ក្រសួងសុខាភិបាលប្រកាសផ្អាកធ្វើសន្និសីទសារព័ត៌មាន និងសេចក្តីជូនព័ត៌មានកូវីដជាបណ្តោះអាសន្ន​



ក្រសួងសុខាភិបាលបានប្រកាសផ្អាកចេញផ្សាយសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ និងការធ្វើសិទសារព័ត៌មានប្រចាំសប្តាហ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០ ក្រោយពេលកម្ពុជាទទួលបានជោគជ័យក្នុងការព្យាលបាលអ្នកជំងឺកូវីដ១៩ អស់ទូទាំងប្រទេស។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។ 

នៅក្នុងសេចក្តីប្រកាសនោះក្រសួងសុខាភិបាលបានប្រកាសជម្រាបជូនសាធារណៈជនថា ក្រសួងផ្អាកចេញផ្សាយសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ និងការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០ តទៅ។ 

នៅក្នុងសេចក្តីប្រកាសនោះក្រសួងសុខាភិបាលបន្ថែមថា នាពេលខាងមុខប្រសិនបើមានរកឃើញករណីវិជ្ជមានកូវិដ១៩ ថ្មី ឬការវិវត្ដថ្មីពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវិដ ១៩ នៅកម្ពុជា ក្រសួងសុខាភិបាលនឹងជម្រាបជូនដំណឹងជូនសាធារណៈជនទាំងអស់អោយបានជ្រាបបន្ថែមទៀត។

យ៉ាងណាមិញ ក្រសួងសុខាភិបាលបានបញ្ជាក់ជូនប្រជាពលរដ្ឋថា ការផ្អាកជូនព័ត៌មាន និងធ្វើសន្និសីទសារព័ត៌មាននេះមិនមែនជាការបង្ហាញពីការចម្លងវីរុសកូវិដ ១៩ នៃកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរនៅឡើយទេ ល្គឹកណាដែលសាកលលោក និងប្រទេសជិតខាងក្នុងតំបន់នៅតែមានកំណើននៃករណីថ្មី ប្រទេសកម្ពុជានៅតែប្រឈមទៅនឹងហានិភ័យនៃការចម្លងជម្ងឺកូវិដ ១៩ នេះ។ 

បន្ថែមពីលើនេះ ក្រសួងសុខាភិបាលនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ជាពិសេសបងប្អូនដែល ធ្វើដំណើរតាមច្រកចេញចូលអន្តរជាតិ និងច្រករបៀង ឬតាមព្រំដែននានាត្រូវតែអនុវត្តប្រកាន់ខ្ជាប់ខ្ជួននៃវិធានការការពារចាំបាច់ ដើម្បីសុខភាពផ្ទាល់ខ្លួន និងមិនមានការចម្លងចំងឺកូវិដ១៩ និងជំងឺឆ្លងផ្សេងៗទៀត។ 

គួរបញ្ជាក់ផងដែរថា កាលពីទី ១៦ ខែឧសភាម្សិលមិញ អ្នកជំងឺកូវីដ ១៩ ម្នាក់ចុងក្រោយគេបានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ ជាសះស្បើយ១០០ភាគរយ។ 

អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះ​បើ​យោងតាម ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។ 

ដោយ៖ នូ វិរៈ

 

X
5s