UN៖ វិបត្តិសុខភាពផ្លូវចិត្តកំពុងកើនឡើងដោយសារកូវីដ១៩​



វិបត្តិជំងឺផ្លូវចិត្តកំពុងកើនឡើងខណៈមនុស្សរាប់លាននាក់កំពុងប្រឈមមុខនឹងជំងឺកូវីដ១៩ ដែលបង្ខំឲ្យពួកគេត្រូវឃុំខ្លួន ការដាច់ឆ្ងាយពីសង្គម ភាពក្រីក្រ និងភាពភ័យព្រួយ។ នេះបើយោងតាមអ្នកជំនាញអង្គការសហប្រជាជាតិ។

លោកស្រី  Devora Kestel ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ការឃ្លាតខ្លួនពីសង្គម ការភ័យខ្លាច ភាពមិនច្បាស់លាស់ និងព្រួយបារម្ភបញ្ហាសេដ្ឋកិច្ច សុទ្ធតែអាចបង្កឲ្យមានភាពតានតឹងផ្លូវអារម្មណ៍។

លោកស្រី Devora បានមានប្រសាសន៍បន្តទៀតថា៖ «សុខភាពផ្លូវចិត្តនិងសុខុមាលភាពនៃសង្គមទាំងមូលត្រូវបានទទួលផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ និងវាជារឿងដែលត្រូវដោះស្រាយជាបន្ទាន់»។

ក្នុងរបាយការណ៍របស់ UN នោះបានបង្ហាញនូវក្រុមមនុស្សមួយចំនួនដែលងាយប្រឈមចំពោះបញ្ហានេះដូចជាកុមារ យុវជនវ័យក្មេងដែលត្រូវបែកពីមិត្តភក្ដិ សាលា បុគ្គលិកពេទ្យដែលឃើញចំនួនការកើនឡើងនៃអ្នកឆ្លងជំងឺកូវីដនិងអ្នកស្លាប់ដោយសារជំងឺនេះ។

ជាគ្នានេះដែរកាសែត Reuters ក៏បានចុះផ្សាយកាលពីសប្ដាហ៍មុនដោយបានធ្វើការសម្ភាសបុគ្កលិកពេទ្យមានវេជ្ជបណ្ឌិត និងគ្រូពេទ្យក្នងសហរដ្ឋអាមេរិកដែលបាននិយាយថាពួកគេ និងក្រុមការងាររបស់ពួកគេមានភាពភ័យខ្លាច ការព្រួយបារម្ភខ្លាំង ការស្ពឹក ឆាប់ខឹង ការដេកមិនលក់ និងសុបិនអាក្រក់ពេលយប់ជាដើម។ 

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថាក្រៅពីវិស័យសុខាភិបាលមនុស្សជាច្រើនកំពុងមានបញ្ហាព្រួយភ័យដោយសារការប៉ះពាល់សុខភាពភ្លាមៗ និងដោយសារការដាក់ដាច់ខ្លួនពីសង្គម និងមនុស្សជាច្រើនទៀតភ័យខ្លាចដោយសារការឆ្លង ការស្លាប់ និងការបាត់បង់សមាជិកគ្រួសារជាដើម។

WHO បានបន្ថែមទៀតថា មនុស្សជាច្រើនកំពុជួយបញ្ហាសេដ្ឋកិច្ច បាត់បង់ការងារ ប្រាក់ចំណូល ការទទួលបានព័ត៌មានមិនពិត និងពាក្យចចាមរាមពីជំងឺកូវីដ១៩។

អង្គការនេះក៏បានដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីជួយកាត់បន្ថយការរងផលប៉ះពាល់ទៅដល់មនុស្សរាប់លាននាក់ដូចជាការផ្ដល់ជំនួយសុខភាពផ្លូវចិត្តបន្ទាន់ តាមរយៈការវិធីជួយទៅដល់បុគ្គលិកពេទ្យជួរមុខ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយមនុស្សមានបញ្ហាផ្លូវចិត្ត មនុស្សដែលប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារជាដើម៕

ដោយ៖ លង់ វណ្ណៈ

X
5s