ថ្ងៃ៣០ មីនា៖​កម្ពុជារកឃើញ ៤ករណី​ទៀត​ ​មានខ្មែរ ៣នាក់ មានម្នាក់អាយុ ២០ឆ្នាំនៅអូរឬស្សី ទើបមកពីអង់គ្លេស​



យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល​កម្ពុជា​ដែល​ទើប​​ធ្វើ​បច្ចុប្បន្នភាព​ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច បាន​ឱ្យ​ដឹងថា ក្រសួង​បានរកឃើញ​ករណី​​ថ្មី​ចំនួន ០៤​ទៀត ដោយក្នុងនោះមានជនជាតិបរទេស០១នាក់ និងជនជាតិខ្មែរ០៣នាក់ ក្នុង​នោះ​មាន​ម្នាក់ជា​ស្ត្រី​វ័យ ២០ឆ្នាំជា​និស្សិត​ទើប​ធ្វើ​ដំណើរមកពី​ប្រទេស​អង់គ្លេស។ សរុប​មក​ដល់​ពេលនេះ ប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៧ករណីទូទាំងប្រទេស។ 

ស្ត្រីជនជាតិខ្មែរអាយុ ២០ឆ្នាំ នៅសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានវិជ្ជមានវីរុសកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ស្រ្តីរូបនោះ ជានិស្សិតខ្មែរ ដែលបានវិលត្រលប់មកពីប្រទេសអង់គ្លេស មកដល់កម្ពុជានៅថ្ងៃ២៨ ខែមីនា ឆ្នាំ ២០២0។ ដោយ​ឡែក ចំពោះ​ជនជាតិខ្មែរម្នាក់ទៀត​ អាយុ ៣០ឆ្នាំនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ​ធ្វើ​ការនៅកាស៊ីណូ​និង​ការ៉ាអូខេ ច្រកប៉ោយប៉ែត មួយ​កន្លែង។ ​ម្នាក់​ទៀត​អាយុ ៣៦ នៅ​ឃុំ​តាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែ​ល​ទើប​ធ្វើ​ដំណើរមកពី​ប្រទេសជប៉ុនដល់​កម្ពុជានៅថ្ងៃទី២៨ ខែមីនា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។​ ចំណែក ជនជាតិបារាំង​វិញ អាយុ ៦១ឆ្នាំ​​ទើប​ធ្វើ​ដំណើរ​មក​ពី​​ប្រទេស​ហ្គុយយ៉ាណា (អាហ្វ្រិក) កាលពីថ្ងៃទី២២ ខែមីនា កន្លង​ទៅ បច្ចុប្បន្នកំពុង​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

បើ​គិត​មក​ដល់​ពេល​នេះ​ កម្ពុជា​មាន​ករណីវិជ្ជមានសរុប ១០៧ករណី ព្យាបាលជាសះស្បើយ ២៣នាក់ (ទើបជាសះស្បើយ ២ ករណី​ទៀត នៅបន្ទាយមានជ័យ ១ និង​សៀមរាប ១)។ គិត​មក​ដល់​ពេល​នេះ​ ក្រសួង​អះអាង​ថា​ កម្ពុជាមិនទាន់​មាន​ករណីស្លាប់ និង​ករណី​ឆ្លងជាសហគមន៍នោះ​ទេ៕ 

X
5s