ចង់បានការងារល្អ ទាល់តែត្រៀមរឿងទាំង ៩ យ៉ាងនេះក្នុងការសម្ភាសន៍ឲ្យបានល្អ
ការសម្ភាសន៍ការងារជារឿងសំខាន់មួយសម្រាប់ចាប់ផ្តើមអាជីព វាជារឿងដំបូងមួយដែលដែលយើងគ្រប់គ្នាត្រូវរៀបចំត្រៀមទុកមុនឲ្យបានល្អបំផុត។
ពិតណាស់ថា នរណាក៏តែងមានភាពភ័យខ្លាចក្នុងការសម្ភាសន៍ដែរ តែបើយើងបានត្រៀមខ្លួនរួចរាល់ជាមុនជឿថាភាពភ័យខ្លាចក៏នឹងត្រូវកាត់បន្ថយយ៉ាងហោចណាស់ក៏ ៣០% ដែរ។ តើយើងត្រូវត្រៀមអ្វីខ្លះមុនពេលទៅសម្ភាសន៍ការងារ? តោះទៅមើលការត្រៀមបែបលម្អិតខាងក្រោម៖
បន្ទាប់ពីអ្នកផ្ញើរប្រវត្តិរូបទៅកាន់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យចង់ធ្វើការ
១) សិក្សាពីការសម្ភាសន៍របស់អ្នកឲ្យដូចជាមើលមេរៀនត្រៀមប្រលងបញ្ចប់ថ្នាក់
ក) ស្វែងរកព័ត៌មានពីក្រុមហ៊ុន ឬអង្គភាពហើយព្យាយាមចងចាំវាឲ្យបានល្អ
ខ) បើអ្នកដឹងថាការសម្ភាសន៍មានភ្ជាប់ដោយការធ្វើតេស្តសាកល្បង ត្រូវព្យាយាមរំឮកមេរៀនទាក់ទងឡើងវិញ និងអ្វីៗដែលអ្នកគិតថាទាក់ទងខ្លាំងជាមួយការសម្ភាសន៍
២) ត្រៀមជាមុននូវចម្លើយសម្រាប់សំណួរដែលអ្នកគិតថាវាមានសក្តានុពល និងមានភាគរយច្រើនដែលគេអាចនឹងសួរ
ក) វាអាចជាការព្យាករណ៍ទុករបស់អ្នក ហើយក៏អាចជាបទពិសោធន៍ដែលអ្នកធ្លាប់បានឆ្លងកាត់នូវសំណួរទាំងអស់នោះទាក់ទងជំនាញដែលអ្នកដាក់ពាក្យ
ខ) អ្នកអាចយកបទពិសោធន៍ពីអ្នកដទៃដែលធ្វើការនៅទីនោះ អ្នកនៅក្រុមហ៊ុនផ្សេងដែលធ្លាប់សម្ភាសន៍មុខតំណែងមួយនោះថាគេធ្លាប់ជួបសំណួរបែបណាខ្លះ
៣៦ ម៉ោងមុនពេលសម្ភាសន៍
៣) សរសេរចេញរាល់ចម្លើយនៃសំណួរទាំងអស់ដែលអ្នកគិតទុក អនុវត្តវាហាត់ឆ្លើយវាឲ្យបានឮៗ
ពិតណាស់ថា អ្នកមិនអាចចាំបានរាល់ចម្លើយទេទាំងអស់ទេ តែពេលអ្នកសរសេរវាផ្ទាល់ដៃអ្នកអាចអ្នកប្រាកដជាអាចដឹងបានពាក្យគន្លឹះក្នុងចម្លើយនីមួយៗ ហើយអ្នកក៏នឹងព្យាយាមទន្ទេញវាម្តងហើយម្តងទៀតដែរ ធ្វើបែបនេះអ្នកអាចនឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។
៤) ប្រៀបធៀបជំនាញនិងបទពិសោធន៍របស់អ្នកជាមួយនឹង job description
ប្រៀបធៀបគ្នាមើលថា ជំនាញនិងបទពិសោធន៍អ្នកវាស៊ីគ្នាទៅនឹង job description នៃការងារដែលអ្នកបានដាក់ពាក្យប៉ុន្មានភាគរយ។ បើគ្មានអ្វីទាក់ទងគ្នាទេ តើអ្នកមានអ្វីដែលគិតថាសក្តិសមនឹងធ្វើការងារមួយនោះក្រៅពីចិត្តមួយដែលចាប់អារម្មណ៍ចង់ធ្វើការងារ ហើយវាអាចទាក់ទាញឲ្យអ្នកមានឱកាសទទួលបានការងារនោះ ដែរឬទេ?
១២ ទៅ ២៤ ម៉ោងមុនពេលសម្ភាសន៍
៥) សម្រាកឲ្យបានគ្រប់គ្រាន់ និងប្រាកដថាសុខភាពអ្នកមិនមានបញ្ហាទេក្នុងថ្ងៃសំខាន់នោះ
២៤ ម៉ោងគឺពេលតែមួយថ្ងៃមួយយប់ទេ ដូច្នេះអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ រៀបចំខ្លួនឲ្យបានល្អ ញ៉ាំឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមិនប៉ះពាល់ដល់សុខភាព។ បើអ្នកមានអារម្មណ៍ថាភ័យ ដកដង្ហើមឲ្យវែងៗ សម្រួលអារម្មណ៍ ធ្វើសម្មាធិបន្តិចដើម្បីឲ្យអារម្មណ៍បានធូរស្បើយ។
៣ ទៅ ៦ម៉ោងមុនពេលសម្ភាសន៍
៦) អ្នកប្រាកដចិត្តថាសំលៀកបំពាក់របស់អ្នកបានត្រៀមរួចរាល់
ប្រើប្រាស់ និងជ្រើសរើសសំលៀកបំពាក់សមរម្យមិនឡូយឆាយពេក មិនអន់ហួសពេក ហើយក៏មិនបង្កជាការទើសចិត្តដល់អ្នកសម្ភាសន៍ និយាយជារួមគឺសំលៀកបំពាក់ធ្វើការ។ បើមិនដឹងច្បាស់ថាក្រុមហ៊ុននោះ តម្រូវសំលៀកបំពាក់បែបណា អ្នកអាចធ្វើការសាកសួរអ្នកដែលត្រូវសម្ភាសន៍ជាមុនសិនព្រោះវាមិនចាត់ទុកថាជាកំហុសឆ្គងឡើយសម្រាប់សំណួរបែបនេះ។ ពេលដែលអ្នករៀបចំខ្លួន (ការស្លៀកពាក់) បានល្អអ្នកត្រូវបានគេវាយតម្លៃលើការតុបតែងខ្លួនមួយបាត់ទៅហើយ ហើយវាក៏បង្កើនទំនុកចិត្តដល់ខ្លួនអ្នកក្នុងពេលសម្ភាសន៍ដូចគ្នា។
៧) ផ្តល់អំណាច និងកំលាំងដល់ខ្លួនឯង
មានន័យថាបង្រៀនខ្លួនឯងពីការស្វាគមន៍ គារវៈកិច្ច ការសំពះ ការចាប់ដៃ ការប្រើពាក្យពេចន៍និយាយស្តី និងកាយវិការ ស្តែងចេញពីភាពរឹងមាំក្លាហានមិនចុះចាញ់របស់អ្នក។ លើកទឹកចិត្តខ្លួនឯងជានិច្ចថា “ខ្ញុំធ្វើបាន ហើយនឹងធ្វើឲ្យបានល្អអស់ពីលទ្ធភាព”។
ទោះជាយ៉ាងណាត្រូវភ្ជាប់ជាមួយការស្រមៃមួយថា ប្រសិនបើអ្នកមិនអាចទទួលបានការងារនោះអ្នកនឹងខូចចិត្តប៉ុណ្ណា នេះមិនមែនបង្អាក់ទឹកចិត្តខ្លួនឯងទេវាជាការដាស់តឿនខ្លួនឯងថា អ្នកនឹងទទួលបានមេរៀន និងបទពិសោធន៍អ្វីខ្លះពីការសម្ភាសន៍នេះ ធ្វើបែបនេះក៏ដើម្បីលើកទឹកចិត្តឲ្យខ្លួនឯងខិតខំដែរ។
៨) កុំយកអ្វីដែលមិនចាំបាច់មកតាមខ្លួនច្រើនពេក
វាមិនជាប៉ះពាល់អ្វីធ្ងន់ធ្ងរទេ តែបើអ្នកយករបស់របរដែលគ្មានប្រយោជន៍ពាក់ព័ន្ធនឹងការសម្ភាសន៍វាអាចធ្វើឲ្យអ្នកច្រលំចុះឡើង ហើយបាត់របស់នោះក៏ថាបានព្រោះពេលនោះដឹងច្បាស់ណាស់ថាអារម្មណ៍អ្នកកំពុងជ្រួលច្របល់។
អំឡុងពេលសម្ភាសន៍
៩) ទុកការសម្ភាសន៍ជាមេរៀន
ក្នុងពេលសម្ភាសន៍ ឬបន្ទាប់ពីសម្ភាសន៍រួច យកពេល ២ ទៅ ៣ នាទី កត់ត្រាបន្តិចថាអ្នកនឹងមានអារម្មណ៍បែបណា អ្នកទទួលបានសំណួរអ្វីខ្លះ មានការសាកល្បងអ្វីខ្លះមកលើអ្នក តើវាខុសពីការសម្ភាសន៍ដែលអ្នកធ្លាប់ជួបពីមុនមកទេ។ ទុកអ្វីទាំងអស់នេះជាមេរៀនសម្រាប់ខ្លួនឯងថា ការសម្ភាសន៍នេះផ្តល់តម្លៃយ៉ាងណាដល់អ្នក។
៦ ទៅ ១២ ម៉ោងក្រោយការសម្ភាសន៍
អ្នកអាចទូរស័ព្ទទៅក្រុមហ៊ុនដើម្បីបញ្ជាក់ថា អ្នកអាចនឹងទទួលបានដំណឹងពីការផ្តល់ការងារក្នុងរយៈពេលកំណត់មួយថា ៣ថ្ងៃក្រោយ ឬរង់ចាំដល់មួយសប្តាហ៍។ តែត្រូវចាំថា អ្នកមិនត្រូវទូរស័ព្ទទៅគេរាល់ថ្ងៃដើម្បីរំអុកចង់ដឹងពីលទ្ធផលដែរ ព្រោះអ្នកអាចនឹងត្រូវគេជំរុះបើអ្នកធ្វើបែបនេះ ទោះបីអ្នកជាប់ស្ថាពររួចហើយក៏ដោយ។ ទោះបីជាអ្នកត្រូវបានគេប្រាប់មកវិញថា អ្នកមិនបានជាប់ក្នុងការសម្ភាសន៍នេះទេក៏អ្នកត្រូវបង្ហាញឲ្យគេឃើញថាអ្នកនៅតែចាប់អារម្មណ៍ការងារមួយនោះ ហើយបើមានឱកាសលើកក្រោយអ្នកអាចនឹងក្លាយជាបេក្ខជនដែលអាចមានចំណាប់អារម្មណ៍ពីក្រុមហ៊ុន៕
ដោយ៖ យ៉ាយ៉ា