អាញស្ដាញ៖ «ពេលខ្ញុំរៀនកាន់តែច្រើន ខ្ញុំកាន់តែដឹងថាខ្ញុំមិនដឹង»​



ជាមនុស្សត្រូវការការរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍខ្លួននិងបង្កើតបាននូវអ្វីគ្រប់យ៉ាងដែលបន្សល់ទូកដូចសព្វថ្ងៃ។ ចំណេះដឹងដឹងប្រៀបបានដូចនឹងខ្យល់អុកស៊ីសែនដែលមនុស្សត្រូវស្រូបបញ្ចូលសួតជាប្រចាំដើម្បីទ្រទ្រង់រូបរាងកាយ។ ហើយការរៀនសូត្រនេះទៀតសោតមិនប្រកាន់វ័យ អាយុចាស់ក្មេងនោះឡើយ ឲ្យតែប្រឹងប្រែង ព្យាយាមដាក់ខ្លួនរៀនសូត្រ អ្វីក៏អាចរៀនបានដែរ។ នៅពេលរៀនសូត្រយល់ដឹងកាន់តែច្រើន មនុស្សនឹងចាប់ផ្ដើមដឹងថានៅលើលោកនេះមានរបស់ច្រើនណាស់ដែលខ្លួននៅមិនទាន់ចេះ មិនទាន់ដឹង ខ្លួនមើលមិនឃើញ។

លោក អាល់ប៊ឺត អាញស្ដាញ ទស្សនវិទូសម័យទំនើប ធ្លាប់បានមានប្រសាសន៍ថា៖ «ពេលខ្ញុំរៀនកាន់តែច្រើន ខ្ញុំកាន់តែដឹងថាខ្ញុំមិនដឹង»។ នេះមានន័យថាចំណេះដឹង ការរៀនសូត្រប្រៀបដូចចំណីអាហារ ដែលយើងត្រូវបរិភោគប្រចាំថ្ងៃ នៅពេលយើងហូបច្រើន យើងកាន់តែឃ្លាន។ មនុស្សដែលជាអ្នករៀនសូត្រពិត មិនដែលអួតថាខ្លួនចេះនោះឡើយ ពីព្រោះគេដឹងថានៅលើលោកនេះគ្មាននរណាម្នាក់ចេះសព្វគ្រប់ ល្អឥតខ្ចោះ គ្រប់១០នោះឡើយ។ ពួកគេតែងដាក់ខ្លួនស្រូបចំណេះ និងមិនដែលអួតអាងថាខ្លួនចេះ ខ្លួនអ្នកប្រាជ ខ្លួនអស្ចារ្យនៅលើលោកនោះឡើយ។

ដោយឡែក មនុស្សដែលមិនសូវរៀនសូត្របើកគំនិតទទួលយកការគំនិតអ្នកដទៃវិញគេចាត់ទុកខ្លួនគេប្រៀបដូចព្រះថាខ្លួនចេះគ្រប់យ៉ាង ដឹងគ្រប់រឿង អួតក្អេងក្អាង ដោយមិនសូវទទួលយកនិងរៀនសូត្របន្ថែមនោះឡើយ។ ប្រសិនបើឲ្យមានគេចែករំលែកគំនិត យោបល់ មនុស្សប្រភេទនេះតែងតែគិតថាគំនិតអ្នកដទៃមិនខ្មេះ មិនល្អ មិនកើត មិនបានស្មើគំនិតរបស់ខ្លួន។ មនុស្សជំពូកនេះ គ្មានថ្ងៃរីកចម្រើនទៅថ្ងៃមុខនោះឡើយ ហើយកុំនៅក្បែរមនុស្សបែបនេះពេក៕

អាញស្ដាញ៖ «នៅពេលអ្នកឈប់រៀនសូត្រ នោះមានន័យថាអ្នកកំពុងតែស្លាប់»។
សូក្រាត៖ «គតិបណ្ឌិតពិតគឺការដឹងថាអ្នកមិនដឹងអ្វីគ្រប់យ៉ាង»។

អត្ថបទដោយ៖ លង់ វណ្ណៈ 

X
5s