IMF៖ ដោយសារ COVID-19 កំណើនសេដ្ឋកិច្ចថៃមានការធ្លាក់ចុះ -៦,៧ភាគរយ​



មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើព្យាករណ៍ម្ដងទៀតថា សេដ្ឋកិច្ចថៃក្នុងឆ្នាំ២០២០ នឹងមានការធ្លាក់ចុះ -៦,៧ភាគរយ ដែលនេះធ្វើឲ្យថៃក្លាយជាប្រទេសមួយ​ក្នុង​ចំណោម​សមាជិក​អាស៊ានទាំងអស់ដែលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ការព្យាករណ៍សារជាថ្មីនេះធ្វើឡើងខណៈសេដ្ឋកិច្ចប្រទេសនេះកំពុងវាយប្រហារដោយកូវីដ១៩។ នេះបើយោងតាម Bangkok Post។

ប្រភព៖ bangkokpost

បើទោះបីមានការធ្លាក់ចុះក៏ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសសមាជិកអាស៊ានមួយនេះនឹងកើនឡើងវិញប្រមាណ ៦,១ភាគរយនៅឆ្នាំ២០២១ បើយោងតាមរបាយការណ៍ World Economic Outlook ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៥ មេសា ម្សិលមិញនេះ។

IMF បានធ្វើការព្យាករណ៍កាលពីខែមករាថាកំណើនសេដ្ឋកិច្ចថៃនឹងកើនឡើងប្រមាណ ២,៥ភាគរយក្នុងឆ្នាំនេះ និងកំណើន ៣,៥ភាគរយក្នុងឆ្នាំ២០២១។ 

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សមាគមធនាគារថៃ (Thai Bankers' Association ) បាននិយាយថាសេដ្ឋកិច្ចប្រទេសថៃអាចនឹងរងការបាត់បង់ ១,៣លានលានបាត ស្មើនឹង ៧,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែការរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ 

សមាគមខាងលើបានព្រមានទៀតថា សេដ្ឋកិច្ចថៃអាចនឹងធ្លាក់ចុះកាន់តែធ្ងន់ធ្ងរប្រសិនបើជំងឺរាតត្បាតនេះមិនមានភាពប្រសើរឡើងនៅត្រឹមចុងត្រីមាសទី២ ឆ្នាំនេះ។

បើយោងតាមរបាយការណ៍ពី IMF ដដែលនេះ សិង្ហបុរីមានការធ្លាក់ចុះ -៣,៥ភាគរយ ម៉ាឡេស៊ីធ្លាក់ចុះ -១,៧ភាគរយ និងកម្ពុជាធ្លាក់ចុះ -១,៦ភាគរយ ក្នុងឆ្នាំ២០២០ ខណៈវៀតណាមមានកំណើន ២,៧ភាគរយ តាមពីក្រោយដោយមីយ៉ាន់ម៉ា ១,៨ភាគរយ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s