ធ្វើតេស្ត​ឡើង​វិញ​ជាង​១ពាន់នាក់​នៅ​តែ​អវិជ្ជមាន CDCសង្ស័យ​តេស្ត​ស្ត្រី​អាមេរិកនៅ​ម៉ាឡេ​មានបញ្ហា​



ករណី​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ ជា​អ្នក​ដំណើរ​ក្នុង​នាវា​ទេសចរណ៍ Westerdam ដែល​ត្រូវ​បាន​អ្នក​ជំនាញ​ម៉ាឡេស៊ី​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី ត្រូវ​បាន​នាយកដ្ឋាន ប្រយុទ្ធប្រឆាំង ជំងឺ​ឆ្លង​កម្ពុជា CDC  សង្ស័យ​ថា​មាន​បញ្ហា ខណៈ​នាយកដ្ឋាន​បាន​ធ្វើតេស្ត​ឡើង​វិញ​លើ​ អ្នក​បំរើ​ការ និង​មនុស្ស​ជាង​ ១២០០នាក់​ លើ​នាវា Westerdam ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅ​តែ​មិន​ទាន់​រក​ឃើញ​ភាព​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ។

យោង​តាម​នាយកដ្ឋាន  ប្រយុទ្ធ​ប្រឆាំង ជំងឺ​ឆ្លង​កម្ពុជា CDC បាន​ឲ្យ​ដឹង​ថា ខណៈ​មនុស្ស​ប្រមាណ​ជាង​១២០០នាក់​លើ​នាវា Westerdam បាន​ធ្វើតេស្ត​ឡើង​វិញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ រហូត​មក​ដល់​ម៉ោង​ ៦ព្រឹក ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ នៅ​តែ​មិន​ទាន់​រក​ឃើញ​ភាព​វិជ្ជមាន​ពី​ជំងឺ​កូរ៉ូណា​នៅ​ឡើយ​ទេ។ ក្រៅ​ពី​នេះ នាយកដ្ឋាន​ ក៏​បាន​ធ្វើ​តេស្ត​លើ​ករណី​សង្ស័យ លើ​ជនជាតិ​ចិន ខ្មែរ​ និង​ជនជាតិ​បរទេស​ផ្សេង​ទៀត​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត ជា​ច្រើន​រយ​ករណី​ហើយ​នៅ​តែ​មិន​ទាន់​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូរ៉ូណា​។

ប្រភព​ខាង​លើ​បញ្ជាក់​ថា យោង​តាម​លទ្ធផល​សិក្សាស្រាវជ្រាវ​អេពីដេមីសាស្ត្រ​របស់​មន្ត្រី​ជំនាញ​កម្ពុជា យោង​តាម​វិធានការ​អនុវត្តន៍​ក្នុង​ការ​បង្ការ និង​ឆ្លើយ​តប​ជំងឺ​កូរ៉ូណា និង​យោង​តាម​លទ្ធផល​មន្ទីរពិសោធន៍​កន្លង​មក​នេះ បាន​បញ្ជាក់​ថា លទ្ធផល​មន្ទីពិសោធន៍​វិជ្ជមាន​លើ​ស្ត្រី​ជនជាតិ​អាមេរិក ដោយ​មន្ទីរពិសោធន៍​ម៉ាឡេស៊ី​មាន​ភាព​មិន​ប្រក្រតី ដែល​តម្រូវ​ឲ្យ​មាន​ការ​ធ្វើតេស្ត​ឡើង​វិញ​តាម​ស្តង់ដារ​អន្តរជាតិ Pasteur CAMBODIA, WHO ឬក៏  USCDC ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា  នាយកដ្ឋាន ប្រយុទ្ធប្រឆាំងជំងឺ​ឆ្លង​កម្ពុជា CDC បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ អ្នក​ជំនាញ  WHO USCDC Pasteur CAMBODIA ប្រកប​ដោយ​សមត្ថភាព និង​ភាព​ជឿជាក់ ក្នុង​ការ​បង្ការ និង​ឆ្លើយ​តប​ជំងឺ​កូរ៉ូណា​វីរុស និង​ធ្វើ​តេស្ត​ដោយ​មន្ទីរ​ពិសោធន៍​ស្តង់ដារ​អន្តរជាតិ https://www.who.int/…/19-02-2020-responding-to-the-coronavi… ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s