មនុស្សក្រពើ
មនុស្សក្រពើ រមិលគុណក្នុងសម័យណាក៏មានដែរ ជាពិសេសសម័យបច្ចេកវិទ្យាទំបើបដូចសព្វថ្ងៃក៏មិនខ្វះនោះឡើយ ពេលខ្លះកំពុងនៅក្បែរខ្លួនអ្នកក៏ថាបាន។ អ្នកដឹងហើយថាក្រពើត្រូវបានគេតំណាងជាសត្វរមិលគុណ ហើយមនុស្សក្រពើក៏មិនខុសគ្នានោះដែរ។ មនុស្សប្រភេទនេះភាគច្រើនធ្វើគុណ បានទោស។ ពេលខ្លះខិតខំជួយទំនុកបម្រុង ជួយនេះ ជួយនោះ តែមិនត្រឹមតែតបស្នងសងគុណនោះទេ តែថែមទាំងវាត់កន្ទុយ បញ្ចេញចង្កូម ងាកក្បាលមកខាំអ្នកដែលខំជួយមកវិញទៀតផង។
ក្នុងសង្គមយើងសប្បូរណាស់ មនុស្សប្រភេទពូកែលាក់ពុត លាក់ចង្កូមបីសាច មិនងាយមើលដឹងទេ ពាក្យផ្អែមពិរោះដូចមេស្ករ ភាគច្រើនល្អនៅមុខអ្នកនៅពេលអ្នកហុចប្រយោជន៍ឲ្យ ប៉ុន្តែមិនយូរមិនឆាប់សណ្ដានមនុស្សបែបនេះនឹងប្រែធាតុពិតរបស់ខ្លួនមិនខាន។ នៅពេលអង្កៀមអស់សាច់ ប្រើអ្នកសាច់ អស់តម្លៃ មិនត្រឹមមិនដឹងគុណនោះទេ តែថែមទាំងរមិលគុណផ្ដល់បញ្ហាដល់អ្នកទាំងថែមទៀត។
មនុស្សប្រភេទនេះភាគច្រើនបញ្ចេញចង្កូមបីសាចសរបស់ខ្លួន នៅពេលអ្នកមានកំហុសតិចតួច ដោយមិនគិតវិភាគអំពីគុណដែលអ្នកខំជួយតាំងពីដើមនោះឡើយ។ ពាក្យចាស់ខ្មែរពោលថា «ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់»។ មិនខុសនោះទេអ្នកខំធ្វើល្អរាប់ឆ្នាំ ពេលខ្លះអ្នកធ្វើកំហុសមួយ មនុស្សបែបនេះនឹងចាប់ផ្ដើមបញ្ចេញចង្កូមបីសាចរបស់ខ្លួន។ ជាសត្វក្រពើមិនមានសតិ ការគិតពិចារណាអំពីគុណ ការជួយរបស់អ្នកនោះទេ។
អ្នកគួរត្រូវប្រយ័ត្នមនុស្សពពួកនេះ ពីព្រោះដំបូងធ្វើចិត្តល្អយកចិត្តអ្នកចុងក្រោយពពួកនេះនឹងបកមកខាំអ្នក និយាយដើម លួចចាក់អ្នកពីក្រោយខ្នងជាដើម។ បើដឹងថាមនុស្សសណ្ដាននោះគួរជៀសចេញឲ្យឆ្ងាយ គួរកុំនៅជិតពេក ពីព្រោះមិនបាននាំចម្រុងចម្រើនដល់អ្នកនោះទេ។ អ្នកភក្ដិអ្នកអាចក្លាយជាក្រពើ អ្នកជិតខាងអ្នកអាចក្លាយជាក្រពើ មនុស្សដែលអ្នកទុកចិត្តអាចក្លាយជាក្រពើ មនុស្សនៅជុំវិញខ្លួនអ្នកអាចក្លាយជាក្រពើ៕
អត្ថបទ៖ លង់ វណ្ណៈ