ក្រសួងសុខាភិបាល៖ គ្មានហេតុផលណាមួយដែលក្រសួងចាំបាច់លាក់បាំងពីករណី Covid-19 នោះទេ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា គ្មានហេតុផល ឬផលប្រយោជន៍ណាមួយឡើយដែលក្រសួងសុខាភិបាលចាំបាច់លាក់បាំង និងព្យាយាមបិទព័ត៌មានពាក់ព័ន្ធនឹងករណី Covid-19 នោះទេ។
លោកស្រីបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសិទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមិនា ឆ្នាំ២០២០។ លោកស្រីក៏បានមានប្រសាសន៍បន្តដែរថា៖ “កម្ពុជានឹងមិនបានទទួលផលប្រយោជន៍អ្វីបន្តិចសោះពីការ ប្រសិនបើកម្ពុជាពិតជាមានករណី ហើយបើក្រសួងពិតជាចង់លាក់បាំងព័ត៌មានមែន នោះមួយករណីដែលបានកើតនៅក្នុងខេត្តព្រះសីហនុ ប្រហែលជាមិនអាចមានព័ត៌មានផ្សាយទេ ហើយក៏មិនចាំបាច់ត្រូវធ្វើសន្និសីទសារព័ត៌មានភ្លាមៗដែរ”។
“ខ្ញុំចាំបានថា គិតមកទល់ពេលនេះបើនិយាយពី Press Release ដែលបានចេញមិនតិចជាង ១៦ ទៅ ១៧ ទេ ហើយសន្និសីទសារព័ត៌មានលើកនេះគឺជាសន្និសីទសារព័ត៌មានលើកទី ៣ ហើយដែលក្រសួងបានធ្វើឡើងដើម្បីជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពីការវិវត្តន៍ និងបច្ចុប្បន្នភាពនៃករណីវីរុស Covid-19 នេះ” លោកស្រីបានបញ្ជាក់បន្ថែម។
ក្រសួងសុខាភិបាល កំពុងធ្វើការងារយ៉ាងសកម្មដុតដៃដុតជើង និងយកចិត្តទុកដាក់បំផុតលើការចាត់វិធានការការពារ និងតាមដានករណីនៃវីរុស Covid-19 នេះ ហើយអ្វីទាំងអស់គឺធ្វើឡើងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ក្រសួងសុំធ្វើការទទូចម្តងហើយម្តងទៀត សូមឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់លើការការពារសុវត្ថិភាពផ្ទាល់ខ្លួន អនុវត្តគោលការណ៍អនាម័យ ហើយអ្វីដែលសំខាន់បំផុតនោះគឺសូមឲ្យមានការប្រុងប្រយ័ត្ន ពិចារណាឲ្យបានហ្មត់ចត់មុនជឿទុកចិត្តលើការផ្សព្វផ្សាយណាមួយ ជាជាងត្រូវបុគ្គលអគិតមួយចំនួនកេងបន្លំទាញផលប្រយោជន៍ពីយើងបាន៕
ដោយ៖ យ៉ាយ៉ា