ពាក្យសម្តីទាំង២០ ឃ្លាដែលអាចបំផ្លាញទឹកចិត្តអ្នកដទៃ
មនុស្សឥលូវនេះ ចូលចិត្តនិយាយច្រើនជាងស្តាប់ ចូលចិត្តបង្ហាញពីអារម្មណ៍របស់ខ្លួនឯងទៅអ្នកដទៃ ច្រើនជាងការព្យាយាមស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃជាហេតុធ្វើអោយទំនាក់ទំនងមានបញ្ហាមិនចេះចប់។ ខាងក្រោមនេះជាពាក្យសម្តី ដែលមនុស្សមួយចំនួននិយាយទាំងមិនដឹងខ្លួនថាវាមានការប៉ះ ទង្គិចដល់ផ្លូវចិត្តរបស់អ្នកដទៃ៖
- មិនអាច
នៅពេលដែលអ្នកឧស្សាហ៍ប្រាប់នរណាម្នាក់ថាគេមិនអាចធ្វើអ្វីមួយបាន យូរៗទៅគេនឹងជឿថាគេ មិនអាចធ្វើវាបានមែន។ ជាពិសេសបើបុគ្គលនោះ គោរពនិងអោយតម្លៃអ្នក។ ដូចនេះ ជាជាងបំផ្លាញទឹកចិត្តអ្នកដទៃ អ្នកគួរប្រើប្រាស់ពាក្យលើកទឹកចិត្តល្អជាង។ - ល្ងង់
ពាក្យល្ងង់ជាពាក្យដែលអ្នកមិនគួរយកមកប្រើនោះទេ។ បើសិនជាអ្នកគិតថានរណាម្នាក់មិនសូវឆ្លាត ដូចមនុស្សទូទៅ ការប្រើពាក្យថាល្ងង់ទៅកាន់គេ វាមិនបានជួយជំរុញទឹកចិត្តអីដល់គេនោះទេ។ ការនិយាយបែបនេះមានតែសម្លាប់ទឹកចិត្តអ្នកដទៃ មើលងាយអ្នកតែប៉ុណ្ណោះ ដែលនេះមិនបានបង្ហាញអំពីគុណតម្លៃអ្វីដែលត្រូវនិយាយបែបនេះនោះឡើយ។ - គ្មានទំនួលខុសត្រូវ
បើអ្នកធ្លាប់ត្រូវបានគេប្រាប់ថា អ្នកជាមនុស្សគ្មានទំនួលខុសត្រូវ អ្នកប្រាកដជាយល់អារម្មណ៍នេះហើយ។ អីចឹង ចូរប្រើវាតែក្នុងករណីដែលចាំបាច់ខ្លាំងប៉ុណ្ណោះ។ ជៀសវាងបានអ្នកគួរជៀសវាងទៅពីព្រោះវាប្រៀបដូចជាការទម្លាក់កំហុស បន្ទោសបង្អាប់ប៉ុណ្ណោះ។ - ទេ
ពាក្យទេអាចបំផ្លាញទឹកចិត្តមនុស្សយ៉ាងខ្លាំង។ មានការស្រាវជ្រាវថា មនុស្សយើងប្រតិកម្មនឹងពាក្យថា ទេយឺតជាងការប្រតិកម្មនឹងពាក្យយល់ព្រម។ សូម្បីតែខួរក្បាលក៏ប្រតិកម្មនឹងពាក្យ “ទេ” និង “យល់ព្រម” ខុសៗគ្នាដែរ។ ដូចនេះហើយសូមប្រើពាក្យនេះដោយការប្រុងប្រយ័ត្ន វាដូចជាការបដិសេធទៅនរណាម្នាក់ដោយមិនទុកមុខឲ្យទាល់តែសោះ។ - អន់
ការប្រើពាក្យនេះដើម្បីបញ្ជាក់ពីទង្វើរបស់នរណាម្នាក់ វាមិនបានជួយស្ថាបនាអីដល់គេនោះទេ។ លុះត្រាតែ វាជាសកម្មភាពដែលយ៉ាប់ខ្លាំងមែនទែន តែយ៉ាងណាក៏នៅមានពាក្យសម្តីជាច្រើនដែលល្អ យើងអាចប្រើដើម្បីរិះគន់ក្នុងន័យស្ថាបនាដល់នរណាម្នាក់។ - ខ្មាស
បើសិនជាអ្នកធ្លាប់ត្រូវគេប្រាប់ថា គេមានអារម្មណ៍ថាខ្មាសគេដោយសារតែទង្វើរបស់អ្នក។ នោះអ្នកនឹងយល់ពីអារម្មណ៍នេះហើយ។ មុននឹងប្រើពាក្យនេះទៅកាន់នរណាម្នាក់ ចូរសួរខ្លួនឯងសិន តើមានពាក្យណាផ្សេងដែលល្អប្រសើរជាងនេះទេ ក្នុងការបង្ហាញពីអារម្មណ៍របស់អ្នក។ - បញ្ហា
ពាក្យថាអ្នកជាបញ្ហា ឬ ក៏ជាឧបសគ្គរារាំងដល់ការងាររបស់ខ្ញុំ ជាពាក្យដ៏មានឥទ្ធិពលដើម្បីធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាពួកគេជាមនុស្សគ្មានបានការ។ បើនេះមិនមែនជាអ្វីដែលអ្នកចង់បានទេ ចូរពិចារណាបន្តិចមុននឹងនិយាយវាទៅកាន់នរណាម្នាក់។ - គ្មានសមត្ថភាព
នេះជាពាក្យសម្តីដែលអ្នកដឹកនាំទន់ខ្សោយចូលចិត្តប្រើ ដើម្បីឲ្យបុគ្គលិករបស់គេប្រឹងប្រែងធ្វើការ បន្ថែមទៀត។ ការដែលនរណាម្នាក់ធ្វើអ្វីមិនដល់ការរំពឹងទុករបស់យើង ហើយនឹងការដែលថានរណា ម្នាក់គ្មានសមត្ថភាព វាជារឿងពីរផ្សេងគ្នា។ អ្នកគួរប្ដូរពាក្យដែលអ្នកនិយាយវិញប្រសើរជាងហ្នឹង។ - ស្អប់
ពាក្យនេះមានបង្កប់អន្ថន័យដែលយើងមិនបានចាប់អារម្មណ៏ នោះគឺការរើសអើង ឬ ការបែងចែក។ - ចម្លែក
ការដែលនិយាយថានរណាម្នាក់ជាមនុស្សចម្លែក។ ស្មើនឹងអ្នកនិយាយថា គេនោះជាមនុស្សខុសប្រក្រតី។ - ខកចិត្ត
តើមានអ្វីធ្វើឲ្យអ្នកខូចចិត្តជាងការដែលត្រូវអ្នកដទៃ ប្រាប់ថាគេមានអារម្មណ៍ខកចិត្តចំពោះអ្នកដែរ ទេ។ អ្នកគួរតែបង្ហាញអារម្មណ៍ខកចិត្តរបស់អ្នក តាមសកម្មភាព ឬឥរិយាបទផ្សេងវិញ ដែលបង្ហាញថា អ្នកនៅតែគោរព និងផ្ដល់តម្លៃគេ។ ឬក៏និយាយថា “ពេលក្រោយអាចធ្វើតាមរបៀបនេះ ឬ របៀបនោះវិញ”។ - កុំ
ប្រាកដណាស់ ពេលខ្លះការប្រើពាក្យ «កុំ» នេះក៏មានប្រយោជន៍នោះដែរ។ តែយ៉ាងណាក៏ដោយ ជំនួសអោយការនិយាយដោយត្រង់ៗ នូវអ្វីដែលអ្នកមិនចង់ឲ្យអ្នកដទៃធ្វើ អ្នកគួរតែប្រាប់គេពីអ្វីដែលអ្នកចង់ឲ្យគេធ្វើវិញ។ - ខ្មាសអៀន
កាលពី២០ឆ្នាំមុន ពាក្យនេះត្រូវបានគេឧស្សាហ៍ប្រើដើម្បីសំដៅទៅមនុស្សដែលចូលចិត្តស្ងៀមស្ងាត់ ហើយជៀសវាងស្ថានការណ៍ដែលរង់ចំណាប់អារម្មណ៍ពីអ្នកដទៃខ្លាំង។ យ៉ាងណាក៏ដោយ ការហៅ នរណាម្នាក់ថាជាមនុស្សខ្មាសអៀន វាមានបង្កប់អត្ថន័យថាអ្នកជាមនុស្សដែលគ្រាន់បើជាងម្នាក់នោះ។ - ខុស
ដូចពាក្យ «កុំ» អីចឹងដែរ ពាក្យ”ខុស” ក៏មានឥទ្ឋិពលរបស់វាដែរ។ ពេលខ្លះការប្រើពាក្យថា ”ខុស” វាគ្មាន ខុសទាស់អ្វីទេ។ ប៉ុន្តែនៅពេលដែលអ្នកប្រើវាដដែលៗ ទៅកាន់នរណាម្នាក់។ បន្តិចម្តងៗ វាបង្កើតរនាំងមួយរវាងអ្នក និងគេ ដែលបង្ហាញថា គេជាមនុស្សទន់ខ្សោយ មានតែអ្នកទេទើបខ្លាំងពូកែ។ - ខ្ជិល
ពាក្យនេះក៏ប៉ះពាល់ដល់អារម្មណ៍អ្នកដទៃមិនតិចដែរ ពីព្រោះវាមានបង្កប់អត្ថន័យនៃពាក្យ ខ្វះការប្រឹងប្រែង ឬការតស៊ូព្យាយាម។ - មិនល្អដូចអ្នកដទៃ
នេះជាពាក្យមួយដែលយើងមិនបាច់ឆ្ងល់ទេថា តើអ្នកដែលបានឮហើយនឹងមានអារម្មណ៍បែបណា។ បើអ្នកប្រាប់នរណាម្នាក់ថា គេមិនល្អដូចអ្នក ឬមិនល្អដូចជាអ្នកដទៃទៅលើរឿងអ្វីមួយ ដូចជាអ្នកប្រាប់គេឲ្យបោះបង់ ចោលការព្យាយាមរបស់គេអីចឹង។ ពាក្យនេះប្រៀបដូចជាការប្រៀធៀបអ្នកដទៃដូចគ្នាដែរ។ - ធុញទ្រាន់
មនុស្សមិនគួរឲ្យធុញទ្រាន់នោះទេ មានតែសម្ភារៈទេទើបគួរឲ្យធុញទ្រាន់។ បើសិនជាអ្នកមាន អារម្មណ៍ថាធុញទ្រាន់នឹងនរណាម្នាក់ ប្រហែលជាមកពីអ្នកមិនទាន់ស្គាល់គេច្បាស់វិញទេ។ ដូចនេះ គួររៀនយល់ពីអ្នកដទៃសិនថាគេជាមនុស្សបែបណា ជាជាងការប្រើប្រាស់ពាក្យបែបនេះដើម្បីវាយប្រហារ។ - អាក្រក់
បើអ្នកគិតថានរណាម្នាក់មានរូបរាងអាក្រក់ បញ្ហាវាមកពីគំនិតរបស់អ្នកវិញនោះទេ ក្នុងការវាយតម្លៃ មនុស្សតែរូបភាពខាងក្រៅ។ វាមិនល្អទាល់តែសោះក្នុងការនិយាយពាក្យនេះទៅកាន់នរណាម្នាក់។ - មិនដែលសោះ
ពាក្យថា ”មិនដែលសោះ” ឬ “តែងតែ” វាមានបង្កប់អត្ថន័យដាច់ខាតនៅក្នុងហ្នឹង។ ក្នុងការវាយតម្លៃ នរណាម្នាក់ គួរតែជៀសវាងការប្រើពាក្យទាំងនេះ។ - គ្មានបានការ
មនុស្សគ្រប់គ្នាមានតម្លៃរៀងៗខ្លួន។ កុំប្រើពាក្យ «គ្មានបានការ» នេះទៅនរណាម្នាក់ឲ្យសោះ នោះមានន័យថាអ្នកកំពុងតែធ្វើឲ្យអ្នកផ្សេងគិតថាខ្លួនគេជាមនុស្សគ្មានតម្លៃហើយ។ ជៀសបាន គួរជៀសវាងប្រើប្រាស់ពាក្យនេះ៕
ដោយ៖ ជា ឧត្តម្ភ