«លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» អភិក្រមម៉ឺងម៉ាត់ក្នុងយុទ្ធនាការដោះស្រាយកកស្ទះសំណុំរឿងតុលាការ
អភិក្រមចំនួនពីរសំខាន់ៗ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ត្រូវបានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញ ដើម្បីអនុវត្តវិធានការនេះ ឲ្យមានភាពម៉ឺងម៉ាត់ ត្រឹមត្រូវ និងតាមច្បាប់។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសន្និសីទព័ត៌មាន ស្តីពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ។
ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ចំពោះអភិក្រមទីមួយ គឹការដោះស្រាយរឿងក្តីទាំងអស់ដែលកកស្ទះ គឺត្រូវធ្វើឡើងដោយផ្អែកទៅតាមច្បាប់ ភាពត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ទាំងអស់។
ឯកឧត្តម បានបញ្ជាក់ជូនបន្ថែមថា ៖ «មិនមែនមានន័យថា យុទ្ធនាការដាក់ទៅភ្លាម សម្រេចដោយមិនមានភាពយុត្តិធម៌ ដោយមិនត្រឹមត្រូវតាមច្បាប់ គឺអត់បានទេ គឺត្រូវធ្វើតាមច្បាប់ទាំងអស់។ ដោយផ្អែកតាមមូលដ្ឋានច្បាប់នេះហើយ ក្រសួងយុត្តិធម៌មិនជ្រៀងជ្រែកចំពោះការសម្រេចក្តីរបស់ចៅក្រម ដែលជាអំណាចឯករាជ្យ ឆន្ទានុសិទ្ធិរបស់គាត់ប្រើចុះ ប៉ុន្តែវាជាសិទ្ធិអំណាចមួយដែលគាត់ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមច្បាប់»។
ចំពោះអភិក្រមទីពីរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា ៖ «អភិក្រមទី២ យុទ្ធនាការនេះដាក់ចេញ ក្រុមការងារទាំង៤ និងសាលាដំបូងរាជធានី-ខេត្ត ត្រូវប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍ដ៏ធំមួយ ដើម្បីចៀសវាងឲ្យបាននូវស្ថានភាព ត្រីងៀតឆ្លៀតពង។ មានន័យថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សុច្ចរិត ស្មោះត្រង់ និងមិនពុករលួយ»។
ជាមួយគ្នាដែរ ឯកឧត្តមបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ផ្អែកលើអភិក្រមទាំងពីរនេះ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានលះបង់ពេលវេលារបស់ខ្លួន និងចូលរួមអនុវត្តយុទ្ធនាការទទួលបានលទ្ធផលល្អ នោះគុណសម្បត្តិរបស់គាត់ នឹងទទួលបានការគោរព និងកត់ត្រាទុក។ ផ្ទុយទៅវិញ ចៅក្រម និងព្រះរាជអាជ្ញា ឬ ក្រឡាបញ្ជី ដោយប្រព្រឹត្តការងារធ្វេសប្រហែសណាមួយ និងបានប្រព្រឹត្តដោយខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នឹងត្រូវកត់ត្រាទុកជាកំហុស ដែលត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតជាមួយការទទួលខុសត្រូវ ទាំងផ្នែកវិជ្ជាជីវៈ និងផ្នែកផ្លូវច្បាប់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានប្រសាសន៍ថា អភិក្រមទាំងពីរនឹង គឹអាចវេចខ្ចប់ពាក្យ ៤ ម៉ាត់ ដែល ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងនៅក្នុងជំនួបជាមួយក្រសួងយុត្តិធម៌ កាលពីថ្មីៗ ថា លឿន ត្រឹមត្រូវ យុត្តិធម៌ គឺជាអាភិក្រមទី ១ មានន័យថាតាមច្បាប់ និងមិនពុករលួយ គឺជាកាតព្វកិច្ច របស់អង្គភាពប្រឆាំងអំពើពុករលួយ។
សូមជម្រាបផងដែរថា បច្ចុប្បន្នសំណុំរឿងនៅតាមសាលារាជធានី ខេត្តមានការកកស្ទះជាច្រើន ហើយក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការថ្មីមួយ ដើម្បីដឹកនាំ យុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ខណៈអ្នកជាប់ ឃុំ នៅតាមពន្ធនាគារ កំពុងមានភាពចង្អៀតណែន ពិសេសអ្នកជាប់ឃុំរឿងគ្រឿងញៀន។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នឹងចាប់ផ្តើមពី ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ តទៅ៕
ដោយ៖ នូ វិរៈ