លោកស្រី ឱ វណ្ណឌីន៖ កម្ពុជានៅលើបន្ទាត់ក្រហម និងមានភាពផុយស្រួយពីការគំរាមកំហែងកូវីដ ១៩
នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី «បច្ចុប្បន្នភាពកូវីដ ១៩ នៅកម្ពុជា» លោកជំទាវឱវណ្ណឌីនលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ «កម្ពុជានៅតែមានភាពផុយស្រួយលើការគំរាមកំហែងពីការរាតត្បាតលើករណីកូវីដ ១៩»។
លោកជំទាវបានមានប្រសាសន៍ថា ទល់ពេលនេះស្ថានភាពកូវីដ១៩ នៅកម្ពុជាហាក់មានលក្ខណៈល្អប្រសើរច្រើន ដោយក្នុងរយៈពេលមួយសប្ដាហ៍មកនេះពុំមានរកឃើញករណីឆ្លងថ្មី រីឯអ្នកជាសះស្បើយបានកើនឡើងជាបន្តបន្ទាប់ដែលនាំឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ១៥នាក់ តែនេះមិនមែនមានន័យថាកម្ពុជានឹងលែងមានករណីឆ្លងនោះទេ។ លោកជំទាវបានមានប្រសាសន៍បន្តថា យើងនៅមិនទាន់ចាកផុតពីការវាយលុកនិងការគំរាមកំហែងរបស់កូវីដ ១៩ នោះទេ ហើយកម្ពុជាអាចនឹងប្រឈមជាមួយនឹងការរាតត្បាតទ្រង់ទ្រាយធំដូចជាតាមបណ្ដាប្រទេសផ្សេងៗ ក្នុងករណីដែលប្រជាពលរដ្ឋមានការធ្វេសប្រហែស មិនបានការពារខ្លួនត្រឹមត្រូវឬមានភាពវិជ្ជមានពេកលើស្ថានភាពប្រសើរនៅពេលនេះ។
បន្ថែមពីនេះលោកជំទាវឱវណ្ណឌីនក៏បានបញ្ជាក់បន្ថែមថា យើងមិនចង់ឃើញពីការចម្លងចូលទៅក្នុងសហគមន៍ណាមួយ ព្រោះកម្ពុជាកំពុងស្ថិតនៅលើបន្ទាត់ក្រហមនៃការគំរាមកំហែងរបស់កូវីដ ១៩ ហើយយើងអាចនឹងឈានចូលទៅក្នុងរង្វង់នៃបន្ទាត់ក្រហម ហើយ Second Wave នឹងកើតមានគ្រប់ពេល បើយើងមានការធ្វេសប្រហែសតែបន្តិច៕