មន្ត្រីជាន់ខ្ពស់កម្ពុជាដែលឆ្លង Covid19 ធ្វើដំណើរមកពីបារាំង
ថ្មីៗនេះ មានព័ត៌មានលេចឮអំពី មន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រសួងការបរទេសម្នាក់ បានឆ្លង Covid19 ដែលលេចធ្លាយរហូតដល់មានការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួនថា មានការលាក់នូវព័ត៌មានជុំវិញករណីនេះ។
ឆ្លងតបនឹងការអះអាងខាងលើ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញផ្សាយឱ្យដឹងថា ខាងជំនាញបានបញ្ចូលទិន្នន័យមន្រ្តីជាន់ខ្ពស់ម្នាក់ជនជាតិខ្មែរធ្វើដំណើរពីប្រទេស បារាំងដែលមានវិជ្ជមានCOVID19 ក្នុងតារាងទិន្នន័យរួមតាំងពីថ្ងៃទី១៨ មីនា ២០២០ ម្ល៉េះ (គូសរង្វង់ក្រហមក្នុងតារាងខាងក្រោម)។ អង្គភាពដដែលបានអះអាងថា គ្មានហេតុផលលាក់ទិន្នន័យ នោះទេពោលគឺអង្គភាពធ្វើតាមជំនាញបច្ចេកទេសដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WHO អង្គារ USCCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
បើគិតមកដល់យប់ម៉ោង ១០និង៣០នាទី នៃថ្ងៃទី២២ ខែមីនា នេះ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៨៤នាក់ ក្នុងនោះមានស្ត្រី ២១នាក់ និងបុរស ៦៣នាក់ អ្នកជាសះស្បេីយ ២នាក់ មានចិនម្នាក់ និងស្ត្រីជនជាតិអង់គ្លេស ១នាក់។
សរុបត្រួសៗ៖
- ជនជាតិចិន ១នាក់ (ខេត្តព្រះសីហនុ) ជាសះស្បើយ
- ជនជាតិអង់គ្លេស ៣នាក់ (ម្នាក់ជាសះស្បើយ)
- ជនជាតិកាណាដា ១នាក់
- ជនជាតិប៊ែលហ្សិក ១នាក់
- ជនជាតិបារាំង ៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុទើប ៤ខែ)
- ជនជាតិម៉ាឡេស៊ី ១២នាក់
- និងជនជាតិខ្មែរ ៣៣នាក់ (បងប្អូនខ្មែរត្រលប់មកពីម៉ាឡេស៊ី មានចំនួន ២៣នាក់)៕