ចំណាត់ការថ្មីរបស់រដ្ឋាភិបាល ក្រសួងសាធារណៈការនិងដឹកជញ្ជូនលើការផ្អាកអនុញ្ញាតឲ្យនាវាចូលមកកម្ពុជា
តាមការចេញផ្សាយពីក្រសួងព័ត៌មានកាលពីប៉ុន្មាននាទីមុននេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសម្រេចផ្អាកអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរណ៍មកក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងវិធានការនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានធ្វើសេចក្តីជូនដំណឹងទៅដល់ប្រធាន ឬតំណាងក្រុមហ៊ុនភ្នាក់ងារនាវា នៃនាវាដឹកអញនកដំណើរឬអ្នកទេសចរណ៍ទាំងអស់ថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬអ្នកទេចរណ៍ចូលមកព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះ (ថ្ងៃសុក្រទី១៣ ខែមិនា ឆ្នាំ២០២០) រហូតដល់មានការជូនដំណឹងសារជាថ្មី។
ទោះបីកម្ពុជាមានករណីឆ្លងតិចក៏ពិតមែន ក៏រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក៏ដូចឃាអាជ្ញាធរពាក់ព័ន្ធនានា ព្យាយាមគ្រប់មធ្យោបាយទប់ស្កាត់ការឆ្លងរាលដាលនេះជំងឺកូរ៉ូណាមួយនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយការផ្អាកការអនុញ្ញាតឲ្យចូលនាវាដឹកអ្នកដំណើរ ឬនាវាទេសចរណ៍នេះជាចំណាត់ការយ៉ាងប្រសើរបំផុតមួយ។
គួរបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញវិជ្ជមានករណី Covid-19 ចំនួន ៣ករណីដែលក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការងារលើនាវា Viking Cruise Journey ៦៤នាក់ ដែលចតនៅខេត្តកំពង់ចាមកាលពីពេលកន្លងទៅ។ គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញថាមានករណីវិជ្ជមានលើ Covid-19 ចំនួន ៥ ករណីហើយ គឺ ១ករណី ជាជនជាតិចិន (ពេលនេះជាសះស្បើយនិងត្រលប់ទៅស្រុកកំណើតវិញហើយ) ១ ករណីទៀតជាជនជាតិខ្មែរមានអាយុ ៣៨ឆ្នាំ នៅខេត្តសៀមរាប (កំពុងព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក) និង ៣ករណីផ្សេងទៀតជាជនជាតិអង់គ្លេស ដែលជាអ្នកដំណើរតាមនាវា Viking Cruise Journey រកឃើញនៅខេត្តកំពង់ចាម។
ដោយ៖ យ៉ាយ៉ា