គន្លឹះសាមញ្ញ ៧ចំណុចជួយអ្នកឆាប់ដើរដល់គោលដៅជីវិត
ការមានគោលដៅជាក់លាក់មួយនៅក្នុងជីវិត វាពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ។ ប៉ុន្តែការមានគោលដៅហើយដឹងពីវិធីដ៏ត្រឹមត្រូវមួយដើម្បីដើរឆ្ពោះទៅរកវានោះវារឹតតែមានសារៈសំខាន់ទៅទៀត។ មានមនុស្សជាច្រើនត្រូវខាតបង់ ខ្ជះខ្ជាយពេលវេលាជាច្រើនក្នុងការសាកល្បង ទម្រាំតែរកឃើញផ្លូវដើរដ៏ត្រឹមត្រូវមួយ។ ការ រៀនពីបទពិសោធន៍របស់ខ្លួនឯងវាជារឿងមួយដ៏ល្អ ឯការរៀនពីបទពិសោធន៍របស់អ្នកដទៃជារឿងដអស្ចារយ ព្រោះវាជួយឲ្យអ្នកដើរទៅមុខបានកាន់តែលឿន។ ថ្ងៃនេះ BizKhmer សូមលើកយកគន្លឹះសំខាន់ៗទាំង៧ ដើម្បីសម្រេចក្តីសុបិន គោលដៅរបស់អ្នក៖
- ប្តេជ្ញាចិត្ត
នៅក្នុងដំណើរឆ្ពោះទៅសម្រេចក្តីសុបិនរបស់អ្នកពោរពេញទៅដោយឧបសគ្គជាច្រើនដែលអ្នកត្រូវឆ្លងកាត់។ ការប្តេជ្ញាចិត្ត គឺជាកម្លាំងជំរុញដ៏សំខាន់មួយដែលអ្នកចាំបាច់ត្រូវតែមាន ដើម្បីអាចទប់ទល់ជាមួយនឹងឧបសគ្គទាំងអស់នោះបាន ពីព្រោះវាជាអ្វីដែលជួយឲ្យអ្នក អាចបន្តដើរទៅមុខ បើទោះជាអ្នកជួបឧបសគ្គ បញ្ហាយ៉ាងណាក៏ដោយ។ បើវាពិតជាកិច្ចការ ដែលអ្នកស្រលាញ់ចូលចិត្តមែន នោះវាគឺជាបុព្វហេតុនៃជីវិតរបស់អ្នកហើយ។ អ្នកត្រូវតែពុះពារគ្រប់បែបយ៉ាងដើម្បីសម្រេចវាឲ្យបាន។ ជីវិតរបស់អ្នកមានតម្លៃ និងមានភាព រីករាយពិតប្រាកដ លុះត្រាតែអ្នកអាចសម្រេចបាននូវបុព្វហេតុជីវិតរបស់អ្នក ហើយធ្វើឲ្យវាមានចំណែកជាប្រយោជន៍ទៅដល់អ្វីៗដែលនៅជុំវិញខ្លួនអ្នក។ - ស្វែងរកចំណេះដឹង
គ្រប់សមិទ្ធផលទាំងឡាយ វាត្រូវបានកើតឡើង២ដំណាក់កាល។ ជាដំបូងវាបានកើតនៅក្នុងពិភពខាងក្នុងសិន (ខួរក្បាល) បន្ទាប់មកទើបវាអាចកើតមាននៅក្នុងពិភពខាងក្រៅ។ គុណភាពនៃសមិទ្ធផលរបស់អ្នក មិនអាចធំជាងគុណភាពនៃការគិតរបស់អ្នកបានទេ។ ហេតុនេះ អ្នកត្រូវតែបន្តអភិវឌ្ឍន៍ចំណេះដឹងរបស់អ្នកជានិច្ច ដើម្បីអាចបន្តដើរទៅមុខប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ គុណភាពនៃគោលដៅរបស់អ្នក គឺចំណេះដឹងដែលចេញពីខួរក្បាល។ - បង្កើតភាពរីករាយ
ការផ្សងព្រេងទៅរកក្តីសុបិន គឺជាផ្សងព្រេងដ៏វែងអន្លាយមួយ។ ប្រសិនបើវាជាការផ្សងព្រេងដ៏ គួរឲ្យធុញទ្រាន់ សួរថាតើអ្នកអាចដើរបានយូរប៉ុណ្ណា ហើយអាចដើរដល់គោលដៅនោះដែរទេ ហើយបើទោះជាអ្នកអាចដើរដល់ សួរថាតើវាជាការផ្សងព្រេងដែលអ្នកពេញចិត្តដែរទេ។ ប្រសិនបើវាពិតជាអ្វីដែលអ្នកស្រលាញ់ចូលចិត្តមែន ជឿចុះថាវានឹងមិនធ្វើឲ្យអ្នកមានភាពធុញដល់ស្លាប់។ គ្មានអារម្មណ៍ណា ដែលអាចធ្វើឲ្យអ្នកមានភាពរីករាយជាង អារម្មណ៍នៃសេចក្តីស្រលាញ់បានទេ។ អ្នកត្រូវចាំថា បើអ្នកមិនរីករាយនឹងផ្លូវឆ្ពោះទៅកាន់គោលដៅរបស់អ្នក មិនធ្វើឲ្យអ្នករីករាយនោះទេ អ្នកគ្មានផ្លូរដល់ឡើយ។ - ប្រើភាពច្នៃប្រឌិត
ភាពឆ្នៃប្រឌិត គឺជាអាវុធដ៏មានសក្តានុពលរបស់មនុស្សគ្រប់គ្នា។ អ្នកដែលមិនប្រើភាពឆ្នៃប្រឌិតរបស់ ខ្លួនប្រៀបបាននឹង ទាហានដែលចូលសមរភូមិដោយមិនយកអាវុធទៅជាមួយ។ មានបញ្ហាគ្រប់បែប យ៉ាងដែលនឹងចូលមករារាំងដំណើររបស់អ្នក ប៉ុន្តែមិនថាវាជាអ្វីក៏ដោយ វាមិនអាចមានឥទ្ធិពលលើស ពីសក្តានុពលនៃភាពឆ្នៃប្រឌិតរបស់មនុស្សបានទេ។ វិចារណញ្ញាណ ឬក៏ការពិចារណាដែលប្រកបដោយហេតុផល វាគឺជាអាវុធមួយរបស់មនុស្ស ប៉ុន្តែភាពឆ្នៃប្រឌិត គឺជាអាវុធមួយចំនែកទៀត ហើយថែមទាំងជាអាវុធដែលមានសក្តានុពលធ្វើឲ្យអ្នកដើរលឿន ឆាប់ដល់គោលដៅដែលបានដៅទុក។ - កុំខ្វល់ពីគំនិតបន្ទុចបង្អាក់
ជៀសមិនផុតឡើយ មិនថាគំនិតរបស់អ្នកល្អ គោលដៅរបស់អ្នកខ្ពស់ប៉ុណ្ណានោះទេ ប្រាកដណាស់គំនិតអ្នកដទៃនឹងចូលមករារាំង បន្ទុចបង្អាក់ដំណើរផ្សងព្រេងរបស់អ្នក។ សូមយកគំនិតអវិជ្ជមានមកធ្វើជាការប្រុងប្រយ័ត្ន ដើម្បីរៀបចំ ផែនការ ឬក៏ការត្រៀមខ្លួន ប៉ុន្តែសូមកុំបណ្តោយឲ្យវាមករារាំងក្តីសុបិនរបស់អ្នកឲ្យសោះ។ - កុំពឹងផ្អែកលើអ្នកដទៃ
ពិតប្រាកដថា មនុស្សយើងត្រូវតែពឹងពាក់គ្នាទៅវិញទៅមក ប៉ុន្តែសូមកុំបណ្តោយឲ្យផ្នត់គំនិតនេះ ធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលមិនអាចធ្វើអ្វីកើត ប្រសិនបើគ្មានអ្នកដទៃឲ្យសោះ។ អ្នកដទៃគឺជាជំនួយ ហើយថែមទាំងជាជំនួយដ៏ល្អថែមទៀត។ ការមានជំនួយគឺជារឿងមួយដ៏ប្រសើរ ប៉ុន្តែការគិតថាខ្លួនឯង មិនអាចធ្វើអ្វីបានប្រសិនបើគ្មានជំនួយ គឺជារឿងមួយដ៏គួរឲ្យកំសត់ ពីព្រោះមានអំណាចដ៏ធំធេង សក្តានុពលយ៉ាងអស្ចារ្យ ឬគ្រាប់ពូជដ៏មានតម្លៃមួយដែលត្រូវបាន ទុកចោលនៅក្នុងខ្លួនអ្នក។ - រៀបចំផែនការ
ដូចបាននិយាយខាងលើអីចឹង ការដើរទៅកាន់គោលដៅគឺជាការផ្សងព្រេងដ៏វែងអន្លាយមួយ។ អីចឹងហើយ អ្នកមិនអាចដើរទៅមុខដោយគ្មានផែនការច្បាស់លាស់មួយបានទេ។ ការមានផែនការនឹងធ្វើអោយអ្នកមើលឃើញផ្លូវដើរបានកាន់តែច្បាស់លាស់ជាងមុន ដើម្បីអាចដើរឆ្ពោះទៅរកគោលដៅបាន កាន់តែប្រសើរ។ អ្វីៗផ្លាស់ប្តូរជានិច្ចៈ ភ្លឺ-ងងឹត ខ្ពស់-ទាប ឡើង-ចុះ ឬ ល្អ-អាក្រក់ជាដើម។ អ្នកត្រូវតែ ប្រាកដចិត្តថា អ្នកបានត្រៀមខ្លួនរួចរាល់ជានិច្ច។ ការមានផែនការច្បាស់លាស់ប្រៀបដូចមានផែនទីក្នុងបាទដៃ៕
ដោយ៖ ជា ឧត្តម្ភ