ក្លឹបហាត់ប្រាណ ជាកន្លែងប្រឈមខ្ពស់នឹងការឆ្លងវីរុសកូរ៉ូណា
អ្នកហាត់ប្រាណទាំងឡាយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកន្លែងហាត់ប្រាណត្រូវបានគេឲ្យដឹងថាជាកន្លែងដែលមានការប្រឈមខ្ពស់ទៅនឹងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ១៩។
លោកវេជ្ជបណ្ឌិត Norman Swan មានប្រសាសន៍ថា «កន្លែងហាត់ប្រាណជាកន្លែងដែលប្រឈមខ្ពស់ នឹងការឆ្លងវីរុសកូរ៉ូណាដោយសារតែ វាមានពោរពេញទៅដោយជាតិញើស»។
លោក បានបន្តថាមិនមែនអ្នកត្រូវឈប់ទៅក្លឹបហាត់ប្រាណទេ តែអ្នកត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសម្អាតឧបករណ៍ហាត់ប្រាណទាំងមុននឹងក្រោយពេលហាត់ប្រាណរួច ហើយពាក់ស្រោមដៃឲ្យបានត្រឹមត្រូវក្នុងពេលកំពុងហាត់ប្រាណ»។
លោក Norman Swan បានណែនាំឲ្យគ្រប់គ្នាជៀសវាងការចូលស្ទីម ព្រោះតែកម្តៅនៅក្នុងបន្ទប់ស្ទីមមិនអាចសម្លាប់ មេរោគបានទេ។ លោកបានបន្ថែមថា «សម្រាប់ខ្ញុំវិញ ខ្ញុំនឹងមិនទៅក្បែរតំបន់ណាដែលមានសំណើមនោះទេ»។
លោកបន្ថែមទៀតថា អ្នកដែលមានអាការៈ ដូចជា ក្អក ឬ កណ្តាស គួរតែជៀសវាងការទៅក្លឹបហាត់ប្រាណរហូតទាល់ តែមានអាកាសរៈល្អប្រសើរមកវិញ។
យ៉ាងណាក៏ដោយ លោក David Thomas ដែលជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនិងជានាយកផ្នែកជំងឺ ឆ្លងនៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចូនហបគីនស៍ មានប្រសាសន៍ទៅកាន់ New York Times ថា អ្នកទៅវិហារប្រឈមខ្ពស់នឹងការឆ្លងច្រើនជាងអ្នកដែលទៅក្លឹបហាត់ប្រាណទៅទៀត។
លោកបានបន្តថា ម្ចាស់ក្លឹបហាត់ប្រាណទាំងឡាយកំពុងតែកាត់បន្ថយការប៉ះពាល់គ្នាដោយផ្ទាល់ រវាងអតិថិជនដែលមកហាត់ប្រាណ និងបុគ្គលិកក្នុងក្លឹប ហើយថែមទាំងយកចិត្តទុកដាក់សម្អាតឧបករណ៍ហាត់ប្រាណឲ្យបានត្រឹមត្រូវ។ ខណៈនៅក្នុងវិហារវិញ មនុស្សតែងតែអង្គុយ នៅក្បែរៗគ្នា ហើយចាប់ដៃគ្នាដោយផ្ទាល់ជានិច្ច។
ការព្រមាននេះធ្វើឡើង ខណៈពេលដែលករណីឆ្លងវីរុសកូរ៉ូណាជុំវិញពិភពលោកកើនដល់ ១១៤០០០ករណី ក្នុង១១៤ប្រទេស ដែលមានអ្នកស្លាប់មិនតិចជាង៤២០០នាក់ទេ៕