ភាព​ភ័យខ្លាច​ចំនួន ៦ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ហ៊ាន​ចេញ​រកស៊ី​



ពាក្យ​មួយ​ឃ្លា​​​ធ្លាប់​ត្រូវ​បាន​គេ​និយាយ​ថា ជីវិត​ខ្លី​ណាស់​ ប្រើ​ពេលវេលា​ឲ្យ​នៅ​សេសសល់​ឲ្យ​មានន័យ​បំផុត។ វា​អាច​អនុវត្ត​បាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ ក៏ប៉ុន្តែ​មាន​​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​បាន​រស់​នៅ​ជាមួយ​ទស្សនៈ​មួយ​នេះ។ ​ បើ​អ្នក​សួរ​ថា ហេតុ​អ្វី? ចម្លើយ​គឺ​ដោយសារតែ​មនុស្ស​ទាំង​នោះ​ភ័យខ្លាច​ពេក​ក្នុង​ការ​ស្វែងរក​ក្តី​សុបិន្ត​របស់​ពួកគេ។ នៅ​ក្នុង​ការ​រកស៊ី​ វា​ក៏​មិន​ខុស​គ្នា​ដែរ។ មនុស្ស​ជា​ច្រើន​តែង​ស្រមៃ​ចង់​រកស៊ី ក៏ប៉ុន្តែ​ការ​ពិត​មានតែ​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​ហ៊ាន​ប្រថុយប្រថាន​រកស៊ី ហើយ​សម្រេច​គោលដៅ​របស់​ពួកគេ។ 

ជា​ទូទៅ អ្នក​ដែល​បោះបង់​ក្តី​សុបិន​​ធ្វើ​ជា​អ្នក​រកស៊ី​ទាំង​នោះ ភាគច្រើន​​​ភ័យខ្លាច​ដោយសារតែ​​ហេតុផល​​ ៦​ចំណុច​​នេះ៖ ​

១.មិន​ដឹង​ថា ​ត្រូវ​រកស៊ី​ចាប់​ពី​កន្លែង​ណា​ទៅ
បញ្ហា​ដ៏​ធំ​បំផុត​មួយ​របស់​អ្នក​​ចង់​រកស៊ី​គឺ​ថា មិន​ដឹង​ថា តើ​​ត្រូវ​រកស៊ី​ចាប់​ពី​កន្លែង​ណា​ទៅ? នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មិន​អាច​ចាប់​ផ្តើម​ចេញ រកស៊ី​បាន​ទោះបី​ជា​ពួកគេ​ ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រថុយប្រថាន និង​​មាន​គំនិត​ចង់​ចាប់​ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​ក៏ដោយ​។ ជា​ដំណោះស្រាយ ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​​នរណា​ដែល​ចេញ​រកស៊ី​មុន​អ្នក ត្បិតអី​ពួកគេ​អាច​ជួយ​ត្រួសត្រាយ​ផ្លូវ​អ្នក​បាន  ​ដោយសារតែ​អ្នក​ទាំង​នោះ​ស្គាល់​ច្បាស់ និង​មាន​បទពិសោធន៍​ក្នុង​ការ​រកស៊ី​។ ពួកគេ​អាច​ប្រាប់​អ្នក​ពី​កន្លែង​ដែល​អ្នក​អាច​ចាប់​ផ្តើម​ចេញ​រកស៊ី​បាន។

២.ខ្លាច​អ្នក​ផ្សេង​សើចចំអក​​​គំនិត​រកស៊ី​របស់​អ្នក
មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិន​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចេញ​រកស៊ី​ដោយសារតែ​ពួកគេ​ខ្លាច​អ្នក​ផ្សេង​រិះគន់​មក​លើ​ខ្លួន។ ​ការ​​ភ័យខ្លាច​នឹង​ការ​រិះគន់​របស់​អ្នកដទៃ​នេះ ​គឺ​ជា​រឿង​ពិត​ ហើយ​វា​​​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ទាំង​នោះ​រាប់​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បោះបង់​ក្តីសុបិន្ត​របស់​ខ្លួន​ចោល​​ទាំង​មិន​បាន​សាកល្បង​អ្វី​សោះ។ សូម​ចាំ​ថា ក៏​ព្រោះ​តែ​អ្នក​ដទៃ​សើច​ចំអក​គំនិត​រកស៊ី​របស់​អ្នក​មិនមែន​មានន័យ​ថា វា​មិន​ល្អ មិន​អាច​ទៅ​រួច​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា មុន​ពេល​អ្នក​ចាប់​ផ្តើម​ចេញ​រកស៊ី អ្នក​អ្នក​ត្រូវ​រៀន​ថ្លឹងថ្លែង​គំនិត​រិះគន់​ទាំង​នោះ។ មនុស្ស​ខ្លះ​បាន​​ត្រឹមតែ​​រិះគន់​គេ​ទេ មិន​អាច​ធ្វើ​អ្វី បាន​ទេ ហើយ​បើ​អ្នក​គិតតែ​ខ្វាយខ្វល់​វា​ពេក អ្នក​​គ្មាន​ថ្ងៃ​អាច​​ឈ្មុសឈ្មុល​ទៅ​មុខ​​រួច​ឡើយ។ 

៣.ខ្លាច​បរាជ័យ
ការ​យកឈ្នះ​ភាព​ភ័យខ្លាច​ទៅ​នឹង​បរាជ័យ អាច​ជា​​​កិច្ចការ​ដ៏​លំបាក​បំផុត​មួយ​សម្រាប់​អ្នក​រកស៊ី។ មិនថា​អ្នក​បាន​ត្រៀម​ខ្លួន​ល្អ​ប៉ុណ្ណា​អ្នក​មិន​ត្រូវ​​​មើល​រំលង​រឿង​ពិត​ដែល​ថា ​អ្នក​រកស៊ី​ជាង ៥០% ​បាន​​បិទទ្វារ​ទៅ​វិញ​នៅ ក្នុង​រយៈពេល ៤​ឆ្នាំ​ដំបូង​ក្រោយ​ចាប់​ផ្ដើម​ចេញ​រកស៊ី។  ទោះបី​​នេះ​ជា​រឿង​ពិត​ក៏ដោយ ក៏ប៉ុន្តែ​ភាព​បរាជ័យ​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ដើម្បី​អភិវឌ្ឍ សមត្ថភាព​រកស៊ី​របស់​អ្នក​ឲ្យ​កាន់តែ​​ល្អ​ប្រសើរ​ឡើង​ផង​ដែរ។ វា​គ្មាន​ការ​លើកទឹកចិត្ត​ណាមួយ​ធំ​​ជាង​ការ​ភ័យខ្លាច​ទៅ​នឹង​ភាព​បរាជ័យ​​ទេ។ បើ​អ្នក​អាច​​បង្វែរ​វា​ទៅ​ជា​ការ​ជំរុញ​លើកទឹកចិត្ត និង​ខិតខំ​ប្រឹងប្រែង​​សម្រាប់​​អាជីវកម្ម​របស់​អ្នក ភាព​បរាជ័យ​ទាំង​នោះ​គ្រាន់តែ​​ជា​ពេលវេលា​កន្លង​ផុត​មួយ​តែប៉ុណ្ណោះ។

៤.​ខ្វះ​ទុន​រកស៊ី 
ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​​មួយ​ដំណើរការ​បាន អ្នក​ត្រូវការ​របស់​បី​យ៉ាង​គឺ​  គំនិត​ចាប់​ផ្តើម​អាជីវកម្ម​  កម្លាំង​​​​ដើម្បី​អនុវត្ត​គំនិត​​របស់​អ្នក និង​​ទុន​ដើម្បី​ធានា​ថា ការ​ចាប់​ផ្តើម​មុខ​ជំនួញ​អាច​ដំណើរការ​បាន​ដូច​ការ​គ្រោងទុក​។ ជា​អកុសល​ សមាសធាតុ​ចុងក្រោយ​ជា​រឿង​មួយ​លំបាក​បំផុត​សម្រាប់​អ្នក​រកស៊ី​។ មនុស្ស​ភាគច្រើន​មិន​អាច​ចាប់​ផ្ដើម​​ចេញ​រកស៊ី​ដោយសារតែ​ខ្វះ​ទុន​នេះ​ឯង។ ប៉ុន្តែ​អ្នក​នឹង​មិន​ដឹង​តម្លៃ​ពិត​ប្រាកដ​នៃ​គំនិត​របស់​អ្នក​ទេ បើ​អ្នក​មិន​បាន​ទាក់ទង​អ្នក​វិនិយោគ។  អ្នក​ប្រហែល​ជា​មិន​អាច​ជោគជ័យ ​ទេ​នៅ​ពេល​ទាក់ទង​ពួកគេ​ដំបូងៗ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ព្យាយាម​បន្ត​ទៀត។  អ្នក​ត្រូវ​បន្ត​​ខិតខំ​បង្ហាញ​គំនិត​របស់​អ្នក​ទៅ​កាន់​អ្នក​វិនិយោគ​ទុន​ជា​ច្រើន​ទៀត      ហើយ​ប្រសិន​បើ​គំនិត​របស់​អ្នក​ប្លែក និង​អស្ចារ្យ  មុខ​ជំនួញ​របស់​អ្នក​នឹង​ទទួល​បាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ។  

៥.មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ណាមួយ​ពី​អ្នក​វិនិយោគ
ប្រសិន​បើ​​គំនិត​ធ្វើ​ជំនួញ​របស់​អ្នក​ មិន​ស្ថិត​នៅ​ក្នុង​វិស័យ​ដែល​កំពុង​ពុះកញ្ជ្រោល​នៅ​ក្នុង​ទីផ្សារ វា​នឹង​មាន​ឱកាស​ដែល​អ្នក​នឹង​ទទួល​បាន​ការ​​រិះគន់​​ច្រើន​ពី​មុខ​ជំនួញ​របស់​អ្នក។ ប្រសិន​បើ​អ្នក​មិន​ទទួល​បាន​ចំណាប់អារម្មណ៍​ត្រឡប់​មក​វិញ​ពី​អ្នក​វិនិយោគ​ទេ អ្នក​នឹង​ជួប​ផល​លំបាក​ក្នុង​​ការ​ទទួល​បាន​ទុន​​ពី ពួកគេ​ណាស់។ ទោះ​យ៉ាងណា​ក៏ដោយ​ ប្រសិនបើ​អ្នក​ជឿជាក់​ថា គំនិត​របស់​នឹង​ដំណើរការ​ ហើយ​វា​ក៏​អាច​ទទួល​បាន​ចំណាប់ អារម្មណ៍​មក​វិញ​ពី​អ្នក​វិនិយោគ ​នៅ​ក្នុង​រយៈពេល​យូរ​ទៅ​មុខ ​បន្ទាប់​មក​អ្នក​ត្រូវ​រក​មើល​វិធី​ផ្សេងទៀត​ដើម្បី​បញ្ចុះបញ្ចូល​​ពួកគេ​​ឲ្យ​វិនិយោគ​លើ​គម្រោង​​របស់​អ្នក។ ​

៦.មិន​ហ៊ាន​ប្រថុយប្រថាន
គំនិត​ដ៏​ល្អ​មួយ​នៃ​ការ​​រកស៊ី គឺ​អាច​កើត​មាន​ឡើង​ពី​មនុស្ស​គ្រប់គ្នា។ ទន្ទឹម​នឹង​វា ក៏​មិន​ចាំបាច់​​ទាល់តែ​អ្នក​រៀន​ចប់​សាលា Harvard ទើប​អ្នក​អាច​បង្កើត​មុខ​ជំនួញ​រាប់​លាន​ដុល្លារ​បាន​នោះ​ដែរ។ សូម្បី​តែ​មនុស្ស​សាមញ្ញ​ម្នាក់​ក៏​អាច​ចេញ​រកស៊ី​បាន​ឲ្យ​តែ​មាន​គំនិត ហើយ​​ពួកគេ​អាច​ផ្ដល់​បទពិសោធន៍​ល្អៗ​សម្រាប់​អ្នក​ផ្សេង​ទៀត។ យ៉ាងណាក៏ដោយ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​សម្រេច​ក្តី​សុបិន​នេះ​បាន​ដែរ ហើយ​ពួកគេ​នៅ​តែ​ស្ថិត​នៅ​តំបន់​​ស្រណុក​ស្រួល (Comfort Zone)។ ​ចំណុច​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​យល់​គឺ​ថា បើ​អ្នក​​នៅ​តែ​ធ្វើ​រឿង​ដដែលៗ អ្នក​មិន​អាច​ស្គាល់​អ្វី​ដែល​​ថ្មី និង​មិន​អាច​ផ្លាស់ប្ដូរ​ខ្លួនឯង​​បាន​ឡើយ។ 

ក្នុង​នាម​ជា​អ្នក​រកស៊ី អ្នក​ត្រូវ​តែ​ចាកចេញ​ពី​តំបន់​ស្រណុក​ស្រួល​របស់​អ្នក ហើយ​ចាប់​ផ្តើម​ពី​កន្លែង​ណាមួយ​ពី​តូច​ទៅ​ធំ​ជា​មុន​សិន។ កន្លែង​នោះ​ជា​អ្វី​ដែល​អ្នក​បាន​រៀបចំ និង​ត្រៀម​ខ្លួន​ទុក​ជា​មុន ហើយ​ប្រសិន​បើ​វា​ដំណើរ​ការ​ទៅ​បាន អ្នក​អាច​ធ្វើ​ដំណើរ​កាន់តែ​កៀក​ទៅ​កាន់​គោលដៅ​របស់​អ្នក​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​វា​មិន​ដំណើរការ​នោះ​ទេ យ៉ាងហោចណាស់​អ្នក​ក៏​ទទួល​បាន​បទពិសោធន៍​ពី​វា​​​ដែរ៕

អត្ថបទ​ទាក់ទង៖

ដោយ៖ Kevin
ប្រភព៖ Addicted2success 

 

 

 

X
5s