Covid19៖ ៣ថ្ងៃចុងក្រោយនេះ ថៃរកឃើញ ៣៩៩ករណីថ្មី មួយចំនួនតូចឆ្លងមកកម្ពុជា
ត្រឹមតែ ៣ថ្ងៃចុងក្រោយនេះ ថៃបានរកឃើញករណីឆ្លង Covid19 ថ្មីរហូតដល់ ៣៩៩ករណីដែលជាចំនួនដ៏ច្រើនបើធៀបនឹងការផ្ទុះឡើងកាលពីថ្ងៃដំបូង រហូតដល់ថ្ងៃទី២០ខែមីនា ហើយចំនួនបានកើនឡើងយ៉ាងគំហុកនៅត្រឹមពីរថ្ងៃចុងក្រោយនេះ ដែលក្នុងនោះក៏មានករណីឆ្លងដែនមកកម្ពុជាដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថៃ ដកស្រង់និងចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
- នៅថ្ងៃទី២១ មីនា អាជ្ញាធរថៃបានរកឃើញ ៨៩ករណី
- ថ្ងៃទី២២ មីនា រកឃើញរហូតដល់ ១៨៨ករណី
- ថ្ងៃចន្ទ នេះរកឃើញ ១២២ ករណីថ្មីបន្ថែមទៀត។
បើតាមសេចក្ដីរាយការណ៍ពីប្រភពដដែល បានឱ្យដឹងថា ចំពោះករណីថ្មីពីរថ្ងៃចុងក្រោយនេះថា៖
- ករណី ១៨៨ករណីថ្មី ថ្ងៃទី២២ ខែមីនា
- ក្នុងចំណោមករណីឆ្លងថ្មីទាំងនេះ មានករណីថ្មី ១៥ ដែលមួយចំនួនបានឆ្លងដែនមកកម្សាន្តនៅហាងផឹកស៊ីនៅប៉ោយប៉ែត
- ភាគច្រើនជាប់ពាក់ព័ន្ធនឹងករណីផ្ទុះឡើងកាលពីមុន
- ភាគច្រើនចូលទស្សនាកម្មវិធីប្រកួតប្រដាល់នៅសង្វៀន លំពីនី (Lumpini)
- ក្នុងចំណោមអ្នកឆ្លង ភាគច្រើនជាយុវវ័យដែលចូលចិត្តដើរលេងច្រើន។
ក្នុងចំណោមអ្នកឆ្លង ១២២ ករណីថ្មី ថ្ងៃទី ២៣ ខែមីនា៖
- ចំនួន ២០ ករណីពាក់ព័ន្ធនឹងករណីចាស់
- ១០ ករណីជាការនាំចូល
- ៩២ ករណីដែលតេស្តវិជ្ជមានរង់ចាំការស៊ើបអង្កេតបន្ត។
សូមបញ្ជាក់ថា មកដល់ពេលនេះ ថៃមានអ្នកស្លាប់ម្នាក់ និងអ្នកជាសះស្បើយ ៥២នាក់ ខណៈ ៦៦៨នាក់ត្រូវបានដាក់ឱ្យនៅព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
ប្រភព៖ Bangkok Post