Apple ជួបបញ្ហាខ្វះផលិតផលលក់ ដោយសារការផ្ទុះវីរុសកូរ៉ូណាក្នុងប្រទេសចិន​



ក្រុមហ៊ុន Apple ប្រកាសថាខ្លួនមិនអាចសម្រេចគោលដៅប្រាក់ចំណូលប្រចាំត្រីមាសបាន បន្ទាប់ពីមានការផ្ទុះវីរុសកូរូណាធ្វើឲ្យមានការកាត់ផ្ដាច់សង្វាក់ផលិតកម្ម និងការធ្លាក់ចុះតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសចិន។ នេះបើយោងតាមកាសែត independent.co.uk។

ក្រុមហ៊ុនយក្សដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វញ៉ា បានប្រកាសថារោងចក្ររបស់ខ្លួនក្នុងប្រទេសចិនទើបនឹងបើកដំណើរវិញ ប៉ុន្តែនៅមានភាពយឺតយ៉ាវនៅឡើយ។ ក្រុមអាមេរិកនេះបានប្រកាសកាលពីចុងខែមករាថាខ្លួនរំពឹងថាប្រាក់ចំណូលត្រីមានទី២របស់ខ្លួនចន្លោះពី ៦៣ ទៅ ៦៧ពាន់លានដុល្លារ។

ក្នុងសេចក្ដីប្រកាស ក្រុមហ៊ុន Apple បានសរសេរថា៖ «សង្វាក់ផលិតកម្មកំពុងចាប់ផ្ដើមឡើងវិញ ប៉ុន្តែមានភាពយឺតយ៉ាវជាងអ្វីដែលយើងបានរំពឹងទុក។ ជាលទ្ធផល យើងនឹងមិនអាចសម្រេចគោលដៅប្រាក់ចំណូលក្នុងត្រីមាសខែមីនាបានឡើយ។»

«ការផ្គត់ផ្គង់ផលិតផល iPhone ទូទាំងពិភពលោកនឹងមានបញ្ហាជាប់គាំង ហើយក្រុមហ៊ុននឹងមានកង្វះការផ្គត់ផ្គង់នឹងប៉ះពាល់ទៅដល់ប្រាក់ចំណូលទូទាំងពិភពលោក។» 

ក្រុមហ៊ុនបានបញ្ជាក់ទៀតផងដែរថា បញ្ហាគឺដោយសារការធ្លាក់ចុះតម្រូវការទីផ្សារក្នុងប្រទេសចិន ហើយត្រីមាសទី២របស់ក្រុមហ៊ុនមួយនេះនឹងបញ្ចប់នៅថ្ងៃទី៣០ខែមីនាខាងមុខនេះ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s