អ្នកទោសពន្ធនាគារជាង ១ ៣០០ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្នុងរដ្ឋ Ohio អាមេរិក
អ្នកជាប់ពន្ធនាគារជាង ១ ៣០០នាក់ធ្វើតេស្តលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ក្នុងមជ្ឈមណ្ឌលដាក់អ្នកទោសចំនួន ៣ក្នុងរដ្ឋអូហ៊ីអូ (Ohio)។ នេះយោងតាមការចុះផ្សាយរបស់កាសែត CNN។
ការធ្វើតេស្តទ្រង់ទ្រាយធំក្នុងទីតាំងដាក់អ្នកទោសចំនួន ៣ រូមមានវិទ្យាស្ថានអប់រំកែប្រែ Marion (Marion Correctional Institution), វិទ្យាស្ថានអប់រំកែប្រែ Pickaway (Pickaway Correctional Institute) និង មជ្ឈមណ្ឌលវិជ្ជាសាស្ត្រ Franklin (Franklin Medical Center)។
មកដល់ពេលនេះវិទ្យាស្ថានអប់រំកែប្រែ Marion មានអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន ១ ០៥៧ករណី វិទ្យាស្ថានអប់រំកែប្រែ Pickaway មាន២០២ករណី និងមជ្ឈមណ្ឌលវិជ្ជាសាស្ត្រ Franklin មាន ១០១ នេះបើយោងតាមលោកស្រី JoEllen Smith អ្នកនាំពាក្យនាយកដ្ឋាននីតិសម្បទានិងនិងអប់រំកែប្រែរដ្ឋអូហ៊ីអូ (Ohio Department of Rehabilitation and Correction)។
សកម្មភាពស្ម័គ្រចិត្តនិងការសួរសុខត្រូវបានផ្អាកហើយនាយកដ្ឋានបានប្រើប្រាស់វីធីទំនាក់ទំនងផ្សេងជំនួសវិញសម្រាប់អ្នកជាប់ពន្ធនាគារទាំងនោះ ដូចជាការសួរសុខទុក្ខតាមវីដេអូម្ដងក្នុងមួយសប្ដាហ៍ ការខលតាមទូរស័ព្ទ២ដងក្នុងសប្ដាហ៍ និងការផ្ទើរអ៊ីម៉ែល៨ដងក្នុងមួយខែ។
សម្រាប់អ្នកជាប់ពន្ធនាគារថ្មីត្រូវរក្សាទុកក្នុងទីតាំងមួយក្នុងរយៈពេល៥សប្ដាហ៍សិន ដូចនេះគេអាចធ្វើការពិនិត្យតាមដានរោគសញ្ញានិងដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកជាប់ពន្ធនាគារមុន នេះយោងតាមលោកស្រីអ្នកនាំពាក្យ។
គួរឲ្យដឹងថា មន្រ្តីសុខាភិបាលបានចាប់ផ្ដើមធ្វើតេស្តអ្នកជាប់ពន្ធនាគារ និងបុគ្គលិកទាំងអស់ក្នុងមជ្ឈមណ្ឌលទាំង៣ខាងលើចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។
លោកស្រី Melanie Amato អ្នកនាំពាក្យនាយកដ្ឋានសុខភាពអូហ៊ីអូ បានមានប្រសាសន៍ថាបុគ្គលិក មជ្ឈមណ្ឌលខាងលើចំនួន ១០៣នាក់ធ្វើតេស្តវិជ្ជមានក្នុងវិទ្យាស្ថានអប់រំកែប្រែ Marion ក្នុងនោះបុគ្គលិកម្នាក់បានស្លាប់៕
ដោយ៖ លង់ វណ្ណៈ