ក្រសួងប្រកាសបិទសាលា CIS បន្ទាប់ពីរកឃើញបុគ្គលិកជនជាតិកាណាដាម្នាក់ ផ្ទុកកូវីដ១៩​



ក្រសួងសុខាភិបាល បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការបិទនូវសាលា CIS សាលាកោះពេជ្រ មួយរយៈពេលសិន ខណៈរកឃើញបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ជាបុគ្គលិកសាលាខាងលើមានផ្ទុក Covid-19។

ប្រភពរូប៖ Freshnews

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ឲ្យដឹងយ៉ាងដូច្នេះថា «សម្រាប់សាលា CIS សាខាកោះពេជ្រ ក្រសួងបានសម្រេចហើយ គឺស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបិទបណ្តោះអាសន្ន ហើយត្រូវមានការអនុវត្តន៍នូវការសំអាត ហើយអ្នកគ្រូ លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀននៅសាលានោះ សូមបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃ ហើយក្រុមការងារ អ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោល ដើម្បីចាត់វិធានការបន្តទៀត»។

លោកស្រីបានឲ្យដឹងថា បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលរកឃើញមាន Covid-19 នោះ បានធ្វើដំណើរមកពីប្រទេសថៃ មកកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ក្រោយពីត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួលខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេទ្យពិនិត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិត្យ និងយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ហើយមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់ថា បុរសនោះមានផ្ទុកវីរុស Covid-19។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានរកឃើញកូវីដ១៩ចំនួន ៧ករណី ហើយដោយក្នុងនោះមាន២ករណីលើជនបរទេស ក្នុងរាជធានីភ្នំពេញ។

នាព្រឹកនេះ ក្រសួងសុខាភិបាលបានប្រកាសផ្អាកមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក  ចូលទឹកដីកម្ពុជា រយៈពេល៣០ថ្ងៃ ដែលចូលជាធរមាននៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ តទៅ៕

 

 

X
5s