បច្ចុ​ប្បន្នភាព​កូ​វីដ៖ បុរសវ័យចំណាស់ដែលមានជំងឺទឹកនោមផ្អែម ពេលនេះជាសះស្បើយពីកូវីដហើយ​



ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ដែលអ្នកជំងឺកំពុងសម្រាកព្យាបាលនៅសល់តែមួយរូបទៀតតែប៉ុណ្ណោះ។

យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០នេះ បានប្រកាសថាបុរសដែលមានអាយុ ៧៥ឆ្នាំ មកពីខេត្តកំពង់ឆ្នាំងបានជាសះស្បើយពីកូវីដ ១៩ ហើយ ក្រោយបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ ត្រូវបញ្ជូនបន្តមករាជធានីភ្នំពេញ និងទទួលការព្យាបាលមួយរយៈក៏បានរកឃើញលទ្ធផលតែអវិជ្ជាមានចំនួន ២ លើកនិងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកជំងឺកំពុងសម្រាកព្យាបាលបន្តគឺមានតែស្ត្រីអាយុ ៣៦ឆ្នាំ មកពីខេត្តបន្ទាយមានជ័យតែម្នាក់ប៉ុណ្ណោះ ហើយស្ត្រីរូបនេះក៏ជាអ្នកដែលមានជំងឺផ្លូវចិត្តដែលបណ្ដាលឱ្យការព្យាបាលត្រូវចំណាយពេលយូរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​មាន​អ្នកជា​សះ​ស្បើយ​ពី​កូ​វីដ ១៩ ចំនួន ១២១នាក់ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ ១២២​នាក់​។ ជាមួយគ្នានេះដែរបន្ទាប់ពីរកឃើញអ្នកជំងឺជាសប្បាយថែមមួយរូបទៀត ក្រសួងសុខាភិបាលក៏បានប្រកាសដែរថាមិនបានរកឃើញករណីឆ្លងថ្មីបន្ថែមទៀតនោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើករណីរលកទី ២ ដែលកើតមានគ្រប់ពេលវេលា ប្រសិនបើមានការធ្វេសប្រហែស៕

 

X
5s