Breaking News៖ អនុប្រធានាធិបតី អ៊ីរ៉ង់ ឆ្លងរោគ កូរ៉ូណា
សារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ បានធ្វើសេចក្ដីរាយការណ៍ថា អនុប្រធានាធិបតីអ៊ីរ៉ង់ ត្រូវបានធ្វើតេស្ត និងរកឃើញថា មានផ្ទុកវ៉ីរុសកូរ៉ូណាថ្មី Covid-19។ សេចក្ដីរាយការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលមែនទែនខណៈថ្នាក់ដឹកនាំកំពូល ក៏ត្រូវបានវីរុសថ្មីនេះវាយប្រហារដែរ បន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ត្រូវបានគេរកឃើញថា ឆ្លងវីរុសថ្មីនេះដែរ។
លោកស្រី Masoumeh Ebtekar ដែលជាអនុប្រធានាធិបតី ស្ថិតនៅក្នុងចំណោមមនុស្ស ២៥៤នាក់ផ្សេងទៀតដែលឆ្លងវីរុស Covid-19 ក្នុងប្រទេសដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ខណៈវីរុសថ្មីនេះបានសម្លាប់មនុស្សប្រមាណ ២៦នាក់។
លោកស្រីអនុប្រធានាធិបតីរូបនេះត្រូវបានគេស្គាល់ជាអន្តរជាតិដោយបំពេញការងារជាអ្នកនាំពាក្យក្នុងពេលដែលព្រឹត្តិការណ៍ចាប់ជាចំណាប់ខ្មាំងនៅស្ថានទូតសហរដ្ឋអាមេរិកនៅក្រុង Teghran នៅឆ្នាំ១៩៧៩ ដែលបានបង្កឱ្យមានវិបត្តិការទូតធ្ងន់ធ្ងរអស់រយៈពេល ៤៤៤ថ្ងៃ។
បើយោងតាមព័ត៌មានដែលទើបចេញក្ដៅៗមុននេះ បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ ឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ មានការកើនឡើងរហូតដល់ ១០៦ករណីក្នុងរយៈពេលប្រមាណតែ ២៤ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសដែនដីមជ្ឈិមបូព៌ាមួយនេះ មានចំនួនខ្ពស់ជាងប្រទេសណាណាទាំងអស់ក្រៅពីប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឱ្យដឹងថា ជនជាតិចិនត្រូវបានហាមប្រាមមិនឱ្យធ្វើដំណើរចូលប្រទេសអ៊ីរ៉ង់។ ចំណាត់ការនេះធ្វើឡើងដូចគ្នាទៅនឹងបណ្ដាប្រទេសមួយចំនួនទៀតដែរ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី កូរ៉េខាងត្បូង និងអូស្ត្រាលីដើម្បីទប់ស្កាត់ជំងឺនេះ៕