សញ្ញាណទាំង ៦ បង្ហាញថាអ្នកចាយលុយសល់ថ្ងៃ ដាច់ខែ ដាច់ខ្យល់
លុយមិនស្រួលរកប៉ុន្មាននោះទេ ដូចនេះកុំចេះតែចាយវាយផ្តេសផ្តាសតាមចិត្តឲ្យសោះ។ ការចាយវាយផ្តេសផ្តាសហួយកម្រិត ហួសមាឌ ជាហេតុនាំឲ្យមនុស្សជាច្រើនជួបតែទុក្ខវេទនាផ្នែកហិរញវត្ថុដដែលៗមិនចេះចប់។ ខាងក្រោមនេះជាសញ្ញាមួយចំនួនដែលបង្ហាញថា អ្នកកំពុងតែមានការចំណាយហួសកម្រិតដោយមិនដឹងខ្លួន៖
- មិនបានកំណត់ការចាយវាយ
ការបែងចែកចំនុចនេះមិនបានច្បាស់លាស់អាច បណ្តាលឲ្យអ្នកចាយលើសពីទំហំថវិការពិតជាក់ស្តែង។ បើមិនមានផែកការចាយវាយនោះទេ ច្បាស់ណាស់ថាអ្នកនឹងជួយបញ្ហាហិរញ្ញវត្ថុ ទឹកភ្នែកជូតក្បាលជង្គង់នាចុងខែមិនខាន។ ដូចនេះ អ្នកត្រូវចេះបែងចែកឲ្យច្បាស់លាស ថាត្រូវចំណាយលើអ្វីខ្លះដែលចំបាច់ និងកំណត់សាច់ប្រាក់ឲ្យបានច្បាស់លាស់។ - ការចំណាយលើសចំណូល
ការចាយលើសចំណូលជាសញ្ញា១ ដែលបង្ហាញអោយឃើញយ៉ាងច្បាស់ថា អ្នកកំពុងតែចាយ លើសពីលទ្ធភាពហើយ។ ការចាយលើសចំណូលធ្វើឲ្យអ្នកជួបវិបត្តហិរញ្ញវត្ថុ បើទោះបីអ្នកប្រាក់ខែឬចំណូលច្រើនប៉ុណ្ណាក៏ដោយ។ ការចំណាយលើសពីលទ្ធភាពដែលខ្លួនអាចរកបាន ច្បាស់ណាស់ថាចុងខែខ្ចីលុយគេដើម្បីចាយបង្គ្រប់ខែ។ ដូចនេះ អ្នកត្រូវប្រាកដថា កុំចំណាយលើសពីចំណូលឲ្យសោះ ប្រយ័ត្នចាយលុយសល់ខែ ដាច់ខែ ដាច់ខ្យល់។ - ជំពាក់បំណុល
បំណុលគឺជាផលដែលកើតឡើងពីការចាយលើសកម្រិត។ បើវាជាបំណុលដែលអ្នកខ្ចីបុលមក ដើម្បីបង្កើនចំណូលនោះវាមិនអីទេ តែបើវាបណ្តាលមកពីកង្វះខាតក្នុងការចាយវាយវិញនោះវា បង្ហាញថាអ្នកកំពុងតែចាយមិនគិតមាឌហើយ។ បើចុងខែចាប់ផ្ដើម ខ្ចីបុលគេហើយ នោះច្បាស់ណាស់ថាអ្នកនឹងពិបាកហើយ។ ដូចនេះ ជៀសវាងខ្ចីលុយគេមកចាយ ប្រយ័ត្នធ្វើការយកប្រាក់មកសងគេ។ - បង់រំលោះផ្ទះលើសពី ៣០%
ប្រសិនបើអ្នកទិញផ្ទះ និងបង់រំលោះផ្ទះនោះគឺមិនគួរឲ្យលើសពី ៣០%នៃប្រាក់ចំណូលរបស់អ្នកឡើយ។ ពុំនោះទេ វាអាចបណ្តាលឲ្យអ្នកជួបវិបត្តិហិរញវត្ថុនៅថ្ងៃក្រោយមិនខានឡើយ។ នេះមានន័យថារកប្រាក់មកសម្រាប់តែបង់រំលោះឲ្យគេ។ - ចំណាយតាមចំណង់
ការចាយវាយតាមចិត្តចង់គឺជាជំងឺមហារីក ដែលធ្វើឲ្យអ្នកចាយលើសកម្រិតដែរ។ បើអ្នកទិញរបស់ដែលមិន ចាំបាច់នៅថ្ងៃនេះ ថ្ងៃក្រោយអ្នកនឹងត្រូវលក់របស់ដែលចាំបាច់វិញ។ អ្នកត្រូវចាយមើលផងថាអ្វីដែលចាំបាច់ កុំឃើញថោក បញ្ចុះតម្លៃ ចេះតែទិញ។ - គ្មានលុយសន្សំ
គ្មានសល់លុយសន្សំ ពេលខ្លះមិនមែនមកពីគ្មានផែនការសន្សំទេ តែវាអាចបណ្តាល មកពីមិនបានធ្វើតាមផែនការសន្សំវិញ ដែលបណ្តាលមកពីការចាយវាយច្រើនជ្រុល។ ដូចនេះ អ្នកគួរចេះបែងចែកលុយកាក់ខ្លះសម្រាប់សន្សំ ប្រើប្រាស់នៅពេលចាំបាច់ណាមួយ៕
ដោយ៖ ជា ឧត្តម្ភ