អេស្បាញឈប់ប្រើ​ឧបករណ៍តេស្ត​កូវីដផលិតដោយ​ចិន ​ព្រោះលទ្ធផលមិនត្រឹមត្រូវជិត ៣០%​



សារព័ត៌មានចិន​ The South China Morning Post បាន​ធ្វើ​សេចក្ដីរាយការណ៍ថា រដ្ឋធានីរបស់ប្រទេសអេស្ប៉ាញបានឈប់ប្រើឧបករណ៍ធ្វើតេស្ត Covid-19 យ៉ាងឆាប់រហ័សដែលផលិតដោយក្រុមហ៊ុនចិន បន្ទាប់ពីការស្រាវជ្រាវ បានបង្ហាញថា វាមិនមានភាពត្រឹមត្រូវគ្រប់គ្រាន់។

ការសង្ស័យលើភាព​សុក្រិតនៃឧបករណ៍​ធ្វើ​តេស្ត បានលេចចេញនៅពេលដែលចំនួនករណីនៅអេស្បាញបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ រហូត​ដល់ ៥៦ ១៨៨ ករណីដែលបានបញ្ជាក់ និង ៤ ០៨៩ នាក់បានស្លាប់។

វិទ្យាស្ថានជំងឺឆ្លង និងមីក្រូជីវសាស្រ្តសម្រាប់សង្គមរបស់ប្រទេសអេស្ប៉ាញ (The Spanish Society of Infectious Diseases and Clinical Microbiology) ដែលជាវិទ្យាស្ថានស្រាវជ្រាវឈានមុខគេមួយ​ បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ​​អ្នក​ជំនាញ​បានរកឃើញថា ឧបករណ៍​ធ្វើតេស្តតាមច្រមុះ (Nose Swabs) ដែលត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Shenzhen Bioeasy Biotechnology មានអត្រាត្រឹមត្រូវតិចជាង ៣០ ភាគរយ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអេស្បាញ ការធ្វើតេស្តនេះតម្រូវឲ្យយកគំរូពីច្រមុះដែលជាតំបន់ក្បែរលលាដ៍ក្បាល។ ហើយយកសំណាក​ ក្នុងច្រមុះទាំងនោះយកទៅដាក់ក្នុងបំពងតេស្តដោយប្រើពេលតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ។

ប៉ុន្តែលោកសាស្រ្តាចារ្យ Leo Poon Lit-man មកពីម​ហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យហុងកុង (The University of  Hong Kong’s medical faculty) បាននិយាយថា ការអះអាងត្រឹមត្រូវរហូត ៨០ ភាគរយចំពោះការធ្វើតេស្តតាមច្រមុះនោះគឺមានការភ័ន្តច្រឡំពីព្រោះការធ្វើតេស្តប្រភេទនេះត្រូវបានគេដឹងថា មិនត្រឹមត្រូវ។

ការអះអាងដោយ​ការសែត Baoan Daily ដែលជាកាសែតក្នុងស្រុកមួយនៅទីក្រុង​​ សិនជិន ប្រទេសចិន​បានរាយការណ៍ថា ការធ្វើតេស្តដោយប្រើសំណាកច្រមុះនោះគឺមិនត្រឹមត្រូវទេ គួរតែប្តួរមកប្រើការធ្វើតេស្តឈាមតាមរយៈចុងនៃម្រាមដៃវិញទើបមានប្រសិទ្ធិភាពជាង។ ​ការណ៍​នេះ​អាច​រកឃើញភាពត្រឹមត្រូវ​បាន​រហូត​ដល់​ ៨៣,៥៦ភាគរយ នៅពេលផ្តល់ផលវិជ្ជមាន និង ៩២,១៩ ភាគរយមានភាពត្រឹមត្រូវលើលទ្ធផលអវិជ្ជមានហើយប្រើពេលតែ ១៥នាទីដូចគ្នា។ នេះបើយោងតាមវិទ្យាស្ថានជីវសាស្រ្តគីមីសិនជិន៕

អត្ថបទពាក់ព័ន្ធ៖ អាមេរិកមានចំនួនអ្នកឆ្លងកូវីដ19ឈានដល់លេខ១ វ៉ាដាច់ចិន មានជាង ៨ម៉ឺនករណី​

ដោយ៖ Anthony

X
5s