុគ្គលិកឲ្យមកបម្រើការងារ ឬអ្នកគ្រប់គ្រងចាំបាច់ត្រូវធ្វើការបណ្ដុះបណ្តាលជំនាញដល់បុគ្គលិក ដើម្បីឲ្យគេអាចស្គាល់ក្រុមហ៊ុនបានកាន់តែច្បាស់។ ដោយឡែកបុគ្គលិកចាស់ការចណ្ដុះបណ្តាលសំខាន់ព្រោះ ពួកគេចាំបាច់ត្រូវទទួលបានចំណេះដឹងថ្មីៗ ការវិវត្តិថ្មីៗដើម្បីបន្តការដំណើរការអភិវឌ្ឍជីវិតអាជីវកម្ម។
២) ការបណ្ដុះបណ្តាលជួយឲ្យបុគ្គលិកនៅបម្រើការងារក្នុងក្រុមហ៊ុនបានយូរ
លោកស្រី Tamara Rosin ជា Managing editor Walk Me បានឲ្យដឹងថា “ឥទ្ធិពលនៃការបណ្ដុះបណ្ដាលបុគ្គលិកគឺត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងកម្រិតនៃការចូលរួមរបស់ពួកគេ”។ បើពួកគេធ្វើការងាររយៈពេលយូរហើយ តែនៅបន្តធ្វើការងារដោយភ្ជាប់ជាមួយចំណេះដឹងដដែលគ្មានអ្វីរីកចម្រើន នោះមិនយូរមិនឆាប់ពួកគេនឹងលាឈប់ ហើយទៅរកកន្លែងថ្មីដែលមានឱកាសរៀនសូត្របានច្រើនជាងនេះ។
៣) វារួមចំណែកក្នុងការរក្សា និងឲ្យតម្លៃបុគ្គលិក
នៅពេលដែលបុគ្គលិកអាចរៀនសូត្រចំណេះដឹងបន្ថែមថ្មីៗកាន់តែច្រើន បុគ្គលិកកានតែមានអារម្មណ៍ថាស្រលាញ់ស្ថាប័នព្រោះស្ថាប័នឲ្យតម្លៃពួកគេ ផ្ដល់ចំណេះដឹងយ៉ាងច្រើនដល់ពួកគេ ហើយគេនឹងបន្តដំណើរ ក៏ដូចជាបន្តបេសកកម្មជាមួយក្រុមហ៊ុនបានយូរអង្វែង។
៤) ក្រុមហ៊ុននឹងទទួលបានលទ្ធផលយូរអង្វែង
នៅពេលអ្នកចំណាយពេល និងចំណាយធនធានក្នុងការបណ្ដុះបណ្ដាលបុគ្គលិក អ្នកនឹងទទួលបានអត្ថប្រយោជន៍រយៈពេលវែងព្រោះបុគ្គលិកអ្នកសុទ្ធតែជាធនធានដ៏ប្រសើរសម្រាប់ក្រុមហ៊ុន ពួកគេជាធនធានក្នុងការអភិវឌ្ឍក្រុមហ៊ុនអ្នកឲ្យដើរទៅរកគោលដៅដែលបានកំណត់ ហើយការដើរទៅរកគោលដៅនោះគឺឆាប់រហ័សទៀត។ ក្រោយពេលបុគ្គលិកមានចំណេះដឹងពួកគេអាចបង្កើនផលិតភាពការងារបានច្រើនជាងមុន ពួកគេពេញចិត្តនឹងចូលរួមគ្រប់សកម្មភាពក្រុមហ៊ុនដើម្បីអាចរីកចម្រើនទាំងអស់គ្នា។ កាលណាគេអាចមានឱកាសរីកចម្រើនពួកគេយល់ថា ពួកគេទទួលបានអត្ថប្រយោជន៍ច្រើនលើសពីប្រាក់ខែ វាជាកត្តានាំឲ្យគេខិតខំបន្ថែមក្នុងការព្យាយាមអភិវឌ្ឍក្រុមហ៊ុន និងបន្តនៅជាមួយក្រុមហ៊ុនបានយូរ ពេលនោះដែរអ្នកនឹងមិនសូវខ្វាយខ្វល់ច្រើនលើការជ្រើសរើសបុគ្គលិកថ្មី ដែលវាចំណាយពេល និងចំណាយធនធានច្រើន៕
ដោយ៖ យ៉ាយ៉ា