លើកដំបូងបំផុត៖ ត្រឹម ១ថ្ងៃ កម្ពុជារកឃើញករណីថ្មី ៣១ មានខ្មែរ ២នាក់សរុបពេលនេះ ៨៤ករណី
ខេត្តព្រះសីហនុមានអ្នកឆ្លងថ្មី ៣១នាក់គិតត្រឹមយប់ម៉ោង ១០ និង៣០ នាទី នៃថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងនោះមានជនជាតិបារាំង ២៩នាក់ និងខ្មែរ ២នាក់ (ជាមគ្គុទេសទេសចរ) ដែលធ្វើកម្ពុជាមានអ្នកឆ្លងសរុប ៨៤នាក់។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាដែលទើបចេញផ្សាយអម្បាញ់មិញនេះ។
មន្ត្រីជំនាញនៃក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកផ្ទុកនៅខេត្តព្រះសីហនុរហូតដល់ ៣១នាក់ដែលជាជនជាតិបារាំងទាំងអស់ ដោយបូកបន្ថែមជនជាតិបារាំងដែលរកឃើញកាលពីថ្ងៃទី២១ មីនា ពីរនាក់ផ្សេងទៀត ដែលសុទ្ធសឹងតែជាអ្នកទេសចរ។
ថ្ងៃទី២១ មីនា ជនជាតិបារាំងដែលឆ្លងកូវីដ១៩ នោះមាន បុរសអាយុ ៦៧ឆ្នាំ និងម្នាក់ទៀតអាយុ ៨០ឆ្នាំដែលធ្វើដំណើរមកដល់ខេត្តព្រះសីហនុតាំងពីថ្ងៃទី១៨ ខែមីនា ហើយគ្រោងធ្វើដំណើរត្រលប់ទៅវិញនៅថ្ងៃទី២១ ខែមីនា ម្សិលមិញ។ ជនជាតិបារាំង ២៩នាក់ដែលរកឃើញថ្ងៃនេះមាន ស្រ្តី ១៧នាក់ មាន (អាយុ៤៤ឆ្នាំ ៥៩ឆ្នាំ ៦៦ឆ្នាំ ៦១ឆ្នាំ ៦៣ឆ្នាំ ៥២ឆ្នាំ ៦៦ឆ្នាំ ៥៩ឆ្នាំ ៦៣ឆ្នាំ ៧៦ឆ្នាំ ៦០ឆ្នាំ ៦៣ឆ្នាំ ៦៩ឆ្នាំ (២នាក់) និង ៥៩ឆ្នាំ និងបុរស ១២នាក់ មានអាយុ ៦៦ឆ្នាំ ៥៧ឆ្នាំ ៧០ឆ្នាំ (២នាក់) ៦៣ឆ្នាំ(៣នាក់) ៥២ឆ្នាំ ៦៤ឆ្នាំ ៦២ឆ្នាំ ៦១ឆ្នាំ និង៥៨ឆ្នាំ។ ពួកគេស្នាក់នៅសណ្ឋាគារខេត្តព្រះសីហនុ។
គូសបញ្ជាក់ថា អ្នកដែលរកឃើញទាំង ៣១នាក់ថ្ងៃនេះ ត្រូវបានដាក់ឱ្យនៅព្យាបាលនៅក្នុងបន្ទប់សណ្ឋាគារ ដែលស្នាក់នៅនៅឆ្នេរឯករាជ្យនោះតែម្ដង។
បើគិតមកដល់យប់ម៉ោង ១០និង៣០នាទី នៃថ្ងៃទី២១ ខែមីនា នេះ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៨៤នាក់ ក្នុងនោះមានស្ត្រី ២១នាក់ និងបុរស ៦៣នាក់ អ្នកជាសះស្បេីយ ២នាក់ មានចិនម្នាក់ និងស្ត្រីជនជាតិអង់គ្លេស ១នាក់។
សរុបត្រួសៗ៖
- ជនជាតិចិន ១នាក់ (ខេត្តព្រះសីហនុ) ជាសះស្បើយ
- ជនជាតិអង់គ្លេស ៣នាក់ (ម្នាក់ជាសះស្បើយ)
- ជនជាតិកាណាដា ១នាក់
- ជនជាតិប៊ែលហ្សិក ១នាក់
- ជនជាតិបារាំង ៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុទើប ៤ខែ)
- ជនជាតិម៉ាឡេស៊ី ១២នាក់
- និងជនជាតិខ្មែរ ៣៣នាក់ (បងប្អូនខ្មែរត្រលប់មកពីម៉ាឡេស៊ី មានចំនួន ២៣នាក់)