ចង់​ចេញ​រកស៊ី​ពេល​រៀន​ចប់ អនុវត្ត​យុទ្ធសាស្ត្រ ​៨ ជំហាន​​នេះ!​



ប្រសិន​បើ​​​ធ្វើ​ការ​មួយ​ថ្ងៃ ៨ ម៉ោង​ជា​សុបិន​អាក្រក់​បំផុត​របស់​អ្នក អ្នក​នៅ​មាន​វិធី​ផ្សេង​ដែល​អាច​ឲ្យ​អ្នក​ជៀស​ផុត​បាន នោះ​គឺ​ធ្វើ​ជំនួញ។ ​មាន​និស្សិត​ជាច្រើន​​មាន​ក្តី​សុបិន​ចង់​ចាប់​ផ្តើម​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ជំនួស​ឲ្យ​ការ​រស់នៅ​ជាមួយ​នឹង​ភាព​ភ័យខ្លាច​គេ​​បណ្ដេញ​ចេញ​ពី​ការងារ​ ហើយ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ថ្មី​ទៀត។  ដើម្បី​ធ្វើ​ឲ្យ​ក្តី សុបិន​របស់​អ្នក​អាច​ក្លាយ​ជា​ការពិត​បាន​ធ្វើ​ជា​អ្នក​ជំនួញ​នៅ​ពេល​ខាងមុខ​ក្រោយ​ពេល​រៀនចប់​​ អ្នក​អាច​អនុវត្ត​តាម​ក្បួន ៨​ជំហាន​ខាងក្រោម​នេះ៖ ​

១.ត្រូវ​មាន​គំនិត​បង្កើត​មុខ​របរ​មួយ
ប្រសិន​បើ​អ្នក​ចង់​ចាប់​ផ្ដើម​រកស៊ី​អ្វី​មួយ អ្នក​ត្រូវ​ដឹង​ច្បាស់​ថា តើ​អ្នក​ចង់​រកស៊ី​អ្វី? ក្នុង​នាម​ជា​អ្នក​រកស៊ី អ្នក​ត្រូវ​តែ​មាន​គំនិត​​បង្កើត​មុខ​របរ​ថ្មី​សម្រាប់​ខ្លួនឯង។ តើ​អ្នក​នឹង​អាច​ចាប់​ផ្ដើម​ជំនួញ​​មួយ​ដោយ​របៀបណា​បើ​អ្នក​មិន​បាន​ដឹង​ថា អ្នក​អត់​មាន​គំនិត​​រកស៊ី​អ្វី​ផង​នោះ? តាម​ពិត​ទៅ អ្នក​មិន​ចាំបាច់​មាន​ភាព​ច្នៃប្រឌិត និង​បង្កើត​អ្វី​ដែល​ថ្មី​ដែល​គ្មាន​នរណា​នឹកស្មាន​មិន​ដល់​នោះ​ទេ។  អ្នក​អាច​គ្រាន់តែ​​​យក​គំនិត ឬ​ជំនួញ​ណា​មួយ​ដែល​មាន​ស្រាប់​នៅ​លើ​ទីផ្សារ ហើយ​យក​មក​វិភាគ​ដើម្បី​ស្វែង​រក​ចំណុច​ខ្វះខាត ហើយ​ប្រើ​ឱកាស​នោះ​មក​ក្រឡៃ​ធ្វើ​ជា​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​អ្នក​។ ​ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ងាយស្រួល​ជាង បង្កើត​ជំនួញ​មួយ​​ថ្មី​ដោយ​ខ្លួនឯង។ 

២.វិភាគ​ទីផ្សារ
ក្រោយ​មាន​គំនិត​​រកស៊ី​ហើយ​នោះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​គឺ​ត្រូវ​វិភាគ​ទីផ្សារ ដើម្បី​រក​​ទំហំ​ទីផ្សារ តម្រូវការ និង​អតិថិជន​ដែល​នឹង​ប្រើប្រាស់​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក។ វាយ​តម្រូវ​គូប្រជែង រក​មើល​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​គូប្រជែង ហើយ​រក​មើល​ថា តើ​អ្វី​ទៅ​ជា​ចំណុច​ខុសគ្នា​រវាង​អាជីវកម្ម​របស់​អ្នក និង​គូប្រជែង? ប្រៀបធៀប​តម្លៃ និង​គុណភាព​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក នឹង​ស្វែងរក​លទ្ធភាព​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​បំផុត។ នេះ​គឺ​ជា​កត្តា​ចាំបាច់​ណាស់ ពីព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ក្តោប​បាន​ព័ត៌មាន​ទាំង​នេះ អ្នក​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​របស់​អ្នក​ដែល​មាន​ស្រាប់​នៅ​ទីផ្សារ​បាន។

៣.គ្រោង និង​ធ្វើ​ផែនការ​អាជីវកម្ម
អ្នក​អាច​ចងក្រង​ផែនការ​អាជីវកម្ម​មួយ​សម្រាប់​​អាជីវកម្ម​របស់​អ្នក​ដែល​​សរសេរ​អំពី​​បេសកកម្ម គោលបំណង​​អាជីវកម្ម ទិដ្ឋភាព​​ទូទៅ សេចក្ដី​សង្ខេប​ប្រតិបត្តិការ​អាជីវកម្ម​ ការ​ពិពណ៌នា​ទូទៅ​របស់​ក្រុមហ៊ុន ឱកាស ឧស្សាហកម្ម និង​ទីផ្សារ​យុទ្ធសាស្ត្រ​របស់​អ្នក ក្រុមការងារ ផែនការ​ទីផ្សារ ផែន​ការ​ប្រតិបត្តិការ ផែនការ​ហិរញ្ញវត្ថុ និង​ឧបសម្ពន្ធ​ជាដើម​។ផែនការ​អាជីវកម្ម​ភាគច្រើន​គឺ​ជា​តម្រូវការ​ចាំបាច់​ណាស់​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​គ្រប់​ប្រភេទ​​ឲ្យ​ទទួល​បាន​ជោគជ័យ។ 

៤.ការ​វិនិយោគ
អ្នក​ត្រូវតែ​វិនិយោគ​ទៅ​លើ​ប្រភេទ​មុខ​ជំនួញ​ផ្សេងៗ​ដែល​អ្នក​ចាប់​អារម្មណ៍។ អ្នក​អាច​ចាប់​ផ្តើម​មុខ​ជំនួញ​មួយ​ដោយ​មិន​ប្រើ​លុយ ប៉ុន្តែ​ករណី​នេះ​គឺ​ជា​រឿង​កម្រ​ណាស់ ហើយ​អ្នក​ត្រូវការ​ពេលវេលា​ច្រើន​ណាស់​ដើម្បី​បាន​ផល​។  នៅ​ក្នុង​ជំហាន​ទី៣​ខាងលើ អ្នក​ត្រូវ​គណនា​ថា តើ​ចំនួន​លុយ​ប៉ុន្មាន​ដែល​អ្នក​ត្រូវការ​​ក្នុង​ជំហាន​ដំបូង​នៃ​អាជីវកម្ម​របស់​អ្នក? អ្នក​ត្រូវ​កំណត់​ការ​ចំណាយ​នេះ​ឲ្យ​បាន ហើយ​​ត្រៀម​លុយ​បន្ថែម​​ទុក​ជា​មុន​យ៉ាង​ហោច​ណាស់ ២០% ទៀត។ សូម​ចាំ​ថា មាន​លុយ​ត្រៀម​ទុក​មុន​តិចតួច​ វា​ប្រសើរ​ជាង​គ្មាន​លុយ​សោះ​ពីព្រោះ​ការ​ចំណាយ​ឥត​គ្រោង​ទុក​នឹង​​កើត​មាន​ឡើង​ហួស​ពី​អ្វី​ដែល​អ្នក​ត្រូវការ ជា​ពិសេស​នៅ​ពេល​​មាន​ភាព​បន្ទាន់​កើត​​មាន​ឡើង​ចំពោះ​មុខ។ 

៥.ចាប់​ផ្ដើម​សាកល្បង​អនុវត្ត​គំនិត​រកស៊ី​របស់​អ្នក
រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​ធ្វើ​ក្នុង​ចំណុច​នេះ គឺ​ត្រូវ​សាកល្បង​អនុវត្ត​គំនិត​រកស៊ី​របស់​អ្នក។ អភិវឌ្ឍ​ផលិតផល ឬ​សេវាកម្ម​ដែល​អាច​ទទួល​បាន​​ក្នុង​តម្លៃ​អប្បបរមា​មួយ ចាប់​ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​តូច​មួយ ហើយ​ព្យាយាម​លក់​វា​​ទៅ​កាន់​អតិថិជន​។ ​វិធី​នេះ​នឹង​ជួយ​អ្នក​ឲ្យ​អ្នក​អាច​សិក្សា​បាន​​ពី​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន​​។ បន្ថែម​លើ​នេះ អ្នក​ត្រូវ​មើល​ផែនការ​របស់​អ្នក​ និង​​តម្រូវការ​កម្រិត​​​អប្បបរមា​ណាមួយ​ដើម្បី​ចាប់​ផ្តើម​​ជំនួញ​របស់​អ្នក។ សូម​ចាំ​ថា ការ​ ​ពន្យារពេល​​​​​មិន​ចេញ​អនុវត្ត​រកស៊ី គឺ​​ជា​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ជា​ច្រើន​ដែល​សហគ្រិន​​បង្កើត​ឡើង​​។ អ្នក​ត្រូវ​រៀន​ធ្វើ​ជា​បណ្ដើរ កែ​កំហុស​បណ្ដើរ​ ហើយ​​​អ្នក​មិន​ចាំបាច់​ធ្វើ​វា​ឲ្យ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ 

៦.ចុះបញ្ជី​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ
ការ​ចុះ​បញ្ជី​អាជីវកម្ម​​ពិត​ជា​រឿង​សំខាន់​បំផុត​មួយ​ទៀត​ដែល​អ្នក​ត្រូវ​តែ​​ធ្វើ​ដើម្បី​​ធានា​ថា អាជីវកម្ម​របស់​អ្នក​ស្របច្បាប់ និង​មាន​ការ​ទទួលស្គាល់​ពី​រដ្ឋ។ ការ​ចុះ​បញ្ជី​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ស្របច្បាប់​របស់​អ្នក​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ឱកាស​កាន់តែ​ធំ​ដើម្បី​ពង្រីក និង​ពង្រឹង​ខ្លួន​កាន់តែ​រឹង​មាំ​នៅ​លើ ទីផ្សារ​ក្នុង​ស្រុក ហើយ​បើ​​សិន​ជា​អាច​​​​នៅ​​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។ សូម​បញ្ជាក់​ថា ចំណុច​នេះ​គឺ​ជា​ការ​ផ្តល់​ទំនុក​ចិត្ត និង​ភាព​កក់ក្ដៅ​បំផុត​មួយ​សម្រាប់​អតិថិជន និង​ដៃគូ​ជំនួញ​​ជា​ច្រើន​ដើម្បី​ហ៊ាន​រកស៊ី​ជាមួយ​អ្នក។

៧.អភិវឌ្ឍ​អាជីវកម្ម
បន្ទាប់​ពី​​បាន​អនុវត្ត​បើក​ទ្វារ​ចេញ​រកស៊ី​  ផែនការ​​អាជីវកម្ម​ត្រូវ​បាន​កែសម្រួល​ហើយ​ការ​លក់​បាន​ចាប់​ផ្តើម​យ៉ាង​រលូន​​ហើយ​នោះ អ្នក​អាច​អភិវឌ្ឍ​អាជីវកម្ម​​​របស់​អ្នក​​ និង​ធ្វើ​​វា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​​នូវ​ចំណុច​គ្រប់​យ៉ាង​ដែល​អ្នក​បាន​សរសេរ​​ទុក​នៅ​ក្នុង​ផែនការ​អាជីវកម្ម។​ អ្នក​អាច​​ចាប់​ផ្ដើម​​បង្កើត​ ឬ​​បង្កើត​គេហទំព័រ ​​ពង្រីក​ឃ្លាំង​​ទំនិញ ឬ​ការិយាល័យ​  ពង្រីក​បុគ្គលិក​ឲ្យ​កាន់តែ​ច្រើន​​ជាដើម​នៅ​ពេល​គំនិត  និង​គំរូ​អាជីវកម្ម​របស់​អ្នក​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​​​ជាង​មុន។ ​ទាំង​នេះ​ជា​ជំហាន​ល្អ​មួយ​សម្រាប់​អ្នក​ពង្រីក​ខ្លួន​កាន់តែ​ជ្រៅ​​ទៅ​កាន់​​ទីផ្សារ​ក្នុង​ស្រុក ឬ​ទៅ​កាន់​ពិភពលោក។ នៅ​ពេល​អ្នក​រក​ចំណូល​បាន​ពី​ការ​លក់​កាន់តែ​ច្រើន ​អ្នក​ត្រូវ​វិនិយោគ​លើ​វា​ឲ្យ​កាន់តែ ច្រើន​​ថែម​ទៀត។ 

៨.បង្កើន​សកម្ម​លើ​​ការ​ធ្វើ​ទីផ្សារ
អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​ទៀត គឺ​ការ​បង្កើន​សកម្មភាព​លើ​ការ​ធ្វើ​ទីផ្សារ។ អ្នក​ត្រូវ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ឲ្យ​កាន់តែ​ផុលផុស​តាមរយៈ​ការ​តាមដាន​អតិថិជន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ប្រើ​ប្រាស់​​​បណ្ដាញ​សង្គម​ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​​ដើម្បី​ផ្សព្វផ្សាយ​ការ​លក់។ សូម​ចាំ​ថា ដរាបណា​អ្នក​មាន​មធ្យោបាយ​កាន់តែ​ច្រើន​ឡើង និង​កាន់តែ​សកម្ម អាជីវកម្ម​របស់​អ្នក​នឹង​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្រើន​ឡើង។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា យុទ្ធសាស្ត្រ​រ​​ផ្សព្វផ្សាយ​របស់​អ្នក​ត្រូវតែ​មាន​ប្រសិទ្ធភាព​ទើប​ធ្វើ​​ឲ្យ​ការ​ចំណាយ​របស់​អ្នក​លើ​ការ​ធ្វើ​ទីផ្សារ​នេះ​មិន​ឥតប្រយោជន៍៕

ដោយ៖ Kevin
ប្រភព៖ Addicted2success ​​​

 

X
5s