កម្ពុជា​ប្រកាស​បិទ​កាស៊ីណូ​ពី​ថ្ងៃ​ទី​១ មេសា​​ និង​បិទ​ការ​នាំចេញ​អង្ករ​ស​និង​ស្រូវ​​ពីថ្ងៃទី៥ មេសា​



នៅ​ថ្ងៃ​ទី​ ៣០​ ខែ​មីនា​នេះ​ រាជរដ្ឋាភិបាល​​កម្ពុជា​បាន​ប្រកាស​បិទ​សកម្មភាព​អាជីវកម្ម​កាស៊ីណូ​ទាំង​អស់​ជា​បណ្ដោះអាសន្ន​ចាប់​ពី​ម៉ោង​ ២៤​នៃ​ថ្ងៃ​ទី​១ ខែ​មេសា​ ​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ជូន​ដំណឹង​ជា​ថ្មី។​ ជា​មួយ​គ្នា​នេះ​ដែរ​ ​ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ប្រកាស​បិទ​ការ​​នាំ​ចេញ​អង្ករ​ស​ និង​ស្រូវ​ ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មេសា តទៅ។ ​​​​

ចំណាត់​ការ​ទាំង​ពីរ​ នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​បេសកកម្ម​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​ ខណៈ​ពេល​នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ​ ១០៧​ករណី​ ហើយ​ក្នុង​នោះ​ក៏​មាន​ករណី​រក​ឃើញ​វិជ្ជមាន​ពី​នារី​បម្រើ​ការងារ​នៅ​កាស៊ីណូ​នៅ​តំបន់​ប៉ោយប៉ែត​​​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

ដោយ​ឡែកចំពោះ​ការ​​នាំ​ចេញ​អង្ករ​ រដ្ឋាភិបាល​មិន​បាន​បិទ​ទាំង​អស់​នោះ​ទេ​ ពោល​គឺ​នៅ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​អង្ករ​ក្រអូប។ គោល​បំណង​សំខាន់​នៃ​ការ​ប្រកាស​បិទ​ជា​បណ្ដោះ​អាសន្ន​នា​ពេល​នេះ​ គឺ​ដើម្បី​រក្សា​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​វីរុស​កូវីដ១៩នេះ។

គូស​បញ្ជាក់​ថា​ បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​នៅ​តំបន់​អាស៊ាន​ មាន​កម្ពុជា​ និង​វៀតណាម​ ដែល​បាន​ប្រកាស​បិទ ​ការ​នាំ​ចេញ​​អង្ករ​ផ្នែក​ខ្លះ​ និង​ទាំង​ស្រុក​ជា​បណ្ដោះ​អាសន្ន សម្រាប់​ទុក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក៕​​​​​​​​

 

X
5s