ទម្លាប់ និងសញ្ញាទាំង ២០ ដែលបង្ហាញថាអ្នកកំពុងធ្វើដំណើរទៅកាន់ភាពជោគជ័យ
ភាពរីកចម្រើន និងការអភិវឌ្ឍខ្លួនរបស់មនុស្សម្នាក់វាអាចសម្រេចបានអាស្រ័យលើលើការខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់។ ទម្លាប់នៃការរស់នៅ និងការរៀបចំឥរិយាបថរបស់អ្នកជះឥទ្ធិពលខ្លាំងដល់ការកំណត់ភាពជោគជ័យ ឬបរាជ័យសមា្រប់អនាគតរបស់អ្នក។
ចុះមានមនុស្សប៉ុន្មាននាក់ដែលប្រាថ្នាចង់ក្លាយជាមហាសេដ្ឋី ឬអ្នកមានលំដាប់ពិភពលោក? ចុះធ្លាប់ឆ្ងល់ទេថា តើត្រូវធ្វើអ្វីខ្លះដើម្បីអាចក្លាយជាមហាសេដ្ឋីបាន? បើអ្នកមានទម្លាប់ និងសញ្ញាដូចដែលបង្ហាញក្នុងចំណុចខាងក្រោមនេះ (ឬមាន ៨០% ក៏បាន) អ្នកនឹងមានឱកាសក្លាយជាមហាសេដ្ឋីយ៉ាងប្រាកដ។
១) អ្នកចាប់ផ្តើមចេះរកលុយតាំងពីក្មេង៖ ជាសញ្ញាល្អព្រោះអ្នកជាមនុស្សដែលមានគំនិតជាសហគ្រិនជាប់ខ្លួន។
២) អ្នកទទួលបានភាពជោគជ័យលើសពីការរំពឹងទុក៖ អ្នកអាចសម្រេចជោគជ័យលើសការរំពឹងទុក ព្រោះគំនិតនៃភាពច្នៃប្រឌិតរបស់អ្នក។
៣) អ្នកជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍៖ ភាពគួរឲ្យចាប់អារម្មណ៍របស់អ្នក ជួយឲ្យមនុស្សម្នាស្គាល់អ្នកច្រើន ហើយក៏ងាយស្រួលដល់ការបង្កើត បង្កើនបណ្ដាញទំនាក់ទំនង។
៤) អ្នកមានផ្នត់គំនិតដែលផ្តោតលើសកម្មភាព៖ ព្រោះអ្នកជាមនុស្សសកម្ម (Active Person) មិនចូលចិត្តភាពយឺតយ៉ាវ។
៥) អ្នកជាមនុស្សដែលមានភាពរហ័សរហួន៖ ព្រោះតែអ្នកជាមនុស្សសកម្ម ដូច្នេះអ្នកត្រូវតែរហ័សរហួន។
៦) អ្នកតែងគិតពីការវិនិយោគច្រើនជាងសន្សំលុយ៖ អ្នកដឹងច្បាស់ថាការវិនិយោគសំខាន់ខ្លាំងជាងការដាក់លុយក្រោមខ្នើយ។
៧) អ្នកជាមនុស្សដែលតែងបើកចិត្តទូលាយ៖ ការបើកចិត្តទូលាយរបស់អ្នក ជួយឲ្យអ្នកមានគំនិតទូលាយ និងគិតវិជ្ជមានបានច្រើនដូចគ្នា។
៨) អ្នកធ្លាប់ជាមនុស្សដែលមានភាពលេចធ្លោ ឬ មានប្រជាប្រិយភាពកាលនៅវិទ្យាល័យ៖ ភាពលេចធ្លារបស់ក្នុងពេលរៀននៅវិទ្យាល័យរបស់អ្នក ជួយអ្នកបានច្រើនដើម្បីជោគជ័យព្រោះវាធ្វើឲ្យអ្នកស្គាល់មនុស្សច្រើនលើសពីមិត្តធម្មតា សូម្បីគ្រូក៏ចាប់អារម្មណ៍។
៩) អ្នកអាចប្រើជីវិតសាមញ្ញជាងអ្វីដែលអ្នកកំពុងមាន៖ អ្នកមិនសូវជាឈឺក្បាលលើការតុបតែងខ្លួនហួសប្រមាណ ដែលអាចធ្វើឲ្យអ្នកចំណាយច្រើនពេកនោះទេ ព្រោះអ្នកអាចរស់នៅជាមួយជីវិតសាមញ្ញបាន។
១០) អ្នកអាចពន្យារការចង់បានមួយចំនួន ក្នុងករណីដែលមានមិនសូវជាចាំបាច់
១១) អ្នកមានអ្នកណែនាំជំនាញ៖ អ្នកដឹងថា វាមិនទាន់គ្រប់គ្រាន់ទេដែលអ្នកត្រូវដើរលើផ្លូវដើម្បីជោគជ័យតែម្នាក់ឯង ព្រោះអ្នកដឹងថាដំណើរផ្លូវនេះនៅវែងឆ្ងាយទៀត។
១២) អ្នកមិនកប់ខ្លួនឯងក្នុងអតីតកាលទេ៖ អ្នកដឹងថាអតីតកាល គឺជាអតីតកាល ហើយអ្វីដែលសំខាន់សម្រាប់អ្នកគឺបច្ចុប្បន្ន ហើយក៏ជាពេលដែលអ្នកត្រូវគិតគូរពីអនាគតដែរ។
១៣) អ្នកជាអ្នកកំណត់គោលដៅសម្រាប់ខ្លួនឯង៖ អ្នកមិនរំពឹងឲ្យនរណាម្នាក់មកកំណត់គោលដៅសម្រាប់ជីវិតអ្នកឡើយ ព្រោះអ្នកដឹងច្បាស់ថាមានតែខ្លួនឯងទេដែលដឹងថាខ្លួនឯងអ្នកចង់បានអ្វី។
១៤) អ្នកមិនបានបែកបាក់ស្នេហា ឬលែងលះចំណងអាពាហ៍ពិពាហ៍ទេ៖ មិនមែនជារឿងលេងសើចទេ ព្រោះបើអ្នកមានប្រវត្តិលែងលះ ឬបែកបាក់ស្នេហានេះអ្នកនឹងមិនអាចដឹងនាំជីវិតឲ្យបានល្អរហូតក្លាយជាមហាសេដ្ឋីបានទេ។
១៥) អ្នកដឹងពីរបៀបបង្កើនភាពខ្លាំងរបស់ខ្លួនឯង៖ ព្រោះមានតែខ្លួនឯងអ្នកទេដែលដឹងថាខ្លួនឯងខ្លាំងចំណុចណា ហើយខ្សោយចំណុចណា។
១៦) អ្នកជាមនុស្សសុទិដ្ឋិនិយម៖ មនុស្សជោគជ័យប្រាកដជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយម។
១៧) អ្នកអាចនឹងធ្លាប់ផឹកសុរា តែអ្នកមិនជក់បារីទេ៖ ការផឹកសុរា ឬគ្រឿងស្រវឹងមិនមែនសុទ្ធតែអាក្រក់ព្រោះអ្នកអាចនឹងប្រើវាជាប្រយោជន៍ដើម្បីភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់អ្នក។
១៨) អ្នកអាចជាមនុស្សមុខក្រាស់៖ បើមុខមិនក្រាស់គឺមិនមែនសហគ្រិននោះទេ អ្នកមុខក្រាស់ជំនះឧបសគ្គដើម្បីដំណើរការអាជីវកម្ម។
១៩) អ្នកតាមដានព្រឹត្តិការណ៍បច្ចុប្បន្ន៖ ក្នុងនាមជាសហគ្រិន អ្នករកស៊ី ឬអ្នកជោគជ័យពិតប្រាកដគឺត្រូវតាមដានពីព្រឹត្តិការណ៍ថ្មីៗរបស់សង្គម របស់ពិភពលោក។
២០) អ្នកព្យាយាមកែលម្អខ្លួនជានិច្ច៖ អ្នកមិនដែលតាំងខ្លួនជាមនុស្សល្អលើសដប់ទេ អ្នកត្រូវការសិក្សាស្វែងយល់បន្ថែមជានិច្ច ដើម្បីកែលម្អនិងអភិវឌ្ឍខ្លួន។
ដោយ៖ យ៉ាយ៉ា