សញ្ញាណ ១៨ ចំណុចបញ្ជាក់ថា អ្នកកំពុងមានជំងឺតួឯក​



នៅថ្ងៃនេះប្រិយមិត្តនឹងបានសិក្សាស្វែងយល់ដើម្បីរៀនអង្កេតមើលថា តើនរណាខ្លះនៅជុំវិញអ្នកជាមនុស្ស តួឯកនិយម? បើតាមលោក Joseph Burgo ដែលជាបណ្ឌិតចិត្តវិទ្យាដ៏ល្បីល្បាញ មួយរូបរបស់អាមេរិកលោកបានសង្កត់ធ្ងន់ថា អត្តចរិតមួយក្នុងចំណោមអត្តចរិតផ្សេងទៀតរបស់មនុស្សប្រភេទនេះគឺថា ជាមនុស្សពិបាកទំនាក់ទំនង មានភាពអត្មានិយម គ្មានចិត្តមេត្តា និងមិនយល់អារម្មណ៍របស់អ្នកដទៃ។ 

បើតាមលោក Joseph Burgo ដែលជាអ្នកនិពន្ធប្រចាំកាសែត New York Times, The Atlantic, The Washington Post រូបនេះ មនុស្សដែលមានជំងឺតួឯកនិយម ជាទូទៅបង្ហាញអត្តចរិត ១៨ ចំណុចដូចខាងក្រោម៖ 

  1. បង្ហាញអាកប្បកិរិយាមិនល្អនៅពេលលេងកីឡា៖ អ្នកច្រើនបញ្ចេញកំហឹងភ្លាមៗពេលចាញ់ និងបញ្ចេញចរិតក្រអឺតក្រទមមើលងាយគូប្រកួតពេលអ្នកឈ្នះ។
  2. យល់ថា​ខ្លួន​ឯង​កំពុង​ត្រូវ​បាន​គេសរសើររហូត៖ អ្នកយល់ថា ខ្លួនឯងហាក់មានលក្ខណៈពិសេសលើសដាច់គេដែលស័ក្តិសមនឹងទទួលបានការសរសើរពីមនុស្សជុំវិញខ្លួនគ្រប់​ពេល​​ដែល​ជួប​មនុស្ស​ទាំង​នោះ​។
  3. អាត្មានិយម ចិត្តស្រាល អ្នកដទៃចូលមិនចុះ និងបង្ហាញកាយវិកាថប់អារម្មណ៍៖ នេះជាប្រភេទមនុស្សតួឯកនិយមបង្ហាញឡើង ប្រសិនបើបុគ្គលប្រភេទនេះជាមនុស្សមានចរិតស្ងៀមស្ងាត់។
  4. យល់ថាអ្នក​ជុំវិញខ្លួនជាមនុស្សល្ងង់៖ ជារឿយៗអ្នកគិតថា ខ្លួនឯងចេះជាង ឆ្លាតជាង និងពូកែជាងអ្នកដទៃ ហើយគិតថា អ្នកដទៃចេះមិនដល់ខ្លួន។
  5. ចូលចិត្តប្រើពាក្យពេជចន៍មិនសមរម្យ៖ អ្នកចូលចិត្តប្រើភាសាគ្រោគគ្រាធ ខ្វះសុជីវធម៌ ហើយពេលខ្លះប្រើភាសាអាសអាភាសទៅលើអ្នកដទៃទៀតផង។
  6. យល់ថាគំនិតខ្លួនឯងត្រូវគ្រប់ពេល៖ ជាទូទៅអ្នកមិនសូវគាំទ្រគំនិតអ្នកដទៃឡើយ ហើយច្រើនតែប្រកាន់ គំនិតខ្លួនឯងថា ត្រឹមត្រូវ និងល្អជាងគំនិតអ្នកដទៃ។
  7. មោទកភាពក្នុងការចេញមុខដឹកនាំ និងបង្គាប់បញ្ជាអ្នកដទៃឲ្យធ្វើតាម៖ អ្នកចូលចិត្តគ្រប់គ្រងអ្នកដទៃ ហើយបញ្ជាឲ្យអ្នកទាំងនោះអនុវត្តតាមតែអំពើចិត្តរបស់អ្នក។
  8. នៅក្មេង ហើយភាគច្រើនជាបុរស ជាពិសេសអ្នកសិល្បះ៖ យុវវ័យមានអំនួតច្រើន ហើយបុរសមានជំងឺនេះច្រើនជាងស្ត្រី ជាពិសេសស្ថិតនៅក្នុងចំណោមអ្នកសិល្បះតែម្តង។ អំនួតនឹងថយចុះទៅវិញទៅតាមអាយុកាល។
  9. មិន​ចូលចិត្តមនោសញ្ចេតនា៖ ដោយសារតែអ្នកស្ថិតនៅក្នុងមនុស្សប្រភេទនេះ ជាមនុស្សពិបាកយល់ចិត្ត និងមិនសូវយល់ចិត្តអ្នកដទៃ ទើបអ្នកជៀសវាងឲ្យឆ្ងាយពីអារម្មណ៍មនោសញ្ចេតនាជាមួយអ្នកដទៃ។
  10. មានចំណុចទាក់ទាញជាងអ្នកដទៃ ឬយល់ថា ខ្លួនឯងមានភាពទាក់ទាញជាងគេ៖ អ្នកមើលទៅមានរូបសម្បត្តិទាក់ទាញជាងគេពីធម្មជាតិ ឬលង់គំនិត​នឹងខ្លួនឯងថា ស្អាតសង្ហាដាច់គេ។ ប៉ុន្តែមនុស្សប្រភេទនេះ ច្រើនខ្សោយខាងបញ្ញាទៅវិញ។
  11. មិនចូលចិត្តស្តាប់អ្នកដទៃ តែចូលចិត្តនិយាយច្រើន​ពីខ្លួនឯង៖ ពេលសន្ទនាអ្នកចូលចិត្តនិយាយច្រើន ហើយនិយាយអ្វីដែលទាក់ទងនឹងប្រធានបទរបស់អ្នកដោយមិនចាប់អារម្មណ៍ពីអ្វីដែលអ្នកដទៃកំពុងនិយាយឡើយ។
  12. មានដៃគូស្នេហាច្រើនផ្លាស់ប្តូរពីមួយទៅមួយ៖ អ្នកជាមនុស្សងាយស្រលាញ់បើទោះបីជាមិនស្គាល់ប្រវត្តិគេច្បាស់ក៏ដោយ ហើយក៏ងាយនឹងឆាប់បែកបាក់ទៅវិញភ្លាមៗដែរ។ ដៃគូស្នេហារបស់អ្នកផ្លាស់ប្តូរពីមួយទៅមួយឥតដាច់ ហើយស្រលាញ់គ្នាមិនបានយូរអង្វែងឡើយ។
  13. ចូលចិត្តលេងល្បែងស្នេហាត្រីកោណ៖ បើអ្នកជាមនុស្សជំពូកនេះ អ្នកចូលចិត្តផិតក្បត់ដៃគូ និងមិនមានភក្តីភាពចំពោះដៃគូឡើយ។ អ្នកទុកស្នេហាគ្រាន់តែជាការលេងសើច កំដរអារម្មណ៍ ហើយយកទំនាក់ទំនងផ្លូវភេទជារឿងអាទិភាព។
  14. លើកតម្កើងនរណាម្នាក់​ដែល​មានប្រយោជន៍៖ មនុស្សប្រភេទនេះបើឃើញនរណាម្នាក់មានប្រយោជន៍ហើយ នឹងព្យាយាមទៅជិត និងលើកដម្កើងអ្នកនោះដោយរំពឹងថា នឹងទទួលបានប្រយោជន៍មកវិញ។ ប៉ុន្តែនឹងបោះបង់ចោលភ្លាមៗនៅពេលអ្នកនោះអស់ប្រយោជន៍ ឬផ្តល់អ្វីមិនដូចការរំពឹងទុករបស់ខ្លួន។
  15. ចូលចិត្តទាញ់ទម្លាក់អ្នកដទៃឲ្យបរាជ័យ៖ អ្នកមានចេតនាបង្កើតគំនិតអាក្រក់ដោយទាញទម្លាក់នរណាដែលខ្លាំងជាងអ្នក ឬជោគជ័យជាងអ្នកឲ្យបរាជ័យដើម្បីបើកឱកាសឲ្យអ្នកចាប់យកប្រយោជន៍នោះ។
  16. ទទួល​បានការ​ថ្នាក់ថ្នម និងកាន់ជើងហួសហេតុពីឪពុកម្តាយ៖ ឪពុកម្តាយរបស់អ្នកអាចស្រលាញ់អ្នកជ្រុល ហើយក៏គ្មាននរណាអាចប៉ះពាល់អ្នកបានដែរ។ នេះធ្វើឲ្យអ្នកក្លាយជាមនុស្សទម្រើស បានចិត្ត និងប្រកាន់អាកប្បកិរិយាវាយឬកដែលឈានទៅរកមនុស្សអាត្មានិយម។
  17. ចូលចិត្តរាប់អានមិត្តភក្តិ ឬអ្នកមានមុខមានមាត់ជាងខ្លួន៖  អ្នកចូលចិត្តរាប់អានមិត្តភក្តិ ឬនរណាម្នាក់ដែលមានមុខមាត់ខ្ពង់ខ្ពស់ជាងអ្នកដើម្បីឲ្យអ្នកផ្សេងទៀតមើលមកអ្នកថា អ្នកឡូយ ឬថ្លៃថ្នូរមានមុខមាត់ដូចមិត្តភក្តិ ឬអ្នកមានមុខមានមាត់ទាំងនោះដែរ។
  18. តែងតែរៀបឬកគ្រប់ពេលនៅក្នុងចំណោមមនុស្សម្នា៖ ដោយសារតែមនុស្សប្រភេទនេះចង់ទាក់ទាញចំណាប់អារម្មណ៍ និងការកោតសរសើរពីអ្នកដទៃ ទើបទៅណាមកណាក្នុងចំណោមមនុស្សម្នា ពួកគេតែងតែរៀបឬកប្រយ័ត្នប្រយែងជានិច្ចដើម្បីធ្វើយ៉ាងណាឲ្យគេមើលមកខ្លួនឯងថា ជាមនុស្សអស្ចារ្យជាងគេ៕

ប្រភព៖ Businessinsider  

 

 

X
5s