WHO ប្រកាសថា កូវីដ១៩ គឺជា «ជំងឺរាតត្បាតពិភពលោក» បន្ទាប់ពីបានសម្លាប់មនុស្សជាង៤០០០នាក់
កូវីដ១៩បានក្លាយជាជំងឺឆ្លងមួយដែលបានរីករាលដាលទៅដល់ប្រទេសចំនួន១១៤ និងបានសម្លាប់មនុស្សប្រមាណជាង ៤ ០០០នាក់ នាពេលនេះគឺត្រូវបានប្រកាសថាជា «ជំងឺឆ្លងរាតត្បាតពេញពិភពលោក»។ នេះបើយោងតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធម្សិលមិញ។
ប្រធានអង្កការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាសក្នុងសន្នីសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា «កូវីដ១៩ (Covid19)គឺជាជំងឺរាតត្បាតទូទាំងពិភពលោកដែលបង្ហឡើងដោយវីរុសកូរ៉ូណា»។
លោក បានបន្ថែមទៀតថា ការរាតត្បាតនេះមិនមែនជាពាក្យប្រើប្រាស់ធម្មតានោះទេ ប៉ុន្តែយើងនៅមានពេលច្រើនក្នុងការទប់ទល់នូវការឆ្លងរាលដាលនៃជំងឺនេះ។
បើទោះបីជាជំងឺនេះត្រូវប្រកាសអាសន្នកម្រិតខ្ពស់ក៏ដោយ លោកសង្ឃឹមថាវាជាជំងឺដែលអាចការពារបាន ដោយលោកបានជំរុញឲ្យប្រទេសផ្សេងៗចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ហ្នត់ចត់ដើម្បីការពារនិងទប់ទល់នឹងជំងឺនេះ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលអង្គការសុខភាពពិភពលោកបានប្រកាសជំងឺនេះថាជាជំងឺរាតត្បាតទូទាំងពិភពលោកចាប់ពីការផ្ទុះជំងឺផ្ដាសាយបក្សី H1N1 ក្នុងឆ្នាំ២០០៩ មក៕