ឆ្លើយ៤សំនួរនេះបើចង់ដឹងថា អ្នកមានភាពវៃឆ្លាតផ្លូវអារម្មណ៍ (EQ)កម្រិតណាពេលតទល់នឹងជំងឺកូវីដ១៩​



យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានឲ្យដឹងថា ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional intelligence) នឹងមាននិន្នាការតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០២២ ខាងមុខក្នុងចំណោមជំនាញទន់ (Soft Skill) ទាំង ១០ ដែលត្រូវការជាងគេបំផុតសម្រាប់ទីផ្សារការងារ។  វាពិតជាសំខាន់ណាស់ជាពិសេសនៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះជំងឺរាតត្បាតកូវីដ ១៩។ 

យ៉ាងណាក៏ដោយ ការមកដល់នៃជំងឺកូវីដ ១៩ នេះ ក៏ត្រូវចាត់ទុកថា ជាឱកាសមួយផងដែរដើម្បីសាកល្បងថា តើអ្នកជាមនុស្សដែលមានភាពវៃឆ្លាតផ្លូវអារម្មណ៍ខ្ពស់កម្រិតណា? សូមសាកល្បងឆ្លើយសំនួរសំខាន់ៗចំនួន ៤ នេះដើម្បីបង្ហាញលទ្ធផលរបស់អ្នកថា ភាពវៃឆា្លតខាងអារម្មណ៍របស់អ្នកខ្ពស់ឬទាប។ 

១.តើអ្នកជារឿយៗបង្ហាញអារម្មណ៍យល់ចិត្តអ្នកដទៃដែរឬអត់?
នៅស្ថានភាពនេះមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច។ ដូចនេះដើម្បីជួយកាត់បន្ថយភាពភ័យខ្លាចនៅក្នុងស្ថានភាពនេះ មនុស្សដែលមានភាពវៃឆា្លតផ្លូវ​អារម្មណ៍ (EQ) ជាទូទៅស្គាល់ច្បាស់ និងយល់ពីអារម្មណ៍របស់មនុស្សផ្សេងទៀតដែលកំពុងជួបប្រទះនូវបទពិសោធន៍ដ៏លំបាកផ្សេងៗ។ នៅពេលអ្នកមានគុណសម្បត្តិមួយនេះ អ្នកនឹងលើកទឹកចិត្តឲ្យមានការរួបរួម និងសហការគ្នាក្នុងចំណោមមិត្តភក្តិ គ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នកឲ្យប្រយុទ្ធប្រឆាំងទប់ទល់ទៅនឹងបញ្ហាប្រឈមចំពោះមុខ។

២.តើអ្នកមានសុទិដ្ឋិនិយមដែរទេនៅពេលកំពុងប្រឈមមុខទៅនឹងស្ថានភាំពមិនប្រាកដប្រជាមួយនេះ?
នៅក្នុងស្ថានភាព ឬហានិភ័យដែលអ្នកមិនធ្លាប់ជួបពីមុនមក អ្នកនឹងមើលឃើញថា នេះគឺជាឱកាសមួយសម្រាប់បង្ហាញពីភាពសុទិដ្ឋិនិយមរបស់អ្នកប្រសិនបើអ្នកជាមនុស្សដែលមានភាព​វៃឆ្លាត​ផ្លូវអារម្មណ៍​។ ការមើលឃើញពីភាពសុទិដ្ឋិនិយមនៅពេលអនាគត អាចធ្វើឲ្យអ្នកបណ្តេញភាពខ្មៅងងឹតចេញពីមុខអ្នកបាន ហើយអាច ជួយលើកទឹកចិត្តមនុស្សជុំវិញខ្លួនឲ្យមានក្តីសង្ឃឹម និងជំរុញឲ្យពួកគេយកឈ្នះលើឧបសគ្គនេះទៀតផង។

៣.តើអ្នកអាចបត់បែន ឬសម្របខ្លួនបានជាមួយនឹងស្ថានភាពថ្មីៗបានយ៉ាងរលូនដែរឬទេ?
អ្នកមានភាពវៃឆ្លាតផ្លូវអារម្មណ៍ ឬអត់ គឺអាចវាស់ស្ទង់តាមរយៈភាពបត់បែនរបស់អ្នកនៅពេលជួបស្ថានការណ៍ថ្មីៗ។ ប្រសិនបើអ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស ហើយឆក់យកស្ថានភាពដ៏គួរឲ្យភ័យខ្លាចនេះប្រែក្លាយទៅជាឱកាសដ៏ល្អមួយសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនឯង និងអ្នកដទៃ នោះមានន័យថា អ្នកជាមនុស្សមានស្មារតីខ្ពស់ មិនទន់ជ្រាយដែលអាចជាទីពាំងសម្រាប់មនុស្សគ្រប់គ្នាបាន។

៤.តើអ្នកអាចគ្រប់គ្រងអារម្មណ៍ធុញថប់របស់អ្នកបានល្អកម្រិតណា?
ស្ត្រេសត្រូវបានគេចាត់ទុកថា គឺជាផ្នែកមួយធម្មតាទៅហើយនៃជីវិតមនុស្សម្នាក់ៗ។ ប៉ុន្តែបើអ្នកគ្រប់គ្រងវាមិនបានល្អ  វានឹងធ្វើឲ្យមានសម្ពាធផ្លូវចិត្ត និងផ្លូវកាយយ៉ាងធ្ងន់ធ្ងរ។ អារម្មណ៍ឆេវឆាវឆាប់ខឹង ព្រួយបារម្ភ គេងមិនលក់ នឿយហត់ ឬអស់កម្លាំងសុទ្ធតែបង្ហាញថា អ្នកមានជំងឺស្ត្រេស។ យ៉ាងណាក៏ដោយនៅក្នុងស្ថានភាពដ៏តានតឹងនេះប្រសិនបើអ្នកអាចគ្រប់គ្រងវាបានយ៉ាងល្អមិនបណ្តែតបណ្តោយវាឲ្យកាន់តែធ្ងន់ធ្ងរ ជាពិសេសអាចលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម និងតាំងចិត្តខ្ពស់ វាឆ្លុះបញ្ចាំងថា អ្នកជាមនុស្សមានស្មារតីវៃឆ្លាត៕

អត្ថបទ​ដែល​ទាក់ទង៖
ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) គឺ​ជា​អ្វី?​
៤ សំណួរទាក់ទងនឹងភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence)​

ប្រភព៖ Inc 

 

X
5s