Breaking News៖ អតីតសន្តិសុខ ចាប់មនុស្ស ៣០នាក់ ជាចំណាប់ខ្មាំងនៅផ្សារទំនើបហ្វីលីពីន
អតីតសន្តិសុខម្នាក់ដែលមានកំហឹងជាប់ខ្លួននិងប្រដាប់ដោយអាវុធផង កំពុងចាប់ខ្លួនមនុស្ស ៣០នាក់ជាចំណាប់ខ្មាំងនៅផ្សារទំនើបមួយកន្លែងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីចំណុចកណ្ដាលនៃរដ្ឋធានី ម៉ានីល ហ្វីលីពីន។
តាមការប្រកាសឱ្យដឹងពីអាជ្ញាធរ ហេតុការណ៍នេះកើតឡើងនៅផ្សារទំនើប Virra Mall ក្នុងតំបន់ Greenhills នៃទីក្រុងម៉ានីល។ តាមសាក្សីបានឱ្យដឹងថា ជនប្រដាប់ដោយអាវុធនេះ បានចូលផ្សារទំនើបនៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) បានបាញ់ និងបង្ករបួសស្នាមលើបុគ្គលិកផ្សារម្នាក់។ ក្រោយមកទៀត គេបានចាប់ មនុស្ស ៣០នាក់ផ្សេងទៀតធ្វើជាចំណាប់ខ្មាំង ដោយដាក់នៅក្នុង ការិយាល័យរដ្ឋបាល ស្ថិតនៅជាន់ទីពីរ។
ប៉ូលិសរាប់រយនាក់បាននិងកំពុងឡោមព័ទ្ធអគារនោះ ក្នុងនោះក៏មានកម្លាំងផ្នែកសង្គ្រោះ និងកងកម្លាំងពិសេស SWAT របស់ហ្វីលីពីនជាច្រើននាក់ផងដែរ។ ទោះជាយ៉ាងណា ប៉ូលិសកំពុងតែព្យាយាមចរចាខណៈជនសង្ស័យ អះអាងថា ខ្លួនត្រូវបានគេបញ្ឈប់ពីការងារ ហើយស្នើឱ្យថ្នាក់ដឹកនាំ ៤រូបចុះចេញពីតំណែង។
ជនសង្ស័យបានប្រើប្រាស់អាវុធខ្លី ហើយបានស្រែកថា រូបគេមានគ្រាប់បែកដៃ។ ទោះយ៉ាងណា មានអ្នករងរបួសតែម្នាក់គត់ ហើយជនសង្ស័យបានអះអាងថា ចំណាត់ខ្មាំងទាំងអស់មិនមានបញ្ហាអ្វីនោះទេ។ រូបគេចង់ជួបតំណាងផ្សារទំនើប និងចង់ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន៕