កុំទាន់ជ្រួលច្របល់ ចាំក្រសួងសុខាភិបាលជប៉ុនជូនដំណឹងជាផ្លូវការសិនលើករណី Covid-19 នេះ
សារព័ត៌មាន Vietnam Insider បានចេញផ្សាយកាលពីយប់ថ្ងៃទី ៤ ខែមិនា ២០២០ ថា មានជនជាតិជប៉ុនម្នាក់បានពិនិត្យឃើញតេស្តវិជ្ជមានលើករណី Covid-19 ដែលចេញចាកចេញពីអាកាសយាន្តដ្ឋានខេត្តសៀមរាបប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុនដោយធ្វើការផ្ទេរជើងហោះហើរនៅទីក្រុងហូជីមិញ តែមន្ត្រីសុខាភិបាលមិនបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកជំងឺនោះទេ។
ការពិនិត្យ និងបញ្ជាក់ថាជនជាតិជប៉ុនរូបនេះមានផ្ទុក Covid-19 មិនមែនរកឃើញនៅក្នុងប្រទេសវៀតណាមទេ តែរកឃើញពេលយន្តហោះចុះចតនៅអាកាសយាន្តដ្ឋាន Nagoya ប្រទេសជប៉ុន នេះបើយោងតាមសារព័ត៌មាន Nhip Cau Dau Tu ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍។
ខណៈនេះដែរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះគឺគាត់ជាអ្នករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកំសាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុនប្រចាំខេត្ត បានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។
ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ ឯកឧត្តម អភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាល ដាក់ចេញនូវវិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។
ដូចនេះ សូមសាធារណជនជាតិ និងអន្តរជាតិសូមមេត្តាជ្រាបជាព័ត៌មាន នឹងរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕