សម្ដេច ហ៊ុន សែន៖ ស្ត្រីអាមេរិកដែលរកឃើញមេរោគនៅម៉ាឡេស៊ី ជារឿងប្រាកដឬនៅ?
អ្នកដំណើរទាំងអស់នៅលើនាវាទេសចរណ៍ Westerdam ដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាប្រកាសថាមិនមានអ្នកផ្ទុកជំងឺកូរ៉ូណាប្រភេទថ្មីនោះទេ។ ដោយឡែកនៅពេលទៅដល់ប្រទេសម៉ាឡេស៊ី ស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំម្នាក់ ដែលជាអ្នកដំណើររបស់នាវា Westerdam ត្រូវបាន ម៉ាឡេស៊ីប្រកាសថា មានផ្ទុកមេរោគកូរ៉ូណា ដោយធ្វើតេស្តសាកល្បងចំនួនពីរលើក។
ជុំវិញបញ្ហានេះដែរ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំណួរ ចំពោះការរកឃើញស្ត្រីជនជាតិអាមេរិក ផ្ទុកមេរោគកូរ៉ូណានៅម៉ាឡេស៊ីថា «ជារឿងប្រាកដឬនៅ? ខណៈភ្ញៀវទេសចរ និងស្វាមីរបស់ស្ត្រីនោះ មិនមានកើតមេរោគនេះឡើយ»។ ការចោទសួរនេះធ្វើឡើងនៅក្នុង ការអញ្ជើញប្រគល់សញ្ញាប័ត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥ នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនៅក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា កម្ពុជាមានទំនួលខុសត្រូវខ្ពស់លើអ្នកទេសចរនៅលើនាវា Westerdam ពោលគឺអ្នកទេសចរទាំងនេះ បានពិនិត្យសុខភាពយ៉ាងល្អិតល្អន់។ សម្ដេចបន្តថា សម្ដេចចង់ឃើញមានការធ្វើការងាររវាងអង្គការសុខភាពពិភពលោក ម្ចាស់នាវា រួមនិងក្រសួងសុខាភិបាល សហការជាមួយប្រទេសម៉ាឡេស៊ី ធ្វើការលើរឿងករណីស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំនេះ។
សម្ដេច ហ៊ុន សែន បានគូរបញ្ជាក់ថា វិបត្តិក្នុងតំបន់បាននិងកំពុងកើតមានដោយសារការខ្លាចជ្រុលចំពោះជំងឺបង្កដោយវីរុសកូរ៉ូណា (COVID19)។ ភ្ញៀវទេសចរបានធ្លាក់ចុះយ៉ាងខ្លាំងទាំងកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត។ ប្រទេសកម្ពុជា ក៏ជួបបញ្ហាសេដ្ឋកិច្ចដោយសារជំងឺនេះផងដែរ រោងចក្រមួយចំនួននៅកម្ពុជាអាចបិទ តែមិនមែនបិទដោយសារ EBA គឺបិទដោយសារមិនមានវត្ថុធាតុដើមនាំពីប្រទេសចិន សម្រាប់ផលិត។
គួរបញ្ជាក់ផងដែរថា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាចមានយន្តហោះ៣គ្រឿង ដឹកអ្នកដំណើរពីនាវា Westerdam ចេញពីកម្ពុជាទៅប្រទេសផ្សេងៗ។ ក្នុងនោះយន្តហោះ ៧៧៧មួយគ្រឿង ដឹកជាង៣០០នាក់ ពីភ្នំពេញ ចេញទៅឌូបៃ និងមួយគ្រឿងទៀតចេញពី ភ្នំពេញ ទៅជប៉ុន ហើយអាចមានមួយគ្រឿងទៀត ចេញពីព្រះសីហនុទៅកាន់ប្រទេសណាមួយក្នុងតំបន់៕
ដោយ៖ ជួប ស្រីរ័ត្ន