ឥរិយាបទទាំង៧ ធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្អ នៅកន្លែងការងារ លើសពីការប្រឹងប្រែងធ្វើការទៅទៀត
មនុស្សភាគច្រើនក្នុងសម័យកាលនេះគឺជាអ្នកធ្វើការ ឬ ក៏ជានិយោជិតដែលកំពុងតែបម្រើការនៅក្នុងស្ថាប័នណាមួយ។ ហើយភាគច្រើននៃពួកគេសុទ្ឋសឹងតែប្រាថ្នាចង់ទទួលបានភាពលេចធ្លោ ឬមានកេរ្តិ៍ឈ្មោះល្អក្នុងស្ថាប័នរបស់ខ្លួនរៀងៗខ្លួន។ ប៉ុន្តែអ្នកខ្លះមិនដឹងថាតើត្រូវធ្វើយ៉ាងណាក្រៅតែពីការប្រឹងប្រែងបំពេញការងារតែមួយមុខ ខណៈឯអ្នកខ្លះកំពុងតែធ្វើផ្ទុយពីអ្វីពួកគេត្រូវការទៅវិញ។
ខាងក្រោមនេះជាចំនុចចំបងទាំង៧ ដែលអាចជួយអ្នកឲ្យមានភាពលេចធ្លោ ឬមានកេរ្តិ៍ឈ្មោះល្អក្នុងស្ថាប័នរបស់អ្នកបាន៖
- មកធ្វើការទាន់ពេល
ស្ថាប័ននីមួយៗ តែងតែមានការកំណត់យ៉ាងច្បាស់លាស់អំពីម៉ោងចេញ និងម៉ោងចូលធ្វើការរបស់ស្ថាប័នខ្លួន។ ហើយប្រសិនបើយើងបានសម្រេចចិត្តថានឹងធ្វើការក្នុងស្ថាប័នណាមួយហើយនោះ នោះមានន័យថាយើងបានសម្រេចចិត្ត ទទួលយកលកខណ្ខផ្សេងៗរួមទាំងចំនុចខាងលើនេះរបស់ស្ថាប័ននោះរួចហើយ។ ការមកធ្វើការទាន់ពេលវេលា វាបង្ហាញថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវចំពោះអ្វី ដែលអ្នកបានយល់ព្រមជាមួយស្ថាប័ន។ - និយាយស្តី ហើយដឹងពីពេលវេលាដែលត្រូវនិយាយ
ការធ្វើការក្នុងស្ថាប័ន ជាការធ្វើការជាក្រុម។ ហេតុនេះហើយ ប្រសិនបើអ្នកគ្មានទំនាក់ទំនង ឬ និយាយ ស្តីអ្វីសោះជាមួយមិត្តរួមការងារក៏មិនកើតដែរ វាបង្ហាញថាអ្នកមានភាពកម្សោយផ្នែកទំនាក់ទំនង ឬ ក្នុងការធ្វើការងារជាក្រុម ប៉ុន្តែបើអ្នកនិយាយស្តីច្រើនពេកមិនចេះគិតក៏មិនបានដែរ វាក៏មិនសូវល្អផងដែរ។ អីចឹងហើយការចេះនិយាយលេង ហើយដឹងពីពេលវេលាដែល ត្រូវនិយាយស្តីវាបង្ហាញថាអ្នកជាមនុស្សចេះថ្លឹងថ្លែង ស្គាល់កាលៈទេសៈ និងមិនជ្រុលនិយម។ - សុំជំនួយ
គ្មាននរណាម្នាក់ចេះសព្វគ្រប់នោះទេ។ ការចេះសួរនាំ ឬ សុំជំនួយពីមិត្តរួមការងាររបស់អ្នកជាចំនុចល្អមួយដែរ។ វាបង្ហាញថាអ្នកជាមនុស្សចេះធ្វើការងារជាក្រុម ចេះសហការ ឬ ចេះពឹងពាក់គ្នាទៅវិញទៅមក ដែលជាអ្វីដែលអ្នកធ្វើការជាក្រុមគួរតែមួយ ប៉ុន្តែក៏មិនបានន័យថាអ្នកចេះតែសួរ ចេះតែពឹងពាក់គេគ្រប់រឿងនោះដែរ។ អ្នកត្រូវតែចេះថ្លឹងថ្លែងរវាងការពឹងពាក់អ្នកដទៃ និងពឹងពាក់ខ្លួនឯង រវាងទំនួលខុសត្រូវបុគ្គល និងទំនួលខុសត្រូវជាក្រុម។ - ចេះបត់បែន
ការចេះបត់បែន បង្ហាញថាអ្នកជាមនុស្សដែលចេះធ្វើការជាមួយអ្នកដទៃបានគ្រប់កាលៈទេសៈ។ គ្រប់គ្នានៅក្នុងស្ថាប័នមួយមិនមែនសុទ្ឋតែមានលក្ខណៈដូចៗគ្នាទាំងអស់នោះទេ។ ការចេះបត់បែននឹងធ្វើឲ្យអ្នកអាចចុះសម្រុងជាមួយសមាជិកគ្រប់គ្នា រួមទាំងគ្រប់បម្រែបម្រួលដែលកើតមាននៅក្នុងស្ថាប័នផងដែរ។ - រក្សាឥរិយាបទជាអ្នកជំនាញ
នៅពេលដែលអ្នក ត្រូវទទួលខុសត្រូវទៅលើការងារណាមួយ មានន័យថាអ្នកគឺជាអ្នកជំនាញហើយ តិច ឬ ក៏ច្រើនវាអាស្រ័យទៅលើកម្រិតនៃភាពទទួលខុសត្រូវ ឬ សមត្ថភាពរបស់អ្នក។ ឥរិយាបទជាអ្នកជំនាញនេះមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកគឺជាសហគ្រិន ឬ ក៏ជាបុគ្គលិកម្រើការនៅក្នុងស្ថាប័នណាមួយ ពីព្រោះវាគឺជាផ្នែកមួយដែលស្តែងឲ្យឃើញពីគុណតម្លៃរបស់អ្នក។ ដូចនេះគ្រប់ពេលដែលអ្នកកំពុងតែបំពេញកិច្ចការរបស់អ្នក ចូរមានសតិដឹងខ្លួនជាប់ជានិច្ចថា អ្នកមិនមែនជាកូនក្មេង មិនមែនជាជនអនាថា មិនមែនជាមនុស្សគ្មានបានការនោះទេ ប៉ុន្តែអ្នកគឺជាបុគ្គលិកជំនាញ។ - ជួយអ្នកដទៃ
មិនថាជាអ្នកកំពុងតែបម្រើការនៅក្នុងស្ថាប័នណានោះទេ គឺអ្នកកំពុងតែបំពេញការងារជាក្រុម។ ក្នុងការធ្វើការជាក្រុម ជៀសមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមកទេ វាជាអត្ថន័យនៃពាក្យថា ធ្វើការជាក្រុម។ ដូចនេះហើយ សូមបើកចិត្តក្នុងការជួយយកអាសារអ្នកដទៃ។ ការជួយសមាជិកក្នុងក្រុម វាមិនត្រឹមតែបង្ហាញថាអ្នកជាមនុស្សចេះជួយទុក្ខធុរៈអ្នកដទៃប៉ុណ្ណោះនោះទេ តែវាស្តែងឲ្យឃើញថា អ្នកចេះធ្វើការជាក្រុម ចេះសហការជាមួយអ្នកដទៃ មានសាមគ្គីភាព មិនតែប៉ុណ្ណោះគឺអ្នកកំពុងតែដើរតួជាផ្នែកមួយដ៏សំខាន់ ដែលជួយជំរុញឲ្យក្រុមទាំងមូលមានការរីកចម្រើន។ - មានអារម្មណ៍ស្រស់ថ្លា
កុំថាឡើយនៅក្នុងបរិយាកាសការងារ នៅទីណាក៏ដោយគ្មានអ្នកណាម្នាក់ចង់នៅក្បែរមនុស្ស ដែលមានអារម្មណ៍មួម៉ៅ ឬហ្មងសៅជាប្រចាំនោះទេ។ យើងមិនអាចមានអារម្មណ៍រីករាយ នៅពេលដែលស្ថិតនៅក្នុងស្ថានភាពដែលសោកសៅនោះទេ។ អីចឹងហើយ វាអត់ចម្លែកទេដែលមនុស្សយើងមិនចូលចិត្តនៅក្បែរ ឬ ក៏ធ្វើការជាមួយមនុស្សដែលបៀមទុក្ខជាប់ជាប្រចាំ។ ប្រាកដណាស់គ្មានអ្នកណាម្នាក់មានអារម្មណ៍ល្អជាប្រចាំនោះទេ។ ប៉ុន្តែយើងក៏មិនគួរស្ពាយទុក្ខកង្វល់របស់យើងយកមកសាយភាយដល់មិត្តរួមការងារនៅកន្លែងធ្វើការរបស់យើងនោះដែរ។ កន្លែងធ្វើការ គឺជាកន្លែងបំពេញកិច្ចការ៕
ដោយ៖ ជា ឧត្តម្ភ