ចិនបញ្ចូនអ្នកជំនាញ ៧រូប និងជំនួយវិជ្ជសាស្រ្តជាង៤តោន មកកម្ពុជា
យន្តហោះមួយគ្រឿងដែលមានផ្ទុក អ្នកជំនាញវិជ្ជសាស្ត្រចិនចំនួន៧រូប និងសម្ភារៈបរិក្ខាមួយចំនួន បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីជួយកម្ពុជាទប់ទល់នឹងវីរុសកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចំកម្ពុជា។
ក្រុមអ្នកជំនាញទាំងនោះមកពីខេត្ត Guangxi ប្រទេសចិន និងនាំមកនូវជំនួយចំនួន ៤តោន មានដូចជាម៉ាសវេជ្ជសាស្រ្ត, ម៉ាសN95, សម្លៀកបំពាក់ការពារវីរុស, វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជា។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា, ថ្នាក់ដឹកនាំតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀតបានអញ្ជើញមកទទួលដំណើរអ្នកជំនាញវេជ្ជសាស្រ្តដែលអញ្ជើញមកពីប្រទេសចិន។
ការចុះផ្សាយរបស់ស្ថានទូតចិន បានសរសេរទៀតថា៖ «ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជម្ងឺវីរុស រដ្ឋាភិបាលចិនបានសម្រេចចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័ត Guangxi ប្រទេសចិនចំនួន ៧រូបមកកាន់ប្រទេសកម្ពុជា ខណៈស្ថានភាពជំងឺរីរុសកូវីដ១៩ ក្នុងប្រទេសកម្ពុជាមានការវិវឌ្ឍឥតឈប់ឈរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋចិនមានអារម្មណ៍ដូចប្រជាពលរដ្ឋកម្ពុជា។»
ក្រុមអ្នកជំនាញទាំងនោះមកប្រទេសកម្ពុជាដើម្បីអញ្ចើញពិភាក្សាពីបទពិសោធន៍ និងជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងផ្ដល់យោបល់ដល់អ្នកជំងឺ ដែលជាក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងជំងឺដំបូងគេរបស់រដ្ឋាភិបាលចិនដែលត្រូវបានបញ្ចូនមកកាន់តំបន់អាស៊ាន។
រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកផ្ទុកកូវីដ១៩ ចំនួន ៨៤ករណី ក្នុងនោះមានអ្នកជាសះស្បើយមាន ២ករណី៕