ពិព័រណ៌ការវិនិយោគ និងសិក្សានៅបរទេស កំពុងសម្លឹងខ្ពស់ពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា​



កាលពីរសៀលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២០ East West Visa Service បានរៀបចំកម្មវិធីតាំងពិព័រណ៌មួយស្តីពី ការវិនិយោគ និងសិក្សានៅបរទេស រួមជាមួយនឹងពិព័រណ៌ សិក្ខាសាលាស្តីពីសេវាអន្តោប្រវេសន៍ស្របច្បាប់ធំជាងគេនៅកម្ពុជា។ 

លោក រស្មី សុកមង្គល អ្នករៀបចំ និងគ្រប់គ្រងកម្មវិធីបានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋខ្មែរ មានឱកាសនិងលទ្ធភាពធ្វើការវិនិយោគនៅបរទេសដោយស្របច្បាប់ តាមរយៈការវិនិយោគលើការសិក្សារួមទាំងការវិនិយោគលើអចលនទ្រព្យ។

កម្មវិធីក្នុងថ្ងៃនេះមានការចូលរួមក្រុមហ៊ុនបរទេសប្រមាណជា ១៧ ក្រុមហ៊ុនហើយច្រើនជាងគេគឺមកពីប្រទេសអូស្រ្តាលី ញូវហ្សេលែន សាយប្រឹស ម៉ាល់តា សិង្ហបុរីជាដើម។ 

លោក Trafford Busutti នាយកប្រតិបត្តិក្រុមហ៊ុន Go 2 EUROPE ដែលជាក្រុមហ៊ុនផ្តល់សេវាអន្តោប្រវេសន៍ស្របច្បាប់ បានមានប្រសាសន៍ថា ដោយសារកម្ពុជាជាប្រទេសមួយដែលមានការរីកចម្រើនខ្ពស់ មានសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស បូករួមទាំងភាពរីកចម្រើននៃវិស័យអប់រំ ដូច្នេះហើយលោកជឿថាប្រជាពលរដ្ឋកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការទទួល និងចាប់យកឱកាសនៃការសិក្សា និងវិនិយោគនៅក្រៅប្រទេសពិសេសប្រទេសប៉ែកអឺរ៉ុប។

ដោយសារក្រុមហ៊ុនលោកជាក្រុមហ៊ុនមួយផ្តល់សេវាអន្តោប្រវេសន៍ស្របច្បាប់ដល់ប្រជាជនបរទេស តាមរយៈការបំពេញលក្ខខណ្ឌដែលប្រទេសគោលដៅបានដាក់ចេញ ហើយលោកក៏មានជំនឿចិត្តថាប្រជាពលរដ្ឋកម្ពុជាពិតជាមានលទ្ធភាព និងកំពុងសម្លឹងការវិនិយោគនានានៅក្រៅប្រទេស។ លោកក៏បានបញ្ជាក់បន្ថែមដែរថា ម៉ាល់តា ជាប្រទេសស៊ីវីល័យមួយដែលមានភាពរីកចម្រើន ពិសេសជាប្រទេសដែលមានប្រព័ន្ធអប់រំខ្លាំងស្ទើរលើសប្រទេសដទៃ ហើយម៉ាល់តាក៏ជាប្រទេសគោលដៅដ៏ធំមួយសម្រាប់ប្រជាជនអាស៊ីក្នុងការសម្លឹងចាប់យកឱកាសសិក្សានៅទីនោះ។ លើសពីនេះ លោកក៏រីករាយខ្លាំងណាស់ដែលអាចធ្វើដំណើរចូលមកប្រទេសដ៏ស្រស់ស្អាតគឺកម្ពុជា និងអាចនឹងសម្លឹងចាប់បើកការិយាល័យនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ លោក Barry Winter អ្នកគ្រប់គ្រងក្រុមហ៊ុន Pafilia ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេស សាយប្រឹស បានមានប្រសាន៍ថា កម្ពុជាពេលនេះហាក់មានប្រជាជនឬវិនិយោគិនដែលមានសក្តានុពល មានលទ្ធភាពក្នុងការសម្លឹងចាប់យកឱកាសវិនិយោគអចលនទ្រព្យនៅប្រទេស សាយប្រឹស។

ដោយសារក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនឈានមុនគេមួយក្នុងប្រទេសសាយប្រឺស និងជាក្រុមហ៊ុនដែលមានជំនាញលើអចលនទ្រព្យព្រោះបានដំណើរការ ឈរជើងលើទីផ្សារតាំងពីឆ្នាំ ១៩៧៧ មក ដូច្នេះលោកនឹងនាំវិនិយោគិនកម្ពុជា ឬអ្នកដែលមានបំណងចង់វិនិយោគអចលនទ្រព្យក្នុងប្រទេសសាយប្រឺស ឲ្យទៅមើលឃើញជាក់ស្តែង ធ្វើការណែនាំប្រឹក្សាយោបល់ជាមុន មុនសម្រេចចិត្តវិនិយោគ។

គួរបញ្ជាក់ផងដែរថា មិនមែនជាលើកទីមួយទេដែលកម្មវិធីបានរៀបចំឡើង តែគឺជាលើកទី ១២ ហើយគ្រាន់តែថាវាបានក្លាយជាវេទិកាមួយមិនសូវមានមនុស្សចូលរួមដោយសារបញ្ហា Covid-19 តែការរៀបចំកន្លងមកគឺទទទលបានាការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជាមិនតិចជាង ៣០០ ទៅ ៤០០នាក់ទេ ហើយចំនួនសិស្សបានបន្តការសិក្សាទៅក្រៅប្រទេសតាមរយៈកម្មវិធីតាំងពិព័រណ៌មួយនេះក៏មានច្រើនដែរ៕

ដោយ៖ យ៉ាយ៉ា​

 

X
5s