គួរឲ្យសោកស្ដាយ! ប្រធានមន្ទីពេទ្យម្នាក់ក្នុងទីក្រុងវ៉ូហាន បានស្លាប់ដោយសារវីរុសកូរ៉ូណា​



លោក Liu Zhiming ប្រធានមន្ទីពេទ្យ Wuchang  ក្នុងទីក្រុងវ៉ូហានបានទទួលមរណៈភាពដោយសារតែវីរុសកូរ៉ូណា នាព្រឹកថ្ងៃអង្គារនេះ នេះបើយោងតាមគណៈកម្មាធិការសុខភាពទីក្រុងវ៉ូហាន (Wuhan’s Health Commission) ដែលចុះផ្សាយដោយ CNN។

លោក Liu Zhiming គឺជាវេជ្ជបណ្ឌិតផ្នែកវះកាត់ខួរក្បាល និងជាប្រធានមន្ទីពេទ្យដំបូងគេដែលស្លាប់ដោយសារជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណាដែលបានផ្ទុះក្នុងទីក្រុងវូហានប្រទេសចិនចាប់ពីចុងឆ្នាំ២០១៩មក។ 

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមដែលបង្កដោយរវីរុសកូរ៉ូណាបានកើនឡើង 98 ករណីបន្ថែម ធ្វើឲ្យចំនួនអ្នកស្លាប់សរុបមាន 1 863 ករណីក្នុងប្រទេសចិន។ ចំណែកអ្នកផ្ទុកវីរុសនេះបានកើនឡើង 1 886 ករណីថ្មី ដែលធ្វើឲ្យចំនួនសរុបក្នុងប្រទេសចិនកើនឡើងដល់ 72 355 ករណី។ នេះបើគិតត្រឹមព្រឹកថ្ងៃអង្គារនេះ។

ចំណែក ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបទូទាំងពិភពលោកមាន 73 348 ករណី អ្នកស្លាប់មាន 1 868 ករណី និងមាន 10 615 ករណី បានជាសះស្បើយ៕

ដោយ៖ លង់ វណ្ណៈ

 

 

X
5s