ថ្លៃចំណាយព្យាបាលអ្នកជំងឺកូវីដនៅកម្ពុជាជាង ២ពាន់មិនទាន់គិតប្រាក់ឧបត្ថម្ភគ្រូពេទ្យ
ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅកម្ពុជា ចំណាយអស់ជាមធ្យម ប្រមាណពី ២០០០ ទៅ ២៥០០ដុល្លារក្នុងមួយករណីដោយមិនទាន់គិតប្រាក់ឧបត្ថម្ភគ្រូពេទ្យម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃផង។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជា ដែលបានថ្លែងក្នុងសន្និសីទព្រឹកនេះ។
លោកជំទាវបានរៀបរាប់ថា អ្នកជំងឺមានស្ថានភាពខុសៗគ្នា ដែលអ្នកខ្លះត្រូវធ្វើតេស្តរហូតដល់ ១០ ទៅ១១ ដងទម្រាំដល់ជាសះស្បើយ ហើយអ្នកជំងឺភាគច្រើនជាជនជាតិបរទេស។ សម្រាប់ការធ្វើតេស្តម្ដង នៅប៉ាស្ទ័រជាមធ្យមតម្លៃពី ១០០ដុល្លារ ទៅ ១២០ដុល្លារ ហើយការធ្វើតេស្តមានពីរប្រភេទ គឺតេស្តអ្នកមានរោគសញ្ញា និងតេស្តអ្នកគ្មានរោគសញ្ញា ដែលមានតម្លៃខុសគ្នាពី ២០ទៅ៣០ដុល្លារ។ បូករួមទាំងថ្លៃស្នាក់នៅ អាហារហូបចុក ឱសថផ្សេងៗទៀត នោះការចំណាយជាមធ្យម ចន្លោះពី ២០០០ ទៅ ២៥០០ដុល្លារឯណោះ ដោយមិនទាន់រាប់បញ្ចូលប្រាក់ឧបត្ថម្ភគ្រូពេទ្យបន្ថែមម្នាក់មួយថ្ងៃ ៥០ដុល្លារអាមេរិកផង។
ក្នុងចំណោម ១២២ករណីសរុប នៅកម្ពុជា មានជនជាតិបរទេសជាង ៧០នាក់ដែលទាំងអ្នកជំងឺជនជាតិខ្មែរ និងបរទេស ទទួលរងបន្ទុកចំណាយដោយរាជរដ្ឋាភិបាលកម្ពុជាទំាំងអស់៕