លោកស្រីឱ វណ្ណឌីន៖ ការនៅដាច់ដោយឡែកគឺជាវិធានការតែមួយគត់ក្នុងការទប់ស្កាត់កូវីដ​



អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា វិធានការនៃការដាក់អោយនៅដាច់ដោយឡែកចំពោះអ្នកដែលទើបនឹងវិលត្រឡប់មកពីក្រៅប្រទេស ឬអ្នកដែលមានការសង្ស័យពាក់ព័ន្ធទៅនឹងជំងឺកូវីដ ១៩ គឺជាវិធានការតែមួយគត់និងចាំបាច់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

«នៅក្នុងកាលៈទេសៈបែបនេះមិនត្រឹមតែកម្ពុជាទេ តែវាជាការអនុវត្តទូទៅជុំវិញពិភពលោក ព្រោះនៅប្រទេសមួយចំនួនធំដូចជានៅប៉ែកអឺរ៉ុបបានបិទប្រទេសរបស់ខ្លួន ហើយមានប្រទេសមួយចំនួនគឺបិទមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះតែម្ដង» លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍បន្ថែមបែបនេះ។ 

ជាមួយគ្នានេះដែរលោកស្រីក៏បានបន្តថា៖ «បើសិនជាទើបតែធ្វើដំណើរមកពីក្រៅប្រទេសគឺត្រូវទ្រាំរយៈពេល ១៤ ថ្ងៃសិន ដឹងច្បាស់ថានឹករលឹកគ្រួសារ ប៉ុន្តែការធ្វើបែបនេះគឺដើម្បីសុវត្ថិភាពគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល»។ 

ក្នុងនាមក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា លោកស្រីសូមធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងសកម្មភាពមួយនេះ ព្រោះការចូលរួមរបស់បុគ្គលគ្រប់រូប ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកាចសាហាវមួយនេះ វាអាចជួយសង្គ្រោះ ប្រទេស និងពិភពលោកទាំងមូលបាន។ លើសពីនេះទៀតការជួបជុំនានាដែលមិនអាចខកខានបាន គឺត្រូវរក្សាគម្លាតពីគ្នា (Social Distancing) ឲ្យខានតែបាន និងត្រូវមានការអនុវត្តក្បួនច្បាប់អនាម័យឱ្យបានត្រឹមត្រូវពិសេសគឺការលាងដៃ ការពាក់ម៉ាស៕

ដោយ៖  យ៉ាយ៉ា

 

X
5s