សញ្ញាណ ៩ចំណុចបញ្ជាក់ថាការងាររបស់អ្នកកំពុងធ្វើឲ្យអ្នកវេទនា
នរណាៗក៏ធ្លាប់ជួបថ្ងៃមិនល្អនៅកន្លែងធ្វើការដែរ។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងចេះតែខ្ជិលក្រោកទៅធ្វើការនៅចន្លោះថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ឬសង្កេតឃើញខ្លួនឯងឧស្សាហរ៍ធុញថប់ខ្លាំង ឈឺក្បាល ហើយពេលខ្លះអាចធ្វើឲ្យអ្នកលួចសម្រក់ទឹកភ្នែកនៅពេលអង្គុយនៅតុនោះ នេះមានន័យថា ការងារកំពុងធ្វើឲ្យអ្នកមានបញ្ហាហើយ។
សូមមើល ៩ ចំណុចខាងក្រោមនេះ។ វានឹងបង្ហាញអ្នកកាន់តែច្បាស់ថា ជីវិតការងាររបស់អ្នកកំពុងធ្វើឲ្យជីវិតអ្នកសោះកក្រោះ ឬ អត់។
- អ្នកមិនអាចឈប់គិតពីការងារ
ពេលត្រឡប់ពីការងារ និងថ្ងៃចុងសប្តាហ៍គួរតែជាពេលវេលាដ៏ល្អមួយសម្រាប់អ្នកដែលត្រូវឈប់គិតពីការងារ ហើយយកពេលទាំងនោះមកចាប់អារម្មណ៍ធ្វើរឿងផ្សេងៗទាក់ទងទៅនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នកវិញ។ យ៉ាងណាមិញបើអ្នកនៅតែគិតខ្វាយខ្វល់ពីវា ព្រួយបារម្ភអីចេះព្រួយបារម្ភអីចុះគ្រប់ពេលមិនថានៅកន្លែងការងារ ឬនៅផ្ទះទេនោះ នោះមានន័យថា អ្នកកំពុងធ្វើឲ្យការងារបំផ្លាញគុណភាពជីវិតឯកជនរបស់អ្នកហើយ។ - ត្អូញត្អែរច្រើនពីការងារ
ប្រសិនបើអ្នកពិតជាមិនសប្បាយចិត្ត ឬមិនពេញចិត្តនឹងការងាររបស់អ្នក អ្នកអាចចាប់ផ្តើមចំណាយពេលវេលាមួយចំនួនដើម្បីនិយាយប្រាប់ទៅកាន់មនុស្សជុំវិញអ្នកដូចជាមិត្តភក្តិ ក្រុមគ្រូសារ ឬមនុស្សជាទីស្រលាញ់ជាដើមពីទិដ្ឋភាពដ៏គួរឲ្យធុញថប់នៃការងារនោះ។ មើលទៅការធ្វើបែបនេះអាចឲ្យអ្នកធូរអារម្មណ៍ខ្លះដែរ។ ក៏ប៉ុន្តែការធ្វើបែបនេះកាន់តែធ្វើឲ្យអ្នកបាត់បង់កម្លាំងស្មារតី ដែលជាលទ្ធផលបង្កើនភាពទុក្ខព្រួយសម្រាប់អ្នកកាន់តែច្រើនទៅវិញទេ។ - ការចូលរួមកម្មវិធីជួបជុំជាមួយក្រុមការងារមានលក្ខណៈសោះកក្រោះជាជាងភាពសប្បាយរីករាយ
ពេលវេលាជួបជុំជាមួយក្រុមការងារនៅក្រៅម៉ោងធ្វើការជាលក្ខណៈឯកជន គួរតែតែរៀបចំឡើងដោយបរិយាកាសរីករាយ ហើយមិនគួរលាយឡំជាមួយនឹងការងារឡើយ។ ផ្ទុយទៅវិញ បើអ្នកយល់ថា រាល់ពេលមានកម្មិវធីទាំងនោះតែងតែធ្វើឡើងដោយបរិយាកាសអាប់អួរ យកតែរឿងការងារមកដល់មុខ មិនបានផ្តល់ភាពសប្បាយរីករាយ នោះជីវិតការងាររបស់អ្នកមានស្ថានភាពមិនអំណោយផលទេ។ - គិតអវិជ្ជមានជ្រុលពេកពីការងារ
រាល់ពេលដើរចូលកន្លែងធ្វើការ ស្រាប់តែអ្នកគិតជារឿយៗថា ការងារមិនទៅមុខ មេមិនងាយដំឡើងប្រាក់ខែ មិនងាយឡើងតំណែង ការងារគរដូចភ្នំ ជាដើម នោះមានន័យថា អ្នកកំពុងបាត់បង់ក្តីសង្ឃឹមលើការងាររបស់អ្នកហើយ។ ការយកចិត្តទុកដាក់នឹងការងាររបស់អ្នកនឹងត្រូវបាត់បង់ និងគ្មានសុទិដ្ឋិនិយមលើអនាគតការងារដែលនៅទីបំផុតការងារក៏បរាជ័យ ជីវិតក៏បរាជ័យដែរ។ - អ្នកជួបប្រទះបញ្ហាសុខភាព
ជំងឺបាក់ទឹកចិត្តមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះទេ។ ជំងឺនេះអាច បណ្តាលឲ្យកើតមានជំងឺផ្សេងទៀតដូចជា ឈឺក្បាល ឈឺក្រពះពោះវៀន និងជំងឺផ្សេងៗទៀត។ លើសពីនេះទៅទៀត ប្រព័ន្ធភាពស៊ាំរបស់អ្នកប្រហែលជាចុះខ្សោយដែលអាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្តាសាយ និងជំងឺដទៃទៀត។ - មិនចង់ក្រោកពីគេងទៅធ្វើការ
ប្រសិនបើការងាររបស់អ្នកធ្វើឲ្យអ្នកធុញថប់ អ្នកនឹងមិនមានអារម្មណ៍ចង់ក្រោកពីគេងភ្លាមៗនោះទេ។ ពេលនេះហើយដែលបញ្ជាក់ថា ការងារគ្មានអ្វីគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកឡើយ។ ទន្ទឹមនឹងនេះ តើអ្នកមានអារម្មណ៍ស្ទុះស្ទារក្រោកទៅធ្វើការភ្លាមៗយ៉ាងសប្បាយចិត្តដូចម្តេចទៅបើការងារនោះមិនល្អសម្រាប់អ្នក? - ឆាប់ខឹងមួម៉ៅនៅពេលធ្វើការ
ជាទូទៅអារម្មណ៍ឆាប់ខឹងមួម៉ៅនឹងងាយកើតឡើងណាស់នៅពេលដែលអ្នកយល់ថា ការងារគួរឲ្យធុញ ឬសោះកក្រោះ។ នេះនឹងធ្វើឲ្យអ្នកមិនផ្ចិតផ្ចង់នឹងការងារ បង្ករឲ្យមានទំនាស់នឹងក្រុមការងារ និងងាយបង្កើតបញ្ហាផ្សេងៗទៀតដែលធ្វើឲ្យបរិយាកាសការងារមិនមានភាពរលួន។ - យកលេស ពេលមិនចង់ទៅធ្វើការ
អ្វីដែលជាចំណុចពិសេសមួយទៀតដែលបញ្ជាក់ថា ការងាររបស់អ្នកកំពុងធ្វើឲ្យជីវិតរបស់អ្នកសោះកក្រោះនោះគឺថា អ្នកមានហេតុផលរាប់លានជំពូកនៅពេលអ្នកមិនចង់ទៅធ្វើការ។ ពេលខ្លះអ្នកអាចសុំច្បាប់ថា ឈឺ មានភារកិច្ចចាំបាច់ ឬជាប់រវល់នេះជាប់រវល់នោះទាំងខ្លួនកំពុងគេងស្កប់ស្កល់នៅលើគ្រែដេក។ - ឈប់ខ្វាយខ្វល់ពីលទ្ធផលការងាររបស់ខ្លួនដូចមុន
នៅពេលដំបូងៗអ្នកអាចខ្វាយខ្វល់ថា ការងារខែនេះសម្រេចបានអ្វីខ្លះ នៅខ្វះ ចំណុចណា កន្លែងណាខ្លះគួរប្រឹងប្រែងបន្ថែមទៀត ឬត្រូវសម្រេចផលផលឲ្យបានលើសការរំពឹងទុក។ យ៉ាងណាមិញ ពីព្រោះតែអ្នកមើលឃើញថា ការងារកំពុងធ្វើឲ្យជីវិតអ្នកធុញថប់ អ្នកក៏ចាប់ផ្តើមមិនសូវសកម្ម ចេះតែឃ្លាតឆ្ងាយបន្តិចម្តងៗពីក្រុមការងារ ហើយទីបំផុតទៅអ្នកក៏លែងខ្វាយខ្វល់ពីលទ្ធផលការងាររបស់អ្នកដូចមុនតែម្តង៕
ប្រភព៖ Businessinsider