គួរឲ្យគោរពមែន! General Motors បរិច្ចាគក្រុមហ៊ុនខ្លួនធ្វើរោងចក្រផលិតសម្ភារៈវេជ្ជសាស្ត្រកូវីដ១៩
ក្រុមហ៊ុនផលិតរថយន្ត General Motors ក្នុងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក កំពុងតែពិចារណា លើការផលិតសម្ភារៈវេជ្ជសាស្រ្ត ដើម្បីរួមចំណែកទប់ទល់ជាមួយការរីករាលដាលនៃវីរុសកូរ៉ូណាក្នុងតំបន់របស់ខ្លួន។
ក្រុមហ៊ុនបានរៀបរាប់នៅក្នុងរបាយការណ៍ថា លោកស្រី Mary Barra CEOរបស់GM បានជជែក ជាមួយរដ្ឋបាលរបស់លោកត្រាំ កាលពីថ្ងៃពុធកន្លងទៅ ទាក់ទងជាមួយនឹងការផ្អាកសង្វាក់ផលិតកម្មផលិតផលរបស់ខ្លួន។
ក្នុងរបាយការណ៍ដដែលបានបន្ថែមថា ក្រុមហ៊ុនកំពុងតែជួយស្វែករកដំណោះស្រាយសម្រាប់សង្គម ជាតិរបស់ខ្លួនដែលកំពុងតែស្ថិតក្នុងស្ថានភាពអាក្រក់ ហើយក៏បានសិក្សាមើលរួចទៅហើយពីលទ្ធភាព របស់ក្រុមហ៊ុន ក្នុងការផលិតសម្ភារៈវេជ្ជសាស្រ្ត។
តាមប្រភពជិតស្និតបានបង្ហាញថា ក្រុមហ៊ុនមិនមែនកែប្រែ ឬផ្លាស់ប្តូររោងចក្រផលិតឡើយ តែក្រុមហ៊ុននឹងតម្លើងរោចចក្របន្ថែមសម្រាប់ផលិតសម្ភារៈវេជ្ជសាស្រ្ត។
គួររំលឹកផងដែរថា កាលពីថ្ងៃពុធកន្លងទៅ រដ្ឋាភិបាលរបស់រដ្ឋ New York លោក Andrew Cuomo បានមានប្រសាសន៍ថា រដ្ឋកំពុងតែជួបបញ្ហាកង្វះខាតសម្ភារៈវេជ្ជសាស្រ្ត ខណៈពេលវីរុសកូរ៉ូណាបន្ត រីករាលដាលរៀងរាល់ថ្ងៃ៕
អត្ថបទទាក់ទង៖ ចំណុច ៦ នេះការពារអ្នកពីកូរ៉ូណាខ្លាំងជាងម៉ាស់ និងអាល់កុលលាងដៃទៀត
ដោយ៖ ជា ឧត្តម្ភ