ហេតុអ្វីបានជាអ្នកមិនគួរចេញរកស៊ីប្រសិនបើអ្នកមិនអាចឆ្លើយបានថា អ្នកចេញរកស៊ីដើម្បីអ្វី?
អ្នកគួរចេញរកស៊ីទៅ! រកស៊ីទៅ នៅចាំកាល់ទៀត! ចាប់ផ្តើមវាទៅ! ពាក្យទាំងអស់នេះប្រហែល ជាអ្នកបានស្ដាប់ឮជារឿយៗចេញពីមាត់មនុស្សនៅជុំវិញអ្នក មិត្តភ័ក្ដិ បងប្អូន ឬមនុស្សជិតស្និទ្ធអ្នក។ ស្របពេលដែលការចាប់ផ្តើមធ្វើជារឿងសំខាន់បំផុត ហើយអ្វីៗផ្សេងទៀតវានឹងចាប់ផ្ដើមជាបន្តបន្ទាប់គ្នា សូមចាំថា ការចេញរកស៊ីមិនមែនដូចចេញទៅផ្សារទិញអីវ៉ាន់គ្រប់មុខដែលអ្នកចង់បាននោះទេ។ ការសម្រេចចិត្តរបស់អ្នកដើម្បីចាប់ផ្ដើមជំនួញ វាអាចមានន័យថា អ្នកត្រូវធ្វើកិច្ចការដដែលៗក្នុងរយៈពេលជាច្រើនឆ្នាំ ឬជារៀងរហូត។
បើអ្នកចង់ជោគជ័យក្នុងជំនួញ អ្នកត្រូវដឹងពីមូលហេតុថា ហេតុអ្វីអ្នកចង់ធ្វើជំនួញនោះ? និងថា តើអ្នកត្រូវធ្វើវាដោយរបៀបណា? សូមចំណាយពេលបន្តិចដើម្បីគិតលើរឿងនេះជាមុនសិន។ ហេតុអ្វី បានជាអ្នកចង់ចាប់ផ្តើម និងកសាងជំនួញដ៏ជោគជ័យមួយ? អ្នកប្រហែល ជាមានចម្លើយដ៏ស្មោះត្រង់ជាច្រើនចេញពីក្នុងចិត្តដូចជាថា ដោយសារតែចង់ឲ្យពិភពលោកផ្លាស់ប្ដូរ ចង់ចូលរួមជួយសង្គម ឬចង់ចូលរួមជួយស្វែងរកដំណោះស្រាយអតិថិជនជាដើម។ យ៉ាងណាក៏ដោយ ទោះបីជាចម្លើយរបស់អ្នកបែបនេះក៏ដោយ អ្នកក៏ត្រូវសួរខ្លួនឯងតទៀតថា ហេតុអ្វីបានជាអ្នកចង់សម្រេចគោលដៅទាំងនេះ?
សូមកុំកំណត់ចម្លើយលើគោលដៅ និងឥទ្ធិពលជំនួញរបស់អ្នកនៅក្នុងសង្គមត្រឹមតែគោលដៅប៉ុណ្ណឹង! អ្នកក៏ត្រូវគិតដល់គោលដៅរបស់ខ្លួនផងដែរដូចជា ចង់មានលុយច្រើន ចង់បានការគោរព ចង់បានការទទួលស្គាល់គោរពឲ្យតម្លៃ និងចង់ឲ្យមានភាពរីកចម្រើនជាងនេះ។ អ្នកត្រូវព្យាយាមជីកកាយស្វែងរកចម្លើយឲ្យបានជ្រៅបំផុតតាមដែល អាចធ្វើបាន ហើយប្រើគោលដៅទាំងនេះដើម្បីស្វែងយល់ពីខ្លួនឯង។ ឧទាហរណ៍ថា អ្នកចម្លើយរបស់អ្នកគឺ ចង់រកស៊ីដោយសារតែចង់ក្លាយជាអ្នកមាន អ្នកក៏ត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកចង់ក្លាយជាអ្នកមានជាងនេះ?
នៅពេលដែលអ្នកបានយល់ច្បាស់នូវមូលហេតុពិតប្រាកដនៅពីក្រោយនៃការចាប់ផ្តើមមុខជំនួញរបស់អ្នក វានឹងធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកមធ្យោបាយដើម្បីចាប់ផ្តើមធ្វើជំនួញនោះ។ កាលបើអ្នកបានដឹងពីមូលហេតុ និងមធ្យោបាយហើយនោះ អ្នកអាចផ្តោតទៅលើអ្វីដែលជាឧបសគ្គដែលមិនអាចធ្វើឲ្យអ្នកអនុវត្តកិច្ចការជំនួញនោះដោយរលូនបាន។ អ្វីដែលកើតមានសម្រាប់អ្នកក្នុងនាមជាអ្នកជំនួញដូចទៅនឹងអ្នកជំនួញជាច្រើនទៀតគឺថា ពេលខ្លះអ្នកនឹងធ្វើការសម្រេចចិត្តសាកល្បងអនុវត្តគំនិតរបស់អ្នកដោយប្រើពេលភ្លាមៗ រាប់ខែ ឬ ឆ្នាំ។
សហគ្រិនជាច្រើនបានបោះបង់ទៅវិញដោយសារតែពួកគេឆ្លងកាត់ដំណាក់កាលមួយ គឺបរាជ័យនៅក្នុងដំណាក់កាលលើកដំបូង។ ជាទូទៅចម្លើយរបស់ពួកគេច្រើននិយាយថា "ខ្ញុំបានព្យាយាមហើយ ប៉ុន្តែវាទៅអត់រួច!”។ តាមការពិត បើពិនិត្យមើលឲ្យបានស៊ីជម្រៅជាងនេះ ពួកគេគ្រាន់តែចង់ទទួលបានបទពិសោធន៍ក្នុងការចាប់ផ្ដើមជំនួញរបស់ពួកគេតែប៉ុណ្ណោះ ហេតុដូច្នេះហើយពួកគេចង់បន្តទៅមុខ ដរាបណាពួកគេនៅពេញចិត្ត ស្រលាញ់ ឬមានសុទិដ្ឋិនិយមចំពោះមុខជំនួញរបស់ពួកគេនៅពេលខាងមុខតែប៉ុណ្ណោះ។ សេណារីយ៉ូទូទៅបានបង្ហាញថា នេះក៏ដោយសារតែពួកគេភាគច្រើនបរាជ័យក្នុងការស្វែងយល់ពីមូលហេតុ និងមធ្យោបាយដើម្បីចាប់ផ្តើមមុខជំនួញរបស់ពួកគេតែប៉ុណ្ណោះ៕
ដោយ៖ Kevin
ប្រភព៖ Forbes