ក្រសួងសុខាភិបាល បកស្រាយពីការប្រើថ្នាំ Kaletra និង Chloroquine សម្រាប់ករណី COVID-19
កម្ពុជាមានភាពជោគជ័យច្រើនទៅលើការទប់ស្កាត់ ក៏ដូចជាការព្យាបាលអ្នកជំងឺឆ្លងកូវីដ ១៩ ឱ្យជាសះស្បើយ ដែលនាំឲ្យអ្នកដែលកំពុងសម្រាកព្យាបាលគិតមកត្រឹមថ្ងៃទី ២០ ខែមេសានេះនៅសល់ត្រឹមតែ ១៥នាក់ តែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា៖ «មុខទល់ពេលនេះមិនថាតែប្រទេសកម្ពុជា ឬប្រទេសណាមួយទៀតនៅលើពិភពលោក មិនទាន់មានថ្នាំព្យាបាលច្បាស់លាស់ ឬវិធីសាស្ត្រជាក់លាក់សម្រាប់ព្យាបាលកូវីដ១៩ឡើយ»។ ការដែលប្រទេសចិនក៏ដូចជាប្រទេសនានាទៀតនៅលើពិភពលោករួមទាំងកម្ពុជាផង អាចទទួលបានជោគជ័យនាំឲ្យមានអ្នកជាសះស្បើយតាមឡើងដូចទៅនេះគឺដោយសារបទពិសោធន៍ និងការប្រើប្រាស់ថ្នាំដើម្បីទប់ស្កាត់ការរីករាលដាលវីរុសនៅក្នុងខ្លួនអ្នកជំងឺ។
លោកជំទាវឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ដែរថា ការប្រើប្រាស់ថ្នាំ Keletra (ថ្នាំសម្រាប់ទប់ស្កាត់វីរុស HIV) និងថ្នាំ Cloroquine (ថ្នាំព្យាបាលជំងឺគ្រុនចាញ់) ដែលក្រុងគ្រូពេទ្យបានបង្ហាញទៅដល់សាធារណជនឲ្យបានដឹង មិនអាចចាត់ទុកថាជាថ្នាំសម្រាប់ព្យាបាលជំងឺដែលកើតឡើងដោយវីរុសកូវីដ ១៩ នេះឡើយ។ ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំទាំងពីរប្រភេទនេះគឺជាភាពចាំបាច់ដោយសារបទពិសោធន៍ទទួលបានជោគជ័យលើការទប់ស្កាត់និងការព្យាបាលជាក់ស្ដែង គឺដោយសារថ្នាំទាំងពីរនេះអាចទប់ទល់បាន។
លើសពីនេះលោកជំទាវឱវណ្ណឌីនក៏បានមានប្រសាសន៍បន្ថែមថា ក្រុមគ្រូពេទ្យបានប្រើថ្នាំទាំង ២ ប្រភេទនេះដើម្បីព្យាបាល ប៉ុន្តែមិនបានប្រជាពលរដ្ឋទាំងអស់គ្នាអាចទិញថ្នាំនេះយកមកព្យាបាលខ្លួន ដោយសង្ស័យថាខ្លួនឯងមានផ្ទុកកូវីដ ឬមានឆ្លងកូវីដនោះទេ។ អ្នកជំងឺត្រូវស្វែងរកសេវាព្យាបាលពីក្រុមគ្រូពេទ្យជំនាញជាចាំបាច់ ដើម្បីជៀសវាងហានិភ័យណាមួយកើតឡើងចំពោះអាយុជីវិតពីការប្រើប្រាស់ថ្នាំ ឬការស្វែងរកវិធីសាស្ត្រព្យាបាលដោយខ្លួនឯង៕