អ្នកចិត្តវិទ្យាបង្ហាញកំហុសទូទៅចំនួន ៥ ដែលធ្វើឲ្យទំនាក់ទំនងគូស្នេហ៍ឈានដល់ផ្លូវបំបែក​



តាមពិត វាគ្មានអ្វីជាអាថ៌កំបាំងនោះទេដើម្បីឲ្យទំនាក់ទំនងដៃគូជីវិតមួយអាចបោះជំហានទៅមុខយ៉ាងរលូនជានិច្ចនោះ។ ទន្ទឹមនឹងនេះ វាក៏មិនទាន់មានក្បួនដ៏ស័ក្តិសិទ្ធិឯណាអាចណែនាំអំពីយុទ្ធសាស្រ្ត ឬគ្រឿងផ្សំដែលចាំបាច់សម្រាប់ធ្វើឲ្យទំនាក់ទំនងគូស្នេហ៍មួយជោគជ័យ ពោរពេញទៅដោយភាពរីករាយ និងសុភមង្គលជាអមតៈរហូតដែរ។ 

សម្រាប់អត្ថបទនេះវិញ គ្រាន់តែលើកយកចំណុចរួមចំនួន ៥ ប៉ុណ្ណោះដែលអ្នកចិត្តវិទ្យាជាច្រើនបានលើកឡើងថា គឺជាមូលហេតុដែលធ្វើឲ្យទំនាក់ទំនងគូស្នេហ៍ប្រេះឆា។ សូមពិនិត្យមើលចំណុចនីមួយៗខាងក្រោមនេះ ហើយប្រសិនបើអ្នកសង្កេតឃើញថា ទំនាក់ទំនងរបស់អ្នកកំពុងជួបចំណុចណាមួយនោះ គួរតែកែប្រែឡើងវិញ។ 

  1. មិនរីករាយទៅនឹងអ្វីដែលខ្លួនមាន
    មានពេលខ្លះមានគូស្នេហ៍ក៏ដូចជាគូស្វាមីភរិយាជាច្រើនចូលចិត្តនិយាយថា "ជីវិតយើងនឹងសប្បាយជាងនេះបើយើងមានផ្ទះធំជាងនេះ មានលុយច្រើនជាងនេះ មានការងារកាន់តែល្អ ឬយើងនឹងមានពេលវេលាច្រើននៅជាមួយគ្នានៅពេលកូនៗរបស់យើងធំដឹងក្តី" ជាដើម ។ នេះជាឧទាហរណ៍មួយដែលបញ្ជាក់ថា អ្នកទាំងពីរមិនបានរីករាយរួមរស់រួមសុខទុក្ខនឹងគ្នាជាមួយអ្វីដែលខ្លួនកំពុងមាននៅពេលនេះឡើយ។ ផ្ទុយមកវិញ បើអ្នកទាំងពីរមិនផ្តោតខ្លាំងពេកទៅពេលអនាគត រីករាយនឹងបច្ចុប្បន្នភាពរបស់អ្នក ហើយមើលឃើញពីតម្លៃដៃគូកំពុងមាន នោះភាពផ្អែមល្ហែមនៅក្នុងទំនាក់ទំនងអាចល្អប្រសើរជាងនេះ។
  2. មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហារួមគ្នា
    នៅពេលអ្នកទាំងពីរខ្វែងគំនិតគ្នាមិនចុះសម្រុងនឹងគ្នាលើបញ្ហាអ្វីមួយ វាអាចធ្វើឲ្យអ្នកទាំងពីរជ្រើសរើសវិធីសាស្រ្តជំនះចង់យកឈ្នះរៀងៗខ្លួន ឬមិននិយាយរកគ្នាដើម្បីបញ្ចប់បញ្ហាទាំងនោះមិនឲ្យវាអាក្រក់ជាងនេះ។ ក៏ប៉ុន្តែនេះមិនមែនជាជម្រើសល្អឡើយនៅពេលអ្នកទាំងពីរបានទុកបញ្ហាចោលត្បិតអីវាអាចជំរុញឲ្យស្ថានភាពរបស់អ្នកទាំងពីរកាន់តែ យ៉ាបយ៉ឺនជាងនេះ។ វិធីល្អបំផុតមួយគឺ កុំទុកបញ្ហាចោល។ អ្នកទាំងពីរត្រូវនិយាយដោយត្រង់ទៅត្រង់មក លើកយកបញ្ហានោះមកជជែកវែកញែករួមគ្នា កុំលាក់ទុក ឬទុកឲ្យភាគីម្ខាងជាអ្នកទទួលបន្ទុករ៉ាប់រងដោះស្រាយតែម្នាក់ឯង។ 
  3. មិនឲ្យតម្លៃគ្នាទៅវិញទៅមក
    គូស្នេហ៍ថ្មីថ្មោងតែងផ្តើមឡើងដោយមនោសញ្ចេតនាជ្រាលជ្រៅផ្អែមល្ហែម។ ទន្ទឹមនឹងនេះអ្នកទាំងពីរហាក់បង្ហាញការយកចិត្តទុកដាក់ កាយវិកាល្អៗ និងការឲ្យតម្លៃគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែនៅពេលអ្នកទាំងពីរបានចំណាយពេលនៅជាមួយគ្នាកាន់តែយូរ អ្វីៗទាំងនេះហាក់រសាត់ឆ្ងាយបន្តិចម្តងៗ។ ប្រសិនបើស្ថានភាពនេះកាន់តែធ្ងន់ធ្ងរជាងនេះ ជីវិតគូរបស់អ្នកទាំងពីរអាចបញ្ចប់ទៅនៅថ្ងៃណាមួយឆាប់ៗជាមិនខាន។ បើយោងតាមការស្រាវជ្រាវរស់សាកលវិទ្យាល័យ California បានឲ្យដឹងថា ការឲ្យតម្លៃ និងបង្ហាញអារម្មណ៍អំណរគុណឲ្យគ្នាទៅវិញទៅមក នឹងអាចជួយឲ្យទំនាក់ទំនងរបស់គូស្នេហ៍ល្អប្រសើរឡើងវិញ និងធ្វើឲ្យអ្នកទាំងពីរមានកម្លាំងចិត្តចូលរួមដោះស្រាយបញ្ហានានានៅក្នុងជីវិតដូចជា បញ្ហាហិរញ្ញវត្ថុ សុខភាព និងការងារកាន់តែជោគជ័យ។
  4. ជាប់គាំងក្នុងខ្សែជីវិតដដែលៗ
    ការមើលថែកូនៗ ការរកលុយ ការរកស៊ី និងធ្វើកិច្ចការផ្សេងៗរាល់ថ្ងៃគឺជាសកម្មភាពដដែលៗដែលអាចធ្វើឲ្យអ្នកទាំងពីរគ្មានពេលគ្រប់គ្រាន់ដើម្បីបង្កើតភាពផ្អែមល្ហែមជាមួយគ្នានោះទេ។ ជីវិតដែលពោរពេញទៅដោយកិច្ចការដ៏រវល់របស់អ្នកទាំងពីរដដែលៗបែបនេះ ធ្វើឲ្យអ្នកទាំងពីរមិនសូវនៅជាមួយគ្នាបានច្រើន ហើយមិនយូរទេ វានឹងនាំទៅរកជីវិតដ៏គួរឲ្យធុញទ្រាំមួយ។ បើយោងតាមការស្រាវជ្រាវចេញផ្សាយដោយក្រុមហ៊ុន Sagepub ឆ្នាំ ១០០៣ រកឃើញថា ការបង្កើតបរិយាកាសសប្បាយៗ និងធ្វើកិច្ចការថ្មីៗរួមគ្នា នឹងជំរុញឲ្យជីវិតគូស្នេហ៍កាន់តែរស់រវើក និងផ្អែមល្ហែមជានិច្ច។ 
  5. ការមិនព្រមស្តាប់ហេតុផលរបស់ដៃគូ
    គូស្នេហ៍ដែលខ្សោយការស្តាប់ អាចមានច្រើនទម្រង់។ គូស្នេហ៍ខ្លះសម្លឹងមើលស្មាតហ្វូនរបស់ខ្លួនមិនដាក់ភ្នែក ដោយមិនបានស្តាប់ឮថា ដៃគូរបស់ខ្លួនកំពុងនិយាយពីអ្វី។  គូស្នេហ៍ខ្លះទៀត ព្យាយាមប្រតិកម្មប្រឆាំងទៅនឹងគំនិតដៃគូរបស់ខ្លួនដោយមិនបានបើកចិត្តឲ្យទូលាយព្យាយាមស្វែងយល់ពីទស្សនៈរបស់ដៃគូ។ មិនចំពោះថា ចំណុចខ្សោយនៃការស្តាប់របស់អ្នកទាំងពីរស្ថិតនៅក្នុងទម្រង់បែបណានោះទេ ការមិនព្រមស្តាប់ហេតុផលរបស់ដៃគូគឺជាបញ្ហាដ៏គ្រោះថ្នាក់មួយនៅក្នុងទំនាក់ទំនង។ យ៉ាងណាក៏ដោយ ទំនាក់ទំនងជីវិតរបស់អ្នកនឹងរលូនទៅមុខនៅ ពេលអ្នកបើកបេះដូងខ្លួនឯងឲ្យទូលាយ ស្វែងយល់ស្តាប់ហេតុផលដៃគូ មិនមែនគិតតែពីយកឈ្នះ និងគិតតែពីអារម្មណ៍ខ្លួនឯងនោះឡើយ៕

ប្រភព៖ Businessinsider 

 

X
5s