​គតិបណ្ឌិត​ចំនួន ​៨​ឃ្លា​ ពី​លោក Hermann Hesse អ្នកនិពន្ធអាល្លឺម៉ង់​



Hermann Hesse គឺជា​កវី​កំណាព្យ អ្នក​និពន្ធ​រឿង​ប្រលោមលោក និង​ជា​វិចិត្រករ​មួយ​រូប​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​អាល្លឺម៉ង់។ គាត់​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៧៧​ និង​ស្លាប់​ក្នុង​ឆ្នាំ​១៩៦២​នៅ​ប្រទេស​ស្វីស។ ស្នាដៃ​និពន្ធ​ដែល​លេចធ្លោ​ជាង​គេ​បំផុត​នៅ​ក្នុង​ជីវិត​គាត់​មាន​ដូចជា Demian, Steppenwolf, Siddhartha និង The Glass Bead Game ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជា​សៀវភៅ​ដែល​និយាយ​អំពី​ការ​ស្វែងរក​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ចំណេះដឹង​អំពីខ្លួនឯង និង​វិញ្ញាណ។ នៅ​ក្នុង​ជីវិត​របស់​គាត់ គាត់​បាន​ទទួល​ពានរង្វាន់​ជាច្រើន​ដែល​នៅ​ក្នុង​នោះ​រួម​មាន​ទាំង​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​នៅ​ក្នុង​ឆ្នាំ​១៩៤៦​ផង​ដែរ។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ដែល​ប្រកប​ដោយ​គតិបណ្ឌិត​ចំនួន​ ៨​ឃ្លា​ ពី​លោក Hermann Hesse៖

  1. «សេចក្ដី​ស្រឡាញ់​មិនមែន​នៅ​ទីនោះ​ដើម្បី​ធ្វើឲ្យ​យើង​រីករាយ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ថា​វា​កើតឡើង​មក​ដើម្បី​បង្ហាញ​យើង​ថា​តើ​យើង​អាច​អត់ធន់​បាន​ខ្លាំង​ប៉ុណ្ណា។»
  2. «មិន​មាន​ការ​ពិត​ណា​ក្រៅ​តែ​ពី​ការ​ពិត​មួយ​ដែល​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​យើង​ឡើយ។ ហេតុនេះ​ហើយ​ទើប​មាន​មនុស្ស​ជាច្រើន​ដែល​រស់នៅ​ជីវិត​ដែល​មិន​ពិត។ ពួកគេ​យក​រូបភាព​នៅ​ខាងក្រៅ​មក​ធ្វើ​ជា​ការ​ពិត​និង​មិន​អនុញ្ញាត​ឲ្យ​ពិភពលោក​ខាងក្នុង​បង្ហាញ​ពី​ខ្លួន​វា​នោះ​ឡើយ។»
  3. «ខ្ញុំ​កន្លង​មក​តែងតែ​ជឿជាក់ ហើយ​ពេល​នេះ​ក៏​នៅតែ​ជឿជាក់​ថា​មិន​ថា​សំណាង​ល្អ​ឬ​អាក្រក់​ក៏​ដោយ​ដែល​បាន​រត់​មក​រក​យើង យើង​តែងតែ​អាច​ផ្ដល់​អត្ថន័យ​ខ្លឹមសារ​ដល់​វា​និង​បម្លែង​វា​ទៅ​ជា​អ្វីមួយ​ដែល​មាន​តម្លៃ​បាន។»
  4. «ភារកិច្ច​ដ៏​ពិតប្រាកដ​របស់​មនុស្ស​គឺជា​ការ​ស្វែងរក​ផ្លូវ​ត្រឡប់​ទៅ​កាន់​ខ្លួនឯង​វិញ។»
  5. «ពាក្យ​មិន​រៀបរាប់​ពី​ការ​គិត​បាន​ច្បាស់លាស់​ឡើយ។ ពួក​វា​តែងតែ​មាន​ភាព​ខុស​ប្លែក​ពី​មុន​បន្តិច​ក្រោយ​ពេល​ដែល​ពួក​វា​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​រៀបរាប់ បំភ្លៃ​បន្តិច និង​ឆោតល្ងង់​បន្តិច។»
  6. «ចំណេះដឹង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន តែ​មិនមែន​បញ្ញា​នោះ​ឡើយ។ បុគ្គល​ម្នាក់​អាច​រក​ឃើញ​វា រស់នៅ​វា ត្រូវ​បាន​ធ្វើឲ្យ​រឹងមាំ​ដោយសារ​វា រុករក​ស្រាវជ្រាវ​តាមរយៈ​វា ប៉ុន្តែ​បុគ្គល​ម្នាក់​មិន​អាច​ប្រាស្រ័យ​ទាក់ទង​ឬ​បង្រៀន​វា​បាន​ឡើយ។»
  7. «ខ្ញុំ​ត្រូវ​ភ្លក់​រសជាតិ​នៃ​ភាព​ឆ្កួត​ឡប់​ជាច្រើន ទង្វើ​ឃោរឃៅ​អសីលធម៌​ជាច្រើន កំហុស​ជាប់​គាំង​ជាច្រើន អារម្មណ៍​នៃ​ការ​ស្អប់ខ្ពើម​ជាច្រើន ការ​ខកចិត្ត​និង​ភាព​សោកសៅ​ជាច្រើន គ្រាន់តែ​ដើម្បី​ក្លាយ​ជា​កូន​ក្មេង​ម្ដង​ទៀត​និង​ចាប់ផ្ដើម​សាជាថ្មី​ម្ដងទៀត។ ខ្ញុំ​ត្រូវ​ភ្លក់​រសជាតិ​នៃ​ការ​អស់​សង្ឃឹម ខ្ញុំ​ត្រូវ​លិចលង់​ទៅ​ក្នុង​ជម្រៅ​ផ្លូវចិត្ត​ដ៏​ជ្រៅ​បំផុត គិត​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង គ្រាន់តែ​ដើម្បី​ភ្លក់​រសជាតិ​នៃ​ការ​ប្រទាន​ពរ។»
  8. «មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​អោបក្រសោប​ឲ្យ​ជាប់​នឹង​ធ្វើឲ្យ​យើង​ខ្លាំងក្លា ប៉ុន្តែ​មាន​ពេល​ខ្លះ​វា​គឺជា​ការ​ប្រលែង​ចោល​ទៅវិញ​ទេ។»

    ដោយ៖ ស្រីពៅ
X
5s