សច្ចភាព ៦យ៉ាង ដែលមិនអាចប្រកែកបាន បើចង់ផ្លាស់ប្តូរជីវិតរបស់អ្នក
ព្រះអាទិត្យរះពីទិសខាងកើត ហើយលិចទៅវិញនៅទិសខាងលិច។ ១០០០ឆ្នាំទៀតក៏វានៅតែ លិចនៅទិសខាងលិច ហើយរះមកវិញនៅទិសខាងកើតដដែល ពីព្រោះវាគឺជាសច្ចភាព ជាភាពពិត ជាគោលការណ៍ ឬជាដំណើររបស់ធម្មជាតិ។ ខាងក្រោមនេះគឺជាសច្ចភាព ឬ ភាពពិតទាំង៦យ៉ាង ដែលអាចផ្លាស់ប្តូរជីវិតមនុស្សគ្រប់រូបបានគ្រប់ពេលវេលា គ្រប់សម័យកាល ប្រសិនបើអ្នកចង់ស្វែងយល់ ហើយ អាចសម្របខ្លួននឹងវាបាន៖
- ភាពបរាជ័យគឺជាគូរនៃភាពជោគជ័យ
ភាពជោគជ័យហើយនឹងភាពបរាជ័យ ប្រៀបបានទៅនឹងយប់ហើយនឹងថ្ងៃ ទឹកនិងភ្លើង មេឃនិងដីអីចឹង។ បើមានតែពេលថ្ងៃ គ្មានពេលយប់ ឬ មានតែយប់ គ្មានថ្ងៃ អ្វីៗលើលោកនេះ ក៏មិនអាចមានជីវិតបានដែរ។ វាជាដំណើររបស់ធម្មជាតិ វាជាធាតុ២ដែលមិនអាចខ្វះគ្នាបាន។ ប្រៀបបានដូចជាទារក ដែលបង្កើតឡើងដោយ ទំនាក់ទំនងរវាងមនុស្សប្រុសនឹងមនុស្សស្រីដូចគ្នាដែរ។
យ៉ាងណាមិញអ្នកដែលប្រាថ្នាចង់ទទួលបានសមិទ្ធផលអ្វីមួយក្នុងជីវិត ដោយមិនចង់ជួបនឹងភាពបរាជ័យ មិខខុសអីពីបុរសដែលចង់មានកូន ដោយគ្មានទំនាក់ទំនងជាមួយនឹងស្រ្តី ឬ ស្រ្តីដែលចង់បានកូន ដោយមិនត្រូវការមានទំនាក់ទំនងជាមួយនឹងបុរសអីចឹង។ វាជារឿងដែលមិនអាចទៅរួចទាល់តែសោះ ព្រោះវាមិនមែនជាដំណើរការរបស់ធម្មជាតិ។ យើងមិនអាចប្រឆាំងជាមួយនឹងធម្មជាតិបានទេ យើងមានតែទទួលស្គាល់ ទទួលយក ហើយសម្របខ្លួនជាមួយវាប៉ុណ្ណោះ។ កុំខ្លាចចំពោះភាពបរាជ័យ ព្រោះអ្នកមិនអាចជៀសវាងវាបានទេ។ គ្រប់គ្នាធំធាត់មកជាមួយភាពបរាជ័យ តាំងតែពីពេលរៀនដើរ រៀនរត់ រៀនជិះកង់ ជិះម៉ូតូ រហូតដល់ពេលចូលធ្វើការ ឬប្រកបរបរអាជីវកម្ម មកជាហូរហែរ។ ហេតុអីត្រូវខ្លាចចំពោះភាពបរាជ័យនោះ? អ្វីដែលសំខាន់គឺការចេះទាញយកប្រយោជន៍ពីធាតុទាំង២។ បើយប់ត្រូវសម្រាក បើថ្ងៃត្រូវធ្វើការ បើបរាជ័យត្រូវរៀនសូត្រពីកំហុសឆ្គង បើជោគជ័យត្រូវប្រឹងប្រែងធ្វើវាបន្តទៀត។ - មនុស្សសុទ្ធតែអស្ចារ្យដូចៗគ្នា
ភាពអស្ចារ្យរបស់មនុស្ស គឺមនុស្សមានវិចារណញ្ញាណ មានភាពឆ្នៃប្រឌិត។ បើអ្នកយល់ថាខ្លួនឯងអន់ជាងអ្នកដទៃ គ្មានសក្តានុពលដូចជាអ្នកដទៃ នោះលុះត្រាតែអ្នកមិនមែនជាមនុស្ស។ ចំនុចសំខាន់នៅត្រង់ថា តើអ្នកបានប្រើប្រាស់សក្តានុពល និងភាពអស្ចារ្យក្នុងខ្លួនរបស់អ្នកបានច្រើនប៉ុណ្ណា។
វិចារណញ្ញាណ ភាពឆ្នៃប្រឌិតរបស់អ្នកប្រៀបបានទៅនឹងសាច់ដុំ បើអ្នកកាន់តែប្រើវាកាន់តែរឹងមាំ។ មនុស្សដែលមានភាពឆ្នៃប្រឌិតជាងអ្នក មានការពិចារណាបានល្អជាងអ្នក គឺគ្រាន់តែមកពីគេបានប្រើប្រាស់វាបានច្រើនជាងអ្នកប៉ុណ្ណោះ។ មនុស្សដែលជឿថាខ្លួនឯងគ្មានសក្តានុពលដូចអ្នកដទៃ គឺជាមនុស្សដែលជឿថាខ្លួនឯងមិនអាចមានសាច់ដុំរឹងមាំដូចជាអ្នកដទៃបាន។ - អ្នកគឺជាសមិទ្ឋផលដែលអ្នកបានសាងមក
គ្មានជោគវាសនា គ្មានសំនាង គ្មានព្រះឥន្ទ ព្រះព្រហ្មណា ឬទេវតាណាដែលមកកំណត់ឲ្យអ្នកក្លាយជាអ្នកនោះទេ។ បើមានមែននោះ ព្រះគឺជារូបអ្នកនោះហើយ។ ពិតប្រាកដថាបរិយាសជុំវិញខ្លួនយើងមានឥទ្ឋិពលលើអ្នក ប៉ុន្តែយើងនៅតែជាកាពីតែនដឹកនាំនាវាជីវិតរបស់របស់អ្នកឆ្លងកាត់មហាសមុទ្រ។ អ្នកមានសិទ្ធិក្នុងការជ្រើសរើស មានសិទ្ធិក្នុងការសម្រេចចិត្ត មានសិទ្ធិក្នុងការឆ្លើយតបចំពោះបរិយាកាសជុំវិញខ្លួន។
ពេលខ្លះបើទោះបីមានព្យុះកំណាចបោកបក់នាវាជីវិតរបស់អ្នកក៏ដោយ ពិតណាស់ថានាវាអ្នកនឹងទទួលរងពីឥទ្ធិពលរបស់ព្យុះ ប៉ុន្តែបើទោះជានាវាត្រូវបានលិចលង់ក៏ដោយ ដ៏រាបណាកាពីតែននៅមានជីវិត គេនៅតែមានឱកាសអាចទៅដល់គោលដៅរបស់គេបានដដែល។ បរិយាកាសខាងក្រៅអាចនឹង ធ្វើឲ្យអ្នកពិការដៃពិការជើង តែបើអ្នកនៅមានដង្ហើម នោះកាពីតែនក្នុងខ្លួនអ្នកនៅមិនទាន់ស្លាប់ទេ អីចឹងហើយត្រូវតែប្រឹងប្រែងកសាងខ្លួនឯងបន្តទៀតដើម្បីកាច់ចង្កូតនាវាជិវីតឲ្យដល់ត្រើយ។ - ភាពអស្ចារ្យនៃបច្ចុប្បន្នកាល
អ្នកអាចសម្លឹងមើលទៅអនាគតដើម្បីឃើញពីទិសដៅដែលត្រូវទៅ អាចសម្លឹងមើលអតីតកាលដើម្បីស្វែងយល់ពីអ្វីដែលបានឆ្លងកាត់ តែសូមកុំរស់នៅជាមួយវា ឬ ជាប់ជំពាក់នឹងវាឲ្យសោះ ព្រោះវាធ្វើអ្នកអាចនឹងខកបំណងកេ្របយកភាពរីករាយដ៏អស្ចារ្យដែលកំពុងតែកើតមានក្នុងពេលបច្ចុប្បន្នកាល។
ភាពរីករាយពិតប្រាកដកើតមានតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។ អ្វីដែលនឹងកើតឡើង អាចនឹងមិនដូចការរំពឹងទុក ហើយអ្វីដែលបានកើតឡើងហើយ វាគ្រាន់តែជាការចងចាំនោះទេ មានតែអ្វីដែលយើងកំពុងតែមានក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទើបជាការពិត។ បើអ្នកអាចរីករាយ និង រស់នៅជាមួយនឹងបច្ចុប្បន្នកាលបាន នោះអ្នកនឹងរកឃើញភាពរីករាយពិតប្រាកដក្នុងជីវិត។
ព្រះសម្មាសម្ពុទ្ធ បានសម្ដែងថា៖ «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»។ - តម្លៃពិតស្ថិតនៅក្នុងខ្លួនបុគ្គលម្នាក់ៗ
មនុស្សមួយចំនួនហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីទទួលបាន លុយកាក់ បុណ្យសក្តិ និងទ្រព្យសម្បត្តិដោយមិនខ្វល់ពី គុណធម៌ សិលធម៌ និងសុច្ចរិតភាពក្នុងនាមមនុស្សឡើយ។ ទាំងនេះដោយសារតែ ពួកគេយល់ថាអ្វីទាំងអស់នេះគឺជាតម្លៃរបស់មនុស្ស។
ពិតណាស់ថាអ្វីទាំងអស់នេះ ជាចំនុចមួយដែលអាចស្តែងឲ្យឃើញពីផ្នែកមួយនៃតម្លៃក្នុងខ្លួនរបស់មនុស្ស តែវាមិនមែនជាតម្លៃរបស់មនុស្សនោះទេ។ អ្នកមាន អាចនឹងមានសម្ភារៈទំនើបៗ ថ្លៃៗប្រើប្រាស់ តែគ្រប់អ្នកដែលមានសម្ភារៈនិយមថ្លៃៗប្រើប្រាស់មិនប្រាកដថាសុទ្ធតែជាអ្នកមានឡើយ។
អីចឹងហើយ ទើបមានអ្នកដែលខ្ចីបុលគេ ដើម្បីទិញសម្ភារៈនិយមថ្លៃៗយកមកបង្ហាញថា ខ្លួនគឺជាអ្នកមាន ដែលវាផ្ទុយស្រលះពីអត្ថន័យនៃភាពជាអ្នកមាន ឬ អ្នកដែលមានជីវភាពធូរធារ។ ការនេះក៏ដូចគ្នាទៅនឹងការឲ្យនិយមន័យនៃពាក្យថា “តម្លៃរបស់មនុស្ស” របស់មនុស្សម្នាក់ៗផងដែរ។ យើងជាប់ជំពាក់យ៉ាងខ្លាំងទៅនឹងទ្រព្យសម្បត្តិក្រៅខ្លួន យើងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសាងវាឡើងមក រហូតដល់មើលរំលង ហើយមិនបានកសាងតម្លៃពិតប្រាកដ ដែលកើតមានពីខាងក្នុងខ្លួន។
ការឲ្យតម្លៃទ្រព្យសម្បត្តិខាងក្រៅមិនមែនជាកំហុសទេ តែការឲ្យតម្លៃវារហូតមើលរំលងតម្លៃពិតប្រាកដរបស់មនុស្សដែលកើតមានឡើងពីពិភពខាងក្នុង វាគឺជាកំហុសឆ្គងដ៏ធំបំផុត។ កុំថាឡើយទ្រព្យសម្បត្តិខាងក្រៅ លុយកាក់ មាសប្រាក់ បុណ្យសក្តិ សូម្បីតែរាងកាយរបស់អ្នកក៏មិនមែនជាតម្លៃពិតប្រាកដរបស់អ្នកនោះដែរ។ បើអ្នកទទួលបានការឲ្យតម្លៃតាមរយៈរូបរាងកាយរបស់អ្នក មិនយូរមិនឆាប់វាក៏នឹងត្រូវបាត់បង់ទៅវិញ តាមបម្រែបម្រួលនៃរូបរាងកាយរបស់អ្នកដូចគ្នាដែរ ពីព្រោះវាមិនមែនជាតម្លៃពិតប្រាកដរបស់អ្នកឡើយ។ ព្រះពុទ្ធ ព្រះយេស៊ូវ ព្រះអលឡោះ លោកអាញស្តាញ និងបុគ្គលអស្ចារ្យៗជាច្រើនរូបទៀតដែលបានចាកលោកទៅជាច្រើនឆ្នាំ តែពួកអ្នកទាំងនោះនៅតែជាបុគ្គលដែលមានតម្លៃសម្រាប់មនុស្សជាតិជានិច្ច។ នេះហើយជាតម្លៃពិតប្រាកដរបស់មនុស្ស។ ទន្ទឹមនឹងការកសាងទ្រព្យសម្បត្តិខាងក្រៅ សូមកុំភ្លេចកសាងទ្រព្យសម្បត្តិខាងក្នុងឲ្យសោះ ព្រោះវាជាពិភពនៃតម្លៃពិតប្រាកដរបស់អ្នក។ - ការផ្លាស់ប្តរតែងកើតមានជានិច្ច
ពិភពនេះគឺជាពិភពនៃការផ្លាស់ប្តូរ។ អ្វីៗតែងតែផ្លាស់ប្តូរជានិច្ច មិនថាក្នុងរយៈពេលវែង ឬខ្លីនោះទេ។ អ្នកមិនអាចជៀសផុតពីការផ្លាស់ប្តូរបានទេ ប៉ុន្តែអ្នកអាចទាញយកប្រយោជន៍ពីវាបាន។ ស្ថានភាពដែលយើងកំពុងតែស្ថិតនៅ របៀបរបបនៃការរស់នៅ ឬតម្រូវការរបស់មនុស្សនឹងផ្លាស់ប្តូរនៅថ្ងៃណាមួយជាមិនខាន។
សហគ្រិនដែលជោគជ័យធំៗច្រើនតែជាបុគ្គលដែលមើលឃើញទំនោរនៃការផ្លាស់ប្តូរ ហើយឆ្លើយតបនឹងការផ្លាស់ប្តូរដោយភាពឈ្លាសវៃ ជាពិសេសគឺការឆ្លើយតបទៅការផ្លាស់ប្តូរនៃតម្រូវការរបស់មនុស្ស។ អ្វីដែលសំខាន់ជាងនេះទៅទៀត ទន្ទឹមនឹងការផ្លាស់ប្តូរនឹងនាំមកនូវឱកាស វាក៏នឹងនាំមកជាមួយនូវហានិភ័យផងដែរ។ ការផ្លាស់នឹងនាំមកនូវឱកាសដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់គ្នា ដែលមើលឃើញ និង ត្រៀមខ្លួនរួចរាល់ដើម្បីវា តែវាក៏នឹងនាំមកនូវហានិភ័យសម្រាប់មនុស្សគ្រប់គ្នាផងដែរ ដែលព្រងើយកន្តើយ ឬ ក៏មិនបានត្រៀមខ្លួនជាមុនដើម្បីទទួលយកវា។ សូមកុំបណ្តោយឲ្យខ្លួនឯងក្លាយជាជនរងគ្រោះនៃការផ្លាស់ប្តូរឲ្យសោះ៕
ដោយ៖ ជា ឧត្តម្ភ